ភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា យោធាមីយ៉ាន់ម៉ាបានដោះលែងកុមារចំនួន៧៥នាក់ដែលនេះជាដំណើរការដំបូងរបស់ខ្លួនក្នុងឆ្នាំនេះសម្រាប់ផ្នែកមួយនៃដំណើរការដើម្បីបញ្ចប់ការជ្រើសរើសយុទ្ធជនមិនទាន់គ្រប់អាយុទាំងបង្ខិតបង្ខំរយៈពេលរាប់ទសវត្ស។
យ៉ាងណាក៏ដោយ មិនមានតួលេខជាក់ស្តែងណាមួយទេដែលបញ្ជាក់ថាតើកុមារប៉ុន្មាននាក់ដែលនៅតែស្ថិតក្នុងចំណោមទាហាន៥០០,០០០នាក់ដែលបម្រើការនៅក្នុងយោធាមីយ៉ាន់ម៉ាឬកងទ័ពឧទ្ទាមជនជាតិភាគតិចដែលខ្លួនកំពុងប្រយុទ្ធនៅក្នុងតំបន់ព្រំដែនរបស់ប្រទេសនេះ។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រដែលបញ្ចេញដោយទីភ្នាក់ងារការពារកុមារអង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា កងទ័ពរបស់រដ្ឋបានដោះលែងកុមារនិងមនុស្សវ័យក្មេងចំនួន៩២៤នាក់ពីជួររបស់ខ្លួនចាប់តាំងពីបានចុះកិច្ចព្រមព្រៀងមួយជាមួយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១២មក។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហានកុមារដែលត្រូវបានដោះលែងនឹងត្រូវចូលរួមកម្មវិធីស្តារឡើងវិញដើម្បីឲ្យពួកគេវិលត្រឡប់ទៅកាន់ជីវិតស៊ីវិលវិញដែលនេះជាដំណើរការមួយនឹងនាំមកនូវ “សន្តិភាពយូរអង្វែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ដរាបណាកងទ័ពនិងក្រុមប្រដាប់អាវុធនៅតែបន្តប្រយុទ្ធគ្នាក្នុងប្រទេសមីយ៉ាន់ម៉ានោះ កុមារនៅតែស្ថិតក្នុងហានិភ័យនៃការជ្រើសរើស។
ជាទូទៅ ពួកគេត្រូវបានគេចាប់ពង្រត់ឬនាំទៅដោយកងកម្លាំងពីទីកន្លែងសាធារណៈនានាដូចជាឧទ្យាននិងស្ថានីយរថភ្លើងជាដើមនៅក្នុងទីប្រជុំជនរបស់ពួកគេមុនពេលត្រូវបានគេគំរាមគំហែងដាក់គុកប្រសិនបើពួកគេបដិសេធមិនព្រមចុះបញ្ជី។
អង្គការ UNICEF បានបន្ថែមថា ក្រៅពីកងទ័ព មានក្រុមជនល្មើសចំនួន៧ទៀតដែលជ្រើសរើសទាហានកុមារដោយក្នុងនោះរួមមានទាំងកងទ័ពឯករាជ្យកាឈីននិងកងទ័ពរដ្ឋសានភាគខាងត្បូងផងដែរដែលជាក្រុមជនជាតិភាគតិចបន្តធ្វើសង្គ្រាមជាមួយយោធាមីយ៉ាន់ម៉ា៕ AFP
Source: Kampuchea Thmey Daily
0 Comments