ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកPORSCHE បានជ្រុលបុកពីក្រោយរថយន្តស្ទូច បណ្ដាលឲ្យខូចខាត់កំណាត់មុខយ៉ាងដំណំ ខណៈពេលដែលរថយន្តស្ទូចកំពុងបន្ថយល្បឿនដើម្បីឲ្យរថយន្តដឹកដែកមួយគ្រឿងទៀតឆ្លងផ្លូវ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ រថយន្តរងការខូចខាតនោះម៉ាកPORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA. 9996។ រថយន្តស្ទូចពណ៌សពាក់ស្លាកលេខភ្នំពេញ3C. 5554។
ចំណែករថយន្ត១គ្រឿងទៀត ដឹកដែកបើកឆ្លងផ្លូវមិនត្រូវបានស្គាល់ម៉ាក និងស្លាកលេខឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង៣គ្រឿងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦អា ដោយរថយន្តដឹកដែកបើកមុខរថយន្តស្ទូចបើកបន្ទាប់ ចំណែករថយន្តPORSCHE បើកក្រោយគេ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកដែកដែលបើកមុខគេ បានបត់ឆ្វេងឆ្លងផ្លូវដោយមិនបានស៊ីញ៉ូឡើយ រថយន្តស្ទូចដែលបើកបន្ទាប់ ក៏បន្ថយល្បឿន ចំណែករថយន្តPORSCHE ក៏បានជ្រុលបុករថយន្តស្ទូចពីក្រោយបណ្តាលឲ្យខូចខាតកំណាត់មុខផ្នែកខាងស្តាំយ៉ាងដំណំ រីឯរថយន្តស្ទូចមិនខូចខាតឡើយ ហើយក៏មិនមានមនុស្សរងរបួសនោះទេ។
នៅក្នុងហេតុការណ៍គេមិនដឹងថាខាងណាខុស ឬត្រូវឡើយ តែក្រោយពេលកើតហេតុ គិតត្រឹមម៉ោង៣និង១៤នាទីរសៀល ភាគីទាំងសងខាងកំពុងសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុនៅឡើយ ចំណែករថយន្តដឹកដែកបានបន្តដំណើរទៅបាត់៕
Source: Kampuchea Thmey Daily
0 Comments