ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើទៅប្រមុខរដ្ឋាភិបាលសុំបង្កើតខេត្តថ្មីចំនួន ២ ទៀត ដែលបំបែកចេញពីខេត្តកណ្ដាល ខេត្តមណ្ឌលគីរីនិងរតនគីរី ។ សំណើនេះត្រូវបានទទួលបានការយល់ព្រមជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៧ ខែសីហា នេះបានស្នើសុំសេចក្តីសម្រេចពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបង្កើតខេត្តថ្មីចំនួន ២ បន្ថែមទៀត។ ដោយយោងទៅលើការបង្កើតគណៈកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលដឹកនាំដោយសម្ដេច(សខេង)ដោយផ្ទាល់។
ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែនបានឯកភាពជាគោលការណ៍លើគម្រោងបង្កើតខេត្តថ្មីនេះ។ ក្រសួងមហាផ្ទៃនឹងចាត់មន្ត្រីបច្ចេកទេសដើម្បីសហការជាមួយក្រសួងនិងខេត្តពាក់ព័ន្ធចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែងដើម្បីរាយការណ៍សុំយោបល់ជាបន្តបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន។
លិខិតសម្ដេចក្រឡាហោម ស ខេង ដែលស្នើទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «នៅចំពោះមុខនេះផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្ត្រ និង ស្ថានភាពប្រជារាស្ត្រ ខ្ញុំយល់ឃើញថា គួរឲ្យមានការសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួន ២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និង ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
ក្រសួងមហាផ្ទៃបានកំណត់គោលដៅសិក្សាលើភូមិសាស្ត្រខេត្តកណ្ដាល ខេត្តមណ្ឌលគីរី និង រតនគីរី។ បើតាមក្រសួងមហាផ្ទៃខេត្តមណ្ឌលគីរី គឺ ត្រូវពិនិត្យលើកត្តាភូមិសាស្ត្រនិងប្រជាពលរដ្ឋរបស់ស្រុកកោះញែក និង ទីតាំងក្នុងស្រុកលំផាត់នៃខេត្តរតនគីរី។ ចំណែកខេត្តថ្មីមួយទៀតនឹងត្រូវបំបែកចេញពីខេត្តកណ្ដាល។
បើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង កិច្ចការបង្កើតខេត្តថ្មីនេះត្រូវរៀបចំធ្វើឲ្យ បានចប់សព្វគ្រប់នៅខែមករា ឆ្នាំ២០១៩ ដើម្បីទុកពេលវេលាឲ្យរាជរដ្ឋាភិបាលកំណត់ចំនួនអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលតាមអាណត្តិកំណត់ក្នុងច្បាប់ គឺអំឡុងខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ខេត្តកណ្តាលបច្ចុប្បន្នជាខេត្តមួយដែលស្ថិតនៅជាប់នឹងជាយទីក្រុងភ្នំពេញ។ ខេត្តកណ្តាលមានទីក្រុងមួយគឺក្រុងតាខ្មៅ។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ ១៤៧ ភូមិចំនួន ១០៨៧ និង១៤៧សង្កាត់មានប្រជាជនចំនួន ១.០៧៥.១២៥នាក់ ហើយខេត្តនេះផងដែរមានផ្ទៃដី ៣.៥៦៨គីឡូម៉ែត្រការេ។ ប្រជាជនខេត្តកណា្តលភាគច្រើនជាប្រកបរបរ កសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែពួកគាត់មានរបរមួយទៀតគឺរបរឡើងត្នោតនិងធើ្វស្រូវប្រាំងព្រមទាំងដំណាំផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។
ចំណែកខេត្តរតនគិរី ត្រូវបានបំបែកចេញពីខេត្តស្ទឹងត្រែង ហើយបង្កើតឡើងពីឆ្នាំ១៩៥៩។ ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្តចម្ងាយ ៥៨៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្តជាទីរួមខេត្តកាលពីមុន។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិចចំណែកជនជាតិខ្មែរមានប្រមាណតែ១០ទៅ២០ភាគ រយប៉ុណ្ណោះ។ ខេត្តរតនគិរី មាន៩ ស្រុក និង ៤៩ ឃុំ មានផ្ទៃក្រឡាសរុប ១០.៧៨២ គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅចំនួន ១៤៩.៩៩៧ ដង់ស៊ីតេប្រជាជន ១៤/គម២ ។
ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគភាគឦសាននៃប្រទេសកម្ពុជា ។ ខេត្តនេះមានផ្ទៃដីធំជាងគេតែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៍ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំ ជាច្រើន។ ខេត្តមានស្រុកចំនួន ៥ ឃុំចំនួន ២១ មានផ្ទៃដីសរុបទាំងអស់ ១៤.២៨៨ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២.៤០៧នាក់ មាន៥.៦៥៧គ្រួសារ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េអត្រាកំណើនប្រជាជន ០.៣២ភាគរយ។
គួររំលឹកផងដែរថា ជាបន្តបន្ទាប់រាជរដ្ឋាភិបាលបានបំបែកខេត្តជាបន្តបន្ទាប់ក្នុងន័យបង្ខិតរដ្ឋបាលឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់បានទទួលសេវាសាធារណៈ និង បង្កើតនូវមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីនៅតំបន់ជនបទ។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី ៥ រាជរដ្ឋាភិបាលបានសម្រេចបំបែកខេត្តកំពង់ចាមជាពីរ ដោយត្រើយខាងកើតទន្លេទៅជា ខេត្តត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មីនៅក្នុងឆ្នាំ២០១៣ដោយកាត់យកក្រុងចំនួន១និងស្រុកចំនួន៦ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែកនិងស្រុកមេមត់។
ជាមួយគ្នានេះ ដើម្បី ងាយស្រួលក្នុងការគ្រប់គ្រងទាំងរដ្ឋបាលនិងសន្តិសុខ រាជរដ្ឋាភិបាលក៏បានបង្កើតខណ្ឌចំនួន៣ទៀតក្នុងរាជធានីភ្នំពេញគឺខណ្ឌច្បារអំពៅដោយបំបែកចេញពីខណ្ឌមានជ័យ,ខណ្ឌជ្រោយចង្វារបំបែកចេញពីខណ្ឌទួលគោកនិងឫស្សីកែវនិងខណ្ឌព្រែកព្នៅដោយបំបែកចេញពីខណ្ឌសែនសុខ និង ខណ្ឌឫស្សីកែវ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរាជធានី-ខេត្ត ចំនួន ២៥ ។ ដូច្នេះបើមានការបង្កើតខេត្តថ្មីពីរទៀតមែននោះ កម្ពុជានឹងមានរាជធានី-ខេត្ត២៧៕
Source: Kampuchea Thmey Daily
0 Comments