ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសំណើសុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ទៅឲ្យភាគីពាក់ព័ន្ធនានារួចរាល់ហើយ ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
តាម គ.ជ.ប ស្ថាប័នដែលបានបញ្ជូនសំណើសុំពិនិត្យ និងផ្តល់យោបល់នោះរួមមាន ទី១, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ទី២, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទី៣, អគ្គលេខាធិការដ្ឋានរដ្ឋសភា ទី៤, ក្រសួងមហាផ្ទៃ ទី៥, ក្រសួងយុត្តិធម៌ ទី៦, ក្រសួងការពារជាតិ ទី៧, ក្រសួងព័ត៌មាន ទី៨, គណបក្សនយោបាយចំនួន២០ ទី៩, ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ទី១០, អង្គការមិនមែនរដ្ឋាភិបាលជាតិ និងសមាគមចំនួន២៤។
ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជូនការផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះ មក គ.ជ.ប វិញយ៉ាងយូរ ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មាន៧ ជំពូក និងឧបសម្ព័ន្ធចំនួន៥ ស្មើនឹង២១០ ទំព័រ៕
Source: Kampuchea Thmey Daily
0 Comments