Ad Code

អង្គ​រថា​យ​ហ្គឺ​រ និង​ប៉ូលីស រំពឹង​ខ្ពស់​រៀងខ្លួន​ក្នុងការ​ដណ្តើម​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ



កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​គូ​ទី​២​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃអាទិត្យ ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ប្រចាំ​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​ទី​១២ (Hun Sen Cup 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



គូ​ទី​២​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នេះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។

ចំពោះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​បេក្ខភាព​មួយ​ដែល​មិនអាច​មើលរំលង​ក្នុង​ការ​ដណ្តើម​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​នេះ​ធ្លាប់បាន​គ្រង​ជើងឯក​ពានរង្វាន់​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤ ក្រោយ​ឈ្នះ​លើ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ២​ទល់​០​។ លោក សារ៉េត ស៊ីដន ដែលជា​គ្រូ​ជំនួយ​ត្រូវបាន​ក្លិប​តែងតាំង​ឱ្យធ្វើជា​គ្រូបង្វឹក​ដើម្បី​ដឹកនាំ​ក្រុម​នៅ​រដូវ​កាល​នេះ​ផងដែរ​។



​ចំណែក​លោក​Oriol Mohedano គ្រូបង្វឹក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​លើកឡើងថា «​ការប្រកួត​នេះ​គឺ​ពិសេស ណាស់​សម្រាប់​ក្រុម​យើង គឺអាច​និយាយថា​ប្រៀប​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​អីចឹង ទោះបី​វា​មិនមែន​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្ដី ព្រោះថា​យើង​លេង​នៅ​ទឹកដី​កណ្ដាល និង​លេង​តែមួយ​ជើង​ប៉ុណ្ណោះ​។ ពួក​យើង​រំភើប​និង​រីករាយ​ក្នុង​ការលេង​ប្រកួត​នេះ​។ វា​ជាការ​ល្បង​សមត្ថភាព​សម្រាប់​ក្រុម​ទាំងពីរ​។ ពួកយើង​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​ការប្រកួត​»​។



​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បន្ត​ថា «​ពិតណាស់​ពួកយើង​ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ប៉ូលិស​ជា​ក្រុម​ល្អ​មួយ ហើយ​ពួកគេ​រីកចម្រើន​ឡើង​ពី​មួយ​ពេល​ទៅ​មួយ​ពេល និង​មាន​បទពិសោធន៍​ច្រើន​លើ​ទីលាន​។ ខ្ញុំ​គោរព​ពួកគេ​ខ្លាំង​ណាស់​។ ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ​។ ថ្វីបើ​ពួកគេ​មិនអាច​ប្រជែង​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ តែ​ពួកគេ​មាន​ភាព​គ្រោះថ្នាក់ ហើយ​ពួក​យើង​បាន​លេង​ទល់នឹង​ពួកគេ​រួចហើយ យើង​ដឹង​ថា ​ពួកគេ​ល្អ​យ៉ាងណា​។ ពួក​យើង​នឹង​ព្យាយាម​ហើយ​សង្ឃឹមថា​ យើង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​»​។

តាំងពី​បង្កើត​ក្លិប​មក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​បាន​ល្អ​កាលពី​ឆ្នាំ​២០១៥ ដោយ​ដណ្តើម​បាន​កៅអី​ឡើងទៅ​លេង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ តែ​ត្រូវ​ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ២​ទល់​០ តែ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វិញ​នៅ​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់ លេខ៣ ដោយលទ្ធផល​៣ទល់០៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu