សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានប្រកាសពីប្រកាសពីបញ្ជីឈ្មោះកីឡាករចំនួន២៣នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមភ្ញៀវជម្រើសជាតិម៉ាឡេស៊ី ដែលនឹងធ្វើឡើងនៅ ថ្ងៃទី១០ ខែកញ្ញា ខាងមុខ។
កីឡាករដែលត្រូវបានស.ប.ក កោះហៅលើកនេះមានដូចជាអ្នកចាំទីគឺ ស៊ូ យ៉ាទី របស់ណាហ្គាវើល, អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិ,កែវ សុខសិលា របស់វិសាខា។ ចំណែកខ្សែការពារវិញមាន ហុង ផេង,លី វ៉ាហេទ,សេរ រ៉ស៊ីប របស់បឹងកេត, ស ពិសិដ្ឋ របស់ក្រសួងការពារជាតិ, ឆេង ម៉េង របស់ណាហ្គាវើល, អ៊ុក សុវណ្ណ របស់ភ្នំពេញក្រោន, នេន សុធារ័ត្ន និងសឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង។
ងាកមកមើលខ្សែបម្រើគឺមានជ័យ ចិត្រា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ, ឈិន ឈឿន របស់ក្រសួងការពារជាតិ, ស៊ុះ ស៊ូហាណា និងគួច សុកម្ភៈ របស់ណាហ្គាវើល, អ៊ិន សុដាវីត និង ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន, ប៊ីន ចន្ថាជារី របស់ក្រុម Teregannu FA (ម៉ាឡេស៊ី) និងទិត្យ ឌីណា របស់វិសាខា។ សម្រាប់ខ្សែប្រយុទ្ធមាន ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង, កែវ សុខផេង របស់វិសាខា, រ៉ឹម ប៊ុនហៀង របស់ក្រុមក្រសួងការពារជាតិ និងស៊ិន កក្កដា របស់ភ្នំពេញក្រោន។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រសម្រាប់ប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា ជាមួយម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាចតទៅនៅពហុកីឡដ្ឋានជាតិ ដែលនឹងធ្វើឡើងនៅវេលាម៉ោង៦:៣០ល្ងាច ក្នុងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ ប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។
សូមបញ្ជាក់ថា ក្រោយប្រកាសតែងតាំងកីឡាករ Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ត្រៀមរៀបចំកម្មវិធីប្រកួតមិត្តភាពអន្តរជាតិចំនួន៤ប្រកួតជាមួយក្រុមជម្រើសជាតិមួយចំនួននៅក្នុងតំបន់ មុនចេញទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ចុងឆ្នាំនេះ។
យោងតាមប្រភពមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតមិត្តភាពទាំង៤លើកនេះមានបូកទាំងប្រកួតជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី ផងដែរ។ ចំណែក៣ប្រកួតផ្សេងទៀតនឹងធ្វើឡើងនៅ១២ ខែតុលា ពោលគឺប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត និងនៅថ្ងៃទី១៦ ខែតុលា ប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី។ ចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា ត្រូវបន្តប្រកួតជាមួយក្រុមបរទេស (មិនទាន់ប្រាកដថាក្រុមណា)។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះអាចជាប្រ៊ុយណេ ឬទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments