ភ្នំពេញ ៖ សកម្មជនដ៏ខ្លាំងក្លាម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន លោក ណុប ប៊ុនហ៊ ដែលជាមេខ្លោងដើរប្រមូលមនុស្សទៅចាំទទួលលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នោះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយ នេះបើយោងតាមលិខិតសុំចូលជាសមាជិក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាងមួយម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ឈ្មោះ ណុប ប៊ុនហ៊ ជាមេចលនាបំផុសប្រជាពលរដ្ឋឲ្យទៅរង់ចាំទទួលលោក កឹម សុខា ពីពន្ធនាគារ ដោយសំអាងថា លោក កឹម សុខា ត្រូវដោះលែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ជាមួយគ្នានោះ សម្តេចបានបញ្ជាទៅកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឲ្យចាត់វិធានការលើឈ្មោះផងដែរ។
លោក ណុប ប៊ុនហ៊ ត្រូវបានគេដឹងថា ជាមេដឹកនាំចលនាដ៏ខ្លាំងម្នាក់របស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ហើយបុគ្គលរូបនេះ ក្រៅពីសកម្មជនអតីតបក្សប្រឆាំង ក៏ជាអ្នករកស៊ីទិញ និងលក់ដីធ្លីម្នាក់ផងដែរ ហើយក្រោយពីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោកក៏បានទៅអុជធូបស្បថស្បែនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments