កីឡាករ ធារី ចន្ថាប៊ីន ដែលទើបកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា គឺជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨នៅពេលនេះ ខណៈក្លិបរបស់កីឡាកររូបនេះកំពុងបន្តយុទ្ធនាការប្រកួតក្នុងពានរង្វាន់ 2018 Malaysia Cup។
សម្រាប់ប្រកួតបន្តរបស់ក្រុម Teregganu FA ត្រៀមប៉ះក្រុម Perak នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ក្នុងទីក្រុងKuala Terengganu។ ចំពោះកីឡាករ ធារី ចន្ថាប៊ីន នឹងធ្វើដំណើរត្រឡប់មកមាតុភូមិវិញក្រោយបញ្ចប់ការប្រកួតនេះ ដើម្បីចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ។
ប្រកួតចុងក្រោយក្រុម Teregganu FA បានបន្តយកឈ្នះលើក្រុម Felcra ក្នុងជើងទី២នៃពានរង្វាន់ 2018 Malaysia Cup ប្រចាំវគ្គជម្រុះតាមពូលនៅយប់ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ ខណៈក្រុមនេះធ្លាប់បានប្រកួតឈ្នះលើក្រុមKuala Lumpur ៥ទល់១ កាលពីថ្ងៃទី៤ ខែសីហា ហើយបន្តឈ្នះក្រុម Perak ៤ទល់៣ ជាបន្តទៀតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៨ ខែសីហា ក្រុមនេះបានស្មើគ្នាជាមួយក្រុមFelcraសមាជិកពានរង្វាន់លីគលំដាប់ទី២របស់ម៉ាឡេស៊ី ២ទល់២។
សូមបញ្ជាក់ថា ពានរង្វាន់ 2018 Malaysia Cup មានក្រុមចំនួន១៦ឡើងទៅវគ្គចែកពូលដែលមាន៤ពូល។ ចំពោះពូល A មានក្រុម Terengganu, Kuala Lumpur, Perak, Felcra ហើយពូល B មាន Felda United, Melaka Unite, PDRM ពូល C មាន MISC-MIFA, Jorhor, Kelantan, Kedah និងពូល D មាន Pahang, Sadah, PKNP, Selangor។ តាមគម្រោងក្រុមខ្លាំងតាមពូលចំនួន២ក្រុមនឹងមានឈ្មោះឡើងទៅវគ្គ៨ក្រុមចុងក្រោយនិងបន្តប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
សូមរំលឹកថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឲ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments