Ad Code

និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ផ្នែក​ទន្តសាស្ត្រ​ អាច​ព្យាបាល​អ្នកជំងឺ​ធ្មេញ​រន្ធ​ ឬ​ស ​ដោយ​ប្រើ​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប​



ភ្នំពេញ ៖ និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ផ្នែក​ទន្តសាស្ត្រ អាច​ព្យាបាល​អ្នកជំងឺ​ធ្មេញ​រន្ធ​ឬ​ស​ដោយ​ប្រើ​ម៉ាស៊ីន​បច្ចេកវិទ្យា​ទំនើប​ដែល​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ទើបបាន​ដំឡើង​ម៉ាស៊ីន​Microscope សម្រាប់​ព្យាបាល​ធ្មេញ​រន្ធ​ឬ​ស​ធ្មេញ​នៅក្នុង​គ្លីនិក​ទន្តសាស្ត្រ​របស់ខ្លួន​ស្ថិតនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​១៨០​ខណ្ឌដូនពេញ។

នេះ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក អ៊ា​ន ហ្វី​ន​លេ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​កាលពី​ម្សិលមិញ​នេះ​ នៅក្នុង​ពិធី​បង្ហាញ​ពី​របៀប​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​ដល់​ទន្ត​បណ្ឌិត​ឯកទេស​និង​និស្សិត​នៅក្នុង​សាកលវិទ្យាល័យ។

សាកលវិទ្យាធិការ​រូបនោះ​បាន​ឲ្យ​ដឹង​បន្ថែមថា ម៉ាស៊ីន​Microscope នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកឯកទេស​ព្យាបាល​រន្ធ​ឬ​ស​ធ្មេញ​ជាច្រើន​ដើម្បី​ឆ្លុះ​រកមើល​រន្ធ​ឬ​ស​ធ្មេញ​តូចៗ​នៅក្នុង​ការព្យាបាល​ធ្មេញ បិទ​ប៉ះ ធ្មេញ​និង​ការងារ​វះកាត់​ពិបាកៗ​ដែល​តម្រូវ​ឲ្យ​មាន​ភ្លើង​បំភ្លឺ​និង​ពង្រីក​បាន​ច្បាស់​ល្អ​។​ការប្រើប្រាស់​ម៉ាស៊ីន​Microscope នាំ​ឲ្យ​យើង​អាចធ្វើ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព តួយ៉ាង​ក្នុងការ​ព្យាបាល​រន្ធ​ឬ​ស​ធ្មេញ​វា​អាចជួយ​ឲ្យ​យើង​អាច​មើលឃើញ​ទម្រង់​រូបរាង​របស់​ធ្មេញ កន្លែង​ដែល​ស្ទះ​ក្នុង​រន្ធ​ឬ​ស​ធ្មេញ និង​អាចដាក់​ឧបករណ៍​ព្យាបាល​បាន​ស្រួល​ក្រោម​ពន្លឺ​និង​ការពង្រីក​រហូតដល់​ទៅ​២៥​ដង។

គ្លីនិក​ទន្តសាស្ត្រ ពុទ្ធិ​សាស្ត្រ​បានជ្រើសរើស​អ្នកឯកទេស​ព្យាបាល​រន្ធ​ឬ​ស​ធ្មេញ ដែល​មានតែ​៤​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា ឲ្យ​មក​បម្រើការ​នៅ​គ្លីនិក​របស់ខ្លួន​។ ​ពួកគាត់​៤​នាក់​កំពុង​សិក្សា​បំប៉នបន្ថែម​ពី​របៀប​ប្រើប្រាស់​ម៉ាស៊ីន​Microscope ដែល​បង្ហាត់បង្ហាញ​ដោយ​ទន្ត​បណ្ឌិត​ឯកទេស Steven Cohn អញ្ជើញ​មកពី​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។ ម៉ា​ស៊ី​នេះ​បំពាក់​ដោយ​កាមេរ៉ា​ដែល​អាច​ថតរូប​ភាព​និង​Video​សកម្មភាព​ក្នុងពេល​ព្យាបាល​សំរាប់​ទុកជា​ឯកសារ​ក្នុងការ​បង្រៀន​និង​ការប្រើប្រាស់​ផ្សេងៗ។ Video​សកម្មភាព​នេះ​ក៏​អាច​បង្ហាញ​លើ​កញ្ចក់​Computer ដែល​អាច​ឲ្យ​អ្នកជំងឺ​មើល​ឃើញ​ពី​សកម្មភាព​ព្យាបាល​បាន​ថែមទៀត។

លោក សាកលវិទ្យាធិការ​មានប្រសាសន៍​បន្ថែមថា ម៉ាស៊ីន Microscope នេះ​ជា​ជំនួយ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខា​វេជ្ជសាស្ត្រ​ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក​ដែលមាន​ឈ្មោះថា zumax medical Co.,Ltd​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅក្នុង​ប្រទេស​ចិន។ ការផ្តល់​ជំនួយ​ម៉ាស៊ីន​Microscope​នេះ​គឺជា​ការបោះ​ជំហាន​ទៅមុខ​ដ៏​អស្ចារ្យ​របស់​គ្លីនិក​ទន្តសាស្ត្រ ពុទ្ធិ​សាស្ត្រ ដែល​ផ្តល់​ឱកាស​ដល់​និស្សិត​អន្តេវាសិក និង​ទន្ត​បណ្ឌិត​អាច​ព្យាបាល​អ្នកជំងឺ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដ៏​ទំនើប​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu