កោះតៃវ៉ាន់ បានប្រហារជីវិតអ្នកទោសម្នាក់កាលពីថ្ងៃសុក្រ ដែលនេះជាការប្រហារជីវិតលើកដំបូងបង្អស់ ដែលធ្វើឡើងក្រោមរដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ពីក្រុមសិទ្ធិមនុស្សឲ្យលុបចោលទោសប្រហារជីវិតក៏ដោយ។
យោងតាមក្រសួងយុត្តិធម៌បានឲ្យដឹងថា លោក Lee Hung-chi ត្រូវបានប្រហារជីវិតនៅក្នុងគុកមួយនៅភាគខាងត្បូងទីក្រុង Kaohsiung កាលពីរសៀលថ្ងៃសុក្រដោយការបាញ់កាំភ្លើងដោយសារតែគាត់បានសម្លាប់អតីតភរិយានិងកូនស្រីអាយុប្រាំឆ្នាំរបស់គាត់ក្នុងឆ្នាំ២០១៤។
លោក Lee បានចាក់សម្លាប់អតីតប្រពន្ធរបស់គាត់នៅខាងក្រៅសាលាមតេយ្យរបស់កូនស្រីទាំងពីរនាក់របស់ពួកគេហើយបន្ទាប់មកបានយកក្មេងស្រីម្នាក់ចូលក្នុងឡានរបស់គាត់ដែលនៅទីនោះគាត់ព្យាយាមសម្លាប់កូនទាំងពីរនិងខ្លួនឯងដោយសារការបំពុលកាបូនម៉ូណូស៊ីត។
លោក Lee បានរស់រានមានជីវិតក្រោយពីពួកគេត្រូវបានជួយសង្គ្រោះប៉ុន្តែក្មេងស្រីម្នាក់បានស្លាប់ក្នុងរយៈពេលពីរខែក្រោយមកបើទោះបីជាមានការព្យាបាលក៏ដោយ។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Chen Ming-tang បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “សកម្មភាពរបស់គាត់គឺឃោរឃៅនិងគ្មានមេត្ដាហើយបានធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារជនរងគ្រោះ”។ លោកបានបន្ថែមថា តុលាការបានសម្រេចថា គ្មានការលើកលែងសម្រាប់លោក Lee ទេ។
កោះតៃវ៉ាន់បានបន្តការកាត់ទោសប្រហារជីវិតឡើងវិញនៅឆ្នាំ២០១០ក្រោយពីផ្អាករយៈពេល ៥ឆ្នាំហើយការកាត់ទោសប្រហារជីវិតត្រូវបានរក្សាទុកសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដូចជាការសម្លាប់មនុស្សនិងការចាប់ជំរិតជាដើម។
អ្នកនយោបាយនិងក្រុមសិទ្ធិមនុស្សមួយចំនួនបានអំពាវនាវឲ្យលុបបំបាត់ចោលទោសនេះប៉ុន្តែការស្ទង់មតិជាច្រើនបានបង្ហាញពីការគាំទ្រភាគច្រើនសម្រាប់ការកាត់ទោសប្រហារជីវិត។
បច្ចុប្បន្ននេះមានអ្នកទោសចំនួន៤២នាក់ដែលកំពុងជាប់ទោសប្រហារជីវិតនៅកោះតៃវ៉ាន់។
ការប្រហារជីវិតលោក Lee គឺជាលើកដំបូងចាប់តាំងពីអតីតនិស្សិតមហាវិទ្យាល័យម្នាក់ត្រូវជាប់ទោសប្រហារជីវិតក្នុងខែឧសភាឆ្នាំ២០១៦ដោយសារការសម្លាប់មនុស្ស៤នាក់នៅក្នុងការវាយប្រហារដោយកាំបិតលើរថភ្លើងក្រោមដីមួយដែលបានបង្កការភ្ញាក់ផ្អើលដល់កោះដែលមានសន្តិភាពមួយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments