Ad Code

នាយក​ស្តីទី ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ



ប៉ៃលិន​ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​នាយក​ស្តីទី ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទឹកដី​ថៃ ចំណែក​បុរស​ជា​ប្តី ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​រង​របួស​ធ្ងន់ធ្ងរ​ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ពោង​ណាំ​រ៉ង ខេត្ត​ចាន់​បូរី ប្រទេស​ថៃ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​ផ្លូវបំបែក ក្នុង​ឃុំ​តាប​សៃ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ។​

ជនរងគ្រោះ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ឈ្មោះ សៀក រតនៈ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្តី និង​មាន​មុខងារ​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​រងរបួស​ធ្ងន់ ចំណែក​ប្រពន្ធ​ឈ្មោះ ឃាង ធី​រ៉ា​ផន អាយុ​៤១​ឆ្នាំ ជា​នាយក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន បាន​ស្លាប់​បន្ទាប់ពី​យក​ទៅ​សង្គ្រោះ​ក្បែរ​កន្លែង​កើតហេតុ ដោយ​បើកបរ​រថយន្ត​ម៉ាក CRV ពណ៌​ប្រាក់ មិន​ស្គាល់​ស្លាកលេខ រង​ការខូចខាត​ទាំងស្រុង។ ចំណែក​អ្នកបើកបរ​រថយន្ត​ភាគី​ថៃ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ក្រោយ​កើតហេតុ បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​តែម្តង។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ​៖​ ដំបូង​ឡើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិសដៅ​ពី​កើតទៅ​លិច​ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ លុះ​កំពុងតែ​ធ្វើដំណើរ​សុខៗ​តាម​ដងផ្លូវ ស្រាប់​តែ​មាន​រថយន្ត​រ​បស់​ថៃ​១​គ្រឿង​ម៉ាក មី​សុ​យ​មី​ស៊ី ពណ៌​ស បើកបរ​វ៉ា​ជែង​គ្នា ក៏បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​តែម្តង ហើយ​រថយន្ត​ទាំង២​គ្រឿង​ទទួលរង​ការខូចខាត​យ៉ាងខ្លាំង។ ក្រោយ​កើតហេតុ​ភាគី​រថយន្ត​ថៃ បាន​បើកទ្វារ​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ចំណែក​សមត្ថកិច្ច​ថៃ ក៏បាន​មកដល់​ទីតាំង​កើតហេតុ ព្រមទាំង​ស្ទូច​យក​រថយន្ត​ទាំងពីរ​ចេញពី​ផ្លូវ ទៅ​រក្សាទុក ដោយ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមច្បាប់​នៃ​ប្រទេស​ថៃ​ផងដែរ។​

បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​ត្រឡប់​យក​មក​ខេត្ត​ប៉ៃលិន រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​លោក សៀក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ប្រទេស​ថៃ​នៅឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu