អ្នកប្រដាល់ កែវ រំចង់ ក្លិបដំបងគ្រញូងមានរិទ្ធខេត្តបាត់ដំបង បានផ្តួលអ្នកប្រដាល់ថៃ Petchmany Dabrunsarakarm ក្នុងទឹកទី២ ក្នុងការជួបប្រកួតលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យទី១៧ ខែមិថុនា ឆ្នាំ២០១៨។
កែវ រំចង់ ជើងខ្លាំងរបស់កម្ពុជា បានប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្តួលអ្នកប្រដាល់ថៃ Petchmany អោយបោះបង់ចោលការប្រកួត ដោយបានទាត់ជើងឆ្វេងរបស់ Petchmany ឲ្យខូចសន្លាក់ជង្គង់ មិនអាចបន្តការប្រកួតទៀតបាន។
Petchmany ដែលមានកម្ពស់ដល់ទៅ១,៨០ម៉ែត្រ ខ្ពស់ជាងរំចង់១តឹក តែមិនហ៊ានប្រថុយចូលវាយកែវ រំចង់ផ្តេសផ្តាសនោះទេ ព្រោះគេញញើតរំចង់ដែរ។ ឯ កែវរំចង់ ក្នុងទឹកដំបូង ក៏ពុំហ៊ានចូលជិតអ្នកប្រដាល់ថៃនេះដែរ។
នៅទឹកទី២ កែវ រំចង់ បើកការវាយប្រហារជើងក្រោម Petchmany ដោយបានទាត់ជើងឆ្វេងរបស់ Petchmany ឲ្យខូចសន្លាក់ជង្គង់ ដួលដេកលើរេញ និងបានបោះបង់ចោលការប្រកួត ដោយសារតែពុំអាចងើបឈរប្រកួតបន្តទៀតបាន។
អ្នកប្រដាល់ថៃរូបនេះ កាលពីមកប្រកួតនៅស្រុកខ្មែរកន្លងមកនោះ បានបំបាក់អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ អោយសន្លប់ក្នុងទឹកទី២ តែមកលើកនេះត្រូវបាក់អំនួតដោយសារសន្ទុះជើងទាត់របស់កែវ រំចង់វិញ ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួត៨២លើក ខណះដែលកែវរំចង់ មានកំនត់ត្រាប្រកួតចំនួន១៥៤លើក។
ចំណែក អ្នកប្រដាល់ស្រករក្រោយកម្ពុជា ជ័រ ពៅ ក្លិបថ្មគោលពោធិសែនជ័យ គេបានវាយចាញ់អ្នកប្រដាល់ថៃ Linglom Por.Yuthaphumi ដែលជាជើងខ្លាំងនិងជាជើងចាស់នៅស្រុកថៃ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញ៥ទឹកពេញនោះ។
ជ័រ ពៅ ចាញ់ថៃត្រង់កម្ពស់ទាបជាងប៉ុណ្ណោះ ព្រោះ Linglom មានកម្ពស់ដល់ទៅ១,៨០ម៉ែត្រឯណោះ ខណះដែលខ្លួនគេ(ជ័រ ពៅ)មានកម្ពស់តែជិត១,៧០ម៉ែត្រនោះ ដែលធ្វើអោយពិបាកចូលវាយ។ តែយ៉ាងណា ជ័រ ពៅ អាចទប់ជាមួយអ្នកប្រដាល់ថៃរូបនេះ បានប្រាំទឹកពេញដែរ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ សំណាង សម្បត្តិ អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ បានប្រកួតចាញ់លន់ សៀកឡេង អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក្នុងទឹកទី២ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧ គីឡូក្រាម៕
ដោយឡែក ស៊ូ វណ្ណៈ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ បានប្រកួតចាញ់ហួន សុខនីម អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធតាដំបងដែក ដោយពិន្ទុ ក្នុងការជួបគ្នាកាលពីល្ងាចថ្ងៃទី១៦មិថុនា លើសង្វៀនបាយ័នស្ទឹងមានជ័យដដែលនេះ។
រីឯ ឯម សុធី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានវាយស្មើពិន្ទុជាមួយ ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ហើយអ្នកប្រដាល់ជី ឆាយលី ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម បានផ្តួលម៉ន វណ្ណី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកក្នុងទឹកទី៣។ចំណែក សំខាន់ ប៉ាវចិន ក្លិបរ៉ាហាប់ស្វាយប៉ាក បានផ្តួលកែវ រំជោត ក្លិបដំបូងក្រញូងកីឡាខេត្តបាត់ដំបងអោយសន្លប់ក្នុងទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments