Ad Code

អាជីវករ​ផ្សារ​ដើមគ​ នៅតែ​រំលោភបំពាន​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​លក់​បន្លែ ផ្លែឈើ​ដដែល



ភ្នំពេញ ៖​ ​សាលា​រាជធានី​ភ្នំពេញ​ជារឿយៗ​តែង​ជំ​រុញ​អោយ​អាជ្ញាធរ តាម​បណ្តា​ខណ្ឌ​ទាំង ១២ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ការងារ​អោយបាន​ម៉ឺងម៉ាត់​បំផុត ដូចជា ត្រូវ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ដោយ​ពិនិត្យមើល​ទាំង ការដាក់​តាំង​ទំនិញ ប្រកបមុខរបរ អាជីវកម្ម គ្រប់​ប្រភេទ រំលោភ​នៅលើ​ផ្លូវ​សាធារណៈ។

បញ្ហា​នេះ នៅតែ​សង្កេត​ឃើញ​ថា ផ្លូវ​សាធារណៈ​មួយ ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ កំពុង​រំលោភ​យក​ធ្វើជា​កន្លែង​ដាក់តាំង​ទំនិញ​លក់ ឬ ប្រកប​របរ​ផ្សេងៗ ក៏​ដូចជា រំលោភ​យក​ធ្វើជា​កន្លែង​ចត​យានយន្ត​យ៉ាង​រំភើយ ដែលនាំអោយ​បាត់បង់​សណ្ដាប់ធ្នាប់ របៀបរាបរយ សាធារណៈ។

ជាក់ស្តែង​បើ​យើង​ក្រឡេក​ទៅ​មើល​នៅលើ​មហាវិថី ព្រះ​មុន្នី​រ៉េត ដែលមាន​ព្រំប្រទល់​រវាង​ខណ្ឌទួលគោក និង​ខណ្ឌចំការមន បច្ចុប្បន្ននេះ​កំពុង​ត្រូវបាន ក្រុមអាជីវករ​ផ្សារ​ដើម​គ រំលោភ​យក​ចំណីផ្លូវ​សាធារណៈ ធ្វើជា​កន្លែង​ដាក់លក់​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ រាប់សិប​ឆ្នាំ​មកហើយ ដែល​ធ្វើ​ឲ្យ​ត្រង់ចំណុច​នេះ បាត់បង់​របៀបរាបរយ សណ្ដាប់ធ្នាប់ សាធារណ បង្ក​ការកកស្ទះ​ចរាចរណ៍​ស្ទើរ​ជា​រៀងរាល់ថ្ងៃ។

នៅត្រង់ចំណុច​នេះ ក៏​ត្រូវបាន​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជា​ញឹកញាប់​ផងដែរ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ដោយសារ​ក្រុមអាជីវករ​ទាំងអស់នោះ នៅតែ​បន្ត​ដាក់តាំង​បន្លែ ផ្លែឈើ លក់​យ៉ាង​រំភើ ។

សម្រាប់​ព័ត៌មាន​នេះ​ក៏​ធ្លាប់​បានធ្វើការ​ផ្សព្វផ្សាយ ជាច្រើនលើក​ច្រើនសា​​រួចទៅហើយ​ផងដែរ ដើម្បី​សុំអោយ​អាជ្ញាធរ​ខណ្ឌ​ទាំង ២ គឺ​ខណ្ឌទួលគោក និង​ខណ្ឌចំការមន បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ អោយបាន​ល្អប្រសើរ​ឡើង​វិញ ផ្ទុយទៅវិញ នៅលើ​កំណាត់​មហាវិថី ព្រះ​មុន្នី​រ៉េត ដែលមាន​ព្រំប្រទល់​រវាង​ខណ្ឌទួលគោក និង​ខណ្ឌចំការមន នៅតែមាន​បញ្ហា​ដដែល​ជា​ដដែល បើទោះបី​អាជ្ញាធរ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជា​ញឹកញាប់ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា បច្ចុប្បន្ននេះ​មហាវិថី ព្រះ​មុន្នី​រ៉េត ត្រង់ចំណុច​ម្តុំ ផ្សារ ដើម​គ កំពុងតែ​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ​យ៉ាងខ្លាំង ដោយសារតែ​ក្រុម​អាជីវករ​រំលោភ​យក​ផ្លូវ​នេះ​ធ្វើជា​កន្លែង​ដាក់លក់​បន្លែ ផ្លែ ឈើ​គ្រប់​ប្រភេទ ជាហេតុ​ធ្វើ​ឲ្យ​ផ្លូវ​មាន​សភាព​តូចចង្អៀត ពិបាក​ដល់​ការធ្វើដំណើរ​​​មិន​ថា ពេលយប់ ឬ ពេល​ថ្ងៃ​នោះទេ គឺ​ការកកស្ទះ​ចរាចរណ៍​នៅត្រង់ចំណុច​នេះ តែងតែ​កើត​ឡើងជា​ញឹកញាប់។

ដោយ​ភាព​អនាធិបតេយ្យ​ទាំង នេះហើយ អ្នកដំណើរ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ សូម​សំណូមពរ​យ៉ាងទទូច​ទៅដល់​អាជ្ញាធរ​ខណ្ឌទួលគោក ក៏​ដូចជា អាជ្ញាធរ​ខណ្ឌចំការមន មេត្តា​បន្ត​ចុះ​ពិនិត្យមើល កុំ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមអាជីវករ​ទាំងនេះ​ទន្ទ្រាន​យក​ចំណីផ្លូវ​សាធារណ​ធ្វើជា​កន្លែង​លក់​បន្លែ ផ្លែឈើ​បន្តទៅទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu