រូបភាពផ្កាយរណបបានបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងត្រៀមរៀបចំក្បួនដង្ហែព្យុហយាត្រាយោធាមួយផ្សេងទៀតចំពេលមានការព្រួយបារម្ភថ្មីថា កិច្ចខិតខំប្រឹងប្រែងការទូតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរត្រូវបានជាប់គាំងបើទោះបីជាក្រុមអ្នកវិភាគនិយាយថា ខ្លួនមិនច្បាស់ថាតើកូរ៉េខាងជើងនឹងបង្ហាញនូវមីស៊ីលផ្លោងធំៗរបស់ប្រទេសដែរឬអត់ក៏ដោយ។
ក្រុងព្យុងយ៉ាងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅថ្ងៃទី៩ខែកញ្ញាសម្រាប់ខួបលើកទី៧០នៃការបង្កើតប្រទេស។ ក្នុងព្រឹត្តិការណ៍នោះអាចរួមមានក្បួនយោធាមួយដែលមានការចូលរួមទស្សនាដោយគណប្រតិភូបរទេស។
អស់រយៈពេលជាយូរមកហើយ ក្បួនព្យុហយាត្រាគឺជាវិធីមួយសម្រាប់ប្រទេសកូរ៉េខាងជើងដើម្បីបង្ហាញនូវកម្លាំងយោធារបស់ខ្លួនហើយការបង្ហាញនៅខែកញ្ញានេះបានកើតឡើងចំពេលមានការចរចារសើបអំពីអនាគតនៃអាវុធនុយក្លេអ៊ែរនិងឃ្លាំងមីស៊ីលផ្លោងរបស់ប្រទេស។
ដោយផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្មដែលប្រមូលបានដោយក្រុមហ៊ុន Planet Labs Inc., ក្រុមអ្នកវិភាគបាននិយាយថា ក្បួនដង្ហែយោធាខែកញ្ញានេះទំនងជាស្រដៀងគ្នាទៅនឹងក្បួនដង្ហែមួយកាលពីថ្ងៃទី៨ខែកុម្ភៈប៉ុន្តែរហូតមកដល់ពេលនេះមិនមានសញ្ញានៃមីស៊ីលឆ្លងទ្វីប (ICBM) ដែលត្រូវបានគេជឿថាមានសមត្ថភាពក្នុងការកំណត់គោលដៅលើសហរដ្ឋអាមេរិកទេ។
លោក Jeffrey Lewis នាយកកម្មវិធីមិនរីកសាយភាយថាមពលនៅអាស៊ីបូព៌ានៃវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា “នៅពេលនេះ ក្បួនដង្ហែនេះមានភាពស្រដៀងគ្នាបើវាមិនតូចជាងក្បួនដង្ហែមួយនៅក្នុងខែកុម្ភៈ”។
គួរបញ្ជាក់ថា ក្នុងចំណោមអាវុធដែលវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury នៃរដ្ឋកាលីហ្វរនីញ៉ាបានប្រទះឃើញក្នុងរូបភាពកាលពីថ្ងៃទី២២ខែសីហានៃទីតាំង Mirim Parade Training Ground របស់កូរ៉េខាងជើងគឺមានរថក្រោះ កាំភ្លើងធំស្វ័យប្រវត្តិ យានដឹកជញ្ជូនទ័ពថ្មើរជើង មីស៊ីលប្រឆាំងយន្តហោះនិងជើងទម្របាញ់រ៉ុក្កែត៕ REUTERS
Source: Kampuchea Thmey Daily
0 Comments