ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​អញ្ជើញ​ចុះមក​សំណេះសំណាល​ និង​ ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​បុរី​ឧទ្យាន​តា​ង៉ូ​វ​ចំនួន​២៥៩​គ្រួសារ ក្រោយពី​ពួកគាត់​រស់នៅ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជាង​៧​ឆ្នាំ ​កន្លង​មក​នេះ​។



ពិធី​នេះ ​ធ្វើ​នា​រសៀល​ថ្ងៃទី​១៨ មិថុនា​នេះ នៅក្នុង​បុរី​ឧទ្យាន​តា​ង៉ូ​វ ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ ដោយមាន​ការចូលរួម​ពី​អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង​លោកចេង មុន្នី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ រួម​នឹង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ។



លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​នា​ពេលនេះ​មាន​ចំនួន​២៥៩​គ្រួសារ​ឬ ខ្នង​ផ្ទះ ដោយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួល​បាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះ​ហើយ បងប្អូន​អាច​យក​ទៅ​ផ្ទេរ​កម្មសិទ្ធិ​តែម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល តែ​កុំ​ឲ្យ​គេ​រត់ការ​ឲ្យ។



លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង​ពោល​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ផលប្រយោជន៍​ច្រើន ហើយ​រដ្ឋ​ក៏បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ពោល​គឺ​ប្រជាពលរដ្ឋ​មាន​លំនឹង​ពិតប្រាកដ​ដោយមាន​ផ្ទះ​នៅ​ស្របច្បាប់ អាច​យក​ទៅ​ដាក់​ធនាគារ​យក​លុយ​មក​ប្រើប្រាស់​បាន។ ចំណែក​រដ្ឋ​វិញ​ បាន​ទទួល​ប្រាក់​ពី​ការ​បង់ពន្ធ​អចលនទ្រព្យ​នេះ​ផងដែរ។



លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ទៀត​ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ផ្ទេរកម្មសិទ្ធិ​ស្របតាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត​ដោយ​មិនបាន​បង់​ព័ន្ធ​ប្រថាប់ត្រា​ ដោយមាន​បងប្អូន​ខ្លះ​ ផ្ទេរ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយទៀត ​រហូតដល់​៤​ទៅ​៥​នាក់​បន្ត​គ្នា ហើយ​បើ​តាម​ច្បាប់​គឺ​បងប្អូន​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ​តាម​ចំនួន​ដង​នេះ​។ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានសម្រេច សម្រួល​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​បង់​ត្រឹម​តែម្តង​លើក​ចុង​ក្រោយ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​​ណាក្តី​លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ការលើកលែង​នេះ​មាន​សុពលភាព​ត្រឹមតែ​ថ្ងៃទី​៣១ ធ្នូ ២០១៨​ប៉ុណ្ណោះ បើ​ហួស​ពី​ពេលនេះ​ទៅ គឺ​រដ្ឋាភិបាល​នឹង​អនុវត្ត​ដ​ដែរ ដោយ​មិន​មាន​ការលើកលែង​ទៀត​ទេ ដូច្នេះ​លោក​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ឲ្យ​បាន​លឿន​ទៅតាម​ការកំណត់​នៃ​ការលើកលែង​នេះ​៕

 



Source: Kampuchea Thmey Daily