Ad Code

កម្ពុជា សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ នៅក្នុង​វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​?



ភ្នំពេញ​ ៖ សមិទ្ធផល​សំខាន់ៗ​ចំនួន ៥ ដែល​កម្ពុជា​សម្រេចបាន​នាពេល​កន្លង ត្រូវបាន​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​ប្រាប់​ទៅកាន់​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ខណៈដែល​លោក បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចូលរួម​សន្និសីទ​ពេញអង្គ​លើក​ទី​២០ របស់ ITU កាលពី​ថ្ងៃទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​ម៉ា​រ៉ា​ត​អារ៉ាប់​រួម ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​



លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា បាន​ប្រាប់​ទៅ ITU នូវ​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេច​បាន​នាពេល​កន្លងមក​មានដូចជា​៖
​ទី​១៖ ការពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង ទូរគមនាគមន៍​លើគោក និង​ក្រោម​បាតសមុទ្រ តាមរយៈ​ការកសាង​ជំនឿ​ទុក ចិត្ត​និង​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ក្រោម​ក្របខណ្ឌ​ច្បាប់​ទូរគមនាគមន៍​ឆ្នាំ ២០១៥ និង​គោលនយោបាយ​អភិវឌ្ឍ វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ឆ្នាំ ២០២០ និង​ការពង្រីក​សេវា​ទូរគមនាគមន៍ នៅតាម​ទីជនបទ​និង​តំបន់​ដាច់ស្រយាល តាមរយៈ​អនុក្រឹត្យ​ស្តីពី មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ឆ្នាំ​២០១៧
​ទី​២៖ ការជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ហត្ថលេខា​ឌី​ជី​ល​, នវានុវត្តន៍ និង​Tech Start Up ព្រមទាំង​ការជំរុញ MSMEs Go Digital តាមរយៈ​ការបង្កើត​នូវ Eco System រួម​សម្រាប់​ជំរុញ​ការបណ្តុះ​គំនិត​របស់​យុវជន ក្រោម​ក្របខណ្ឌ​នៃ​អនុក្រឹត្យ ស្តីពី​មូលនិធិ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ឆ្នាំ​២០១៧, អនុក្រឹត្យ​ស្តីពី​ការចុះបញ្ជី​ឧស្សាហកម្ម បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឆ្នាំ​២០១៧ និង​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល​ឆ្នាំ​២០១៧
​ទី​៣៖ ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ទៅក្នុង​តំបន់​អាស៊ាន​, អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក និង​ពិភពលោក ក្នុងការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ជាពិសេស​ផ្នែក​សន្តិសុខ​ព័ត៌មាន​
​ទី​៤៖ ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជា សម្រាប់​ការចូលរួម​សន្និសីទ​ពិភពលោក ស្តីពី​វិទ្យុគមនាគមន៍​នៅ​ឆ្នាំ​២០១៩
​ទី​៥៖ ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​យុវជន និង​ស្ត្រី ព្រមទាំង​សហគ្រិនភាព ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុងការ​ឈានទៅ​កម្រិតស្តង់ដារ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​



លោក​បណ្ឌិត បានបញ្ជាក់​បន្ថែមទៀត​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​បន្ត​ចាប់យក និង​អនុវត្ត​ផែនការ​សកម្មភាព​ទាំង​៥​ខាងលើនេះ ដើម្បី​ត្រៀមខ្លួន​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល (Digital Economic) និង​ឧស្សាហកម្ម ៤.0 (Industry 4.0) ក្នុងអំឡុងពេល​៥​ឆ្នាំ​ខាងមុខនេះ​។ ចំណុច​អាទិភាព​ខាងលើនេះ គឺ​បាន​ឆ្លើយតប​យ៉ាង​ជាក់លាក់ និង​មាន​សង្គតភាព​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​របស់ ITU ក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខ​។​

គួរ​រម្លឹក​ផងដែរ​ថា សន្និសីទ​ពេញអង្គ​លើក​ទី​២០ របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​ម៉ា​រ៉ា​ត​អារ៉ាប់​រួម មានការ​ចូលរួម​ពី​សំណាក់​ប្រទេស​ជា​សមាជិក​នៃ ITU ទូទាំង​ពិភពលោក​ចំនួន ១៩៣ ប្រទេស និង​មាន​អ្នកចូលរួម​ប្រមាណ ២៥០០ នាក់​។ សន្និសីទ​ពេញអង្គ​នេះ ត្រូវបាន​រៀបចំ​ជា​រៀងរាល់​៤​ឆ្នាំ​ម្តង ដោយ​តម្រូវ​ឲ្យ​មានការ​បោះឆ្នោត ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សា​របស់ ITU សម្រាប់​អាណត្តិ​ថ្មី ២០១៩-២០២២​។ សម័យប្រជុំ​ពេញអង្គ​នេះ​ក៏បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីសម្រេច​នានា ពាក់ព័ន្ធ​នឹង​ការកំណត់​នូវ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ហិរញ្ញវត្ថុ​របស់ ITU ព្រមទាំង​សេចក្តីសម្រេច​នានា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន សម្រាប់​ឆ្នាំ​២០១៩-២០២២ ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu