ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវហើយ ឈានទៅក្រសោបបាន ជនជាតិចិនចំនួន១៤នាក់ និងរំដោះជនរងគ្រោះម្នាក់បានជោគជ័យ ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនគ្នាឯងទារចំនួន៨០ម៉ឺនដុល្លារ តែប្រពន្ធជនរងគ្រោះគ្មានប្រាក់ក៏ប្តឹងសមត្ថកិច្ច។
ប្រតិបត្តិការ បង្ក្រាបក្រុមចាប់ជំរិត ជនជាតិចិននេះធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២៣ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្សារហ័រលាន ដែលមានទីតាំង នៅតាមវិថីអង្គរខាងជើង អតីតរង្វង់មូលខាំកូធីស៊ី ប្រមាណ១០០ម៉ែត្រ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ហើយបានបញ្ចប់នៅវេលាម៉ោង៤និង៣៥នាទីរសៀល។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ ដែលជាជនជាតិចិន បានដោយសុវត្ថិភាពព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយដើម ខ្នោះ ដំបងឆក់ និង កុំព្យូទ័រ ជាច្រើនគ្រឿង ព្រមទាំងទូដែកមួយផងដែរ។
ប្រតិបត្តិការនេះដឹកនាំ និងបញ្ជាផ្ទាល់ ដោយលោកឧត្ដមសេនីយ៍ទោ កើត ប៊ុន ណា អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល ពី លោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមសហការពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌ ចំការមន និងនគរបាលខណ្ឌឫស្សីកែវ និងអាជ្ញាធរមូលដ្ឋានផងដែរ។
តាមប្រភពព័ត៌មានបានឲ្យកម្ពុជាថ្មីដឹងថា ជនសង្ស័យសុទ្ធតែជនជាតិចិនទាំងអស់ ហើយជនរងគ្រោះ ក៏ជាជនជាតិចិនដែរ ហើយសកម្មភាពចាប់ជំរិតនេះធ្វើឡើង កាលពីវេលាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុង ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជនរងគ្រោះ ធ្វើដំណើរពីផ្ទះនៅក្នុងសង្កាត់ទន្លេបាសាក់ ទៅជួបក្រុមជនសង្ស័យ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ ក៏បាននាំជនរងគ្រោះយកទៅឃុំឃាំងក្នុងផ្សារហ័រលាន រួចក៏បានទូរស័ព្ទទៅស្ត្រីជាប្រពន្ធទារប្រាក់ប្រាក់ចំនួន៨០ម៉ឺនដុល្លារ ហើយត្រូវក្រុមគ្រួសារអត់មានលុយក៏ទៅប្តឹងសមត្ថកិច្ចបើកការស្រាវជ្រាវ និងឲ្យប្រពន្ធជនរងគ្រោះយកប្រាក់ចំនួន៣ពាន់ដុល្លារ ឲ្យជនសង្ស័យ ហើយត្រូវបានកម្លាំងសមត្ថកិច្ចសម្រុកចូលក្រសោបបានទាំងសំបុកតែម្ដង។
ក្រោយការឃាត់ជនសង្ស័យទាំងនោះ សមត្ថកិច្ចបាននាំយកទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments