Ad Code

ស្ត្រីម្នាក់​ចាញ់បោក​ក្រុម​ទម្លាក់យោង​អស់​មាស​៧​ជី លុយ​ជាង​៧០០​ដុល្លារ​ និង​ឯកសារ​មួយចំនួន



ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ​បាន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​៣ ​ទាំង​ទឹកភ្នែក​​ហូរ​សស្រាក់​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​ចាញ់ល្បិច​ក្រុម​ទម្លាក់យោង​ល្បួង​បញ្ឆោត​ដោះ យក​គ្រឿង​អលង្ការ​មាស​អស់​៧​ជី ​ខ្សែដៃ​ប្លាទីន​ទម្ងន់​៤​ជី ​និង ​លុយ​អស់​ជាង​៧០០​ដុល្លារ ហើយ​ក្រុម​ជនសង្ស័យ​នាំគ្នា​គេចខ្លួន​បាត់​អស់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៨ ​ស្ថិតនៅ​តាមផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ក្រដាស​ កែង ​ផ្លូវ​មុខ​ផ្សារ​ព្រៃទា ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​រងគ្រោះ​មាន ឈ្មោះ យ៉ែម ស្រី​ពៅ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ឃុំ ពោធិ៍​អង្គ្រង ស្រុក​បរសេធ​ ខេត្តកំពង់ស្ពឺ។ សម្ភារៈ​ដែល​បាន​បាត់បង់​ទាំងនោះ​មាន គ្រឿង​អលង្ការ​ចិញ្ចៀន ខ្សែក ក្រវិល សរុប​ទម្ងន់​៧​ជី​មាស ខ្សែ​ដៃ​ប្លា​ទីន​ទម្ងន់​៤​ជី លុយ​ដុល្លារ​ជាង​៧០០​ដុល្លារ និង​អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន កាត​ការងារ និង​ឯកសារ​មួយ​ចំនួន​ទៀត​ក្នុង​កាបូប។



ដោយឡែក​សម្ភារៈ​ដែល​បាន​មក​វិញ គ្រាប់កង់​មួយ​កញ្ចប់ ខ្ចប់​យ៉ាង​ស្អាត ដាក់​ក្នុង​កាបូប ទុក​ឲ្យ​ជនរងគ្រោះ​កាន់ រក្សា​ទុកជា​អនុស្សាវរីយ៍​ដ៏​ជូរចត់​និង​ទឹកភ្នែក។

យោងតាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​ដើរ​ចេញពី​បន្ទប់​ជួល​បាន​ជួប​ស្ត្រីជន​សង្ស័យ​ម្នាក់ មាឌធំ​ធាត់​ខ្មៅ​ស្រអែម​មក​សួរ​ថា ​មាន​ឃើញ​កាបូប​គេ​ជ្រុះ​បាត់​មុននេះ​ដែរ​អត់ ក្នុង​នោះ​មាន​មាស​លុយ​ជាច្រើន​គ្រាន់តែ​ឆ្លើយ​ថា ​អត់​ដឹងផង​មិនទាន់​ផុតពី​មាត់​ផង​ក៏​លេចមុខ​ស្ត្រី​សង្ស័យ​ម្នាក់ទៀត​ សម្បុរ​ ស​ ស្គម ​ចំណាស់ ​ជិះ​ម៉ូតូឌុប​ដោយ​បុរស​ម្នាក់ មក​ប្រាប់​ថា ​កុំ​មាត់​គេ​រើស​បាន​យើង​ទុក​ចែក​គ្នា​ថា​ហើយ​បើក​កាបូប​ឲ្យ​មើលឃើញ​សុទ្ធតែ​ក្រដាស​ដុល្លារ និង​លោហៈ​ក្រហមច្រាល ក៏​បបួល​គាត់​ជា​ជនរងគ្រោះ​ឡើង​ជិះ​ម៉ូតូ​២​គ្រឿង ចេញ​ពីមុខ​រោងចក្រ​៣​ជាន់​ផ្លូវ​QMI ទៅដល់​ខាងមុខ​ច្រកចូល​រោងចក្រ​ក្រដាស​ទល់មុខ​ផ្សារ​ព្រៃទា ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឈប់​ម៉ូតូ​បើក​កាបូប​ឲ្យ​មើល​ម្តងទៀត​ប្រាប់​ថា ​រង់ចាំ​ទៅ​ដូរ​ចែក​គ្នា តែ​កុំមាត់​និយាយប្រាប់​គេ ថា​ហើយក៏​ហុច​កាបូប​មួយ​ឲ្យ​ជនរងគ្រោះ​កាន់ រួច​ក្រុម​ជនសង្ស័យ ចាប់​ដោះ​យក​គ្រឿងអលង្កា​ពី​ជនរងគ្រោះ និង​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ ប្រាប់​ឲ្យ​នៅចាំ ហើយ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជិះ​ម៉ូតូ​ចាក​ចេញទៅ​បាត់ ដោយ​ប្រាប់​ថា ​ទៅ​ដូរ​លុយ។



ប្រភព​បន្ត​ទៀត​ថា លុះ​ចាំ​មួ​យ​សន្ទុះ​មិនឃើញ​មកវិញ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ទៀត ប្រាប់ថា​ ទុក​ឲ្យ​ពួកគេ​ជិះ​ទៅតាម កុំ​ឲ្យ​ស៊ី​ដាច់ ថា​ហើយ​ចេញទៅ​បាត់ បន្សល់ទុក​តែ​ជនរងគ្រោះ​ឈរ​ចាំ​ម្នាក់ឯង​ចេះតែ​ងឿងឆ្ងល់​ចុះទៅ​ដូរ​លុយ​មាស​យូរ​ម្ល៉េះ លួច​បង្ហើប​កាបូប​មើល ពុទ្ធោ នៅក្នុង​កាបូប សុទ្ធតែ​គ្រាប់កង់ ទើប​ស្រែក​ទ្រហោយំ ដឹង​ថា ​ចាញ់បោក​ល្បិច​ក្រុម​នោះ​ហើយក៏​ជិះ​ម៉ូតូឌុប​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដែល​នៅ​ក្បែរ​ផ្ទះ​ស្នាក់​នោះ​ស្រាប់។

ស្ត្រី​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ចោមចៅ​៣​សាកសួរ​ហើយ​ រឿងហេតុ​កើតឡើង​នៅ ទឹកដី​ភូមិសាស្ត្រ​សង្កាត់​កា​កាប​២​ ទើប​ប្រាប់​ឲ្យ​ជនរងគ្រោះ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​កា​កាប​២​វិញ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ទម្លាក់យោង​ទាំង​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់ ​តែ​ដូចជា​មិន​សង្ឃឹម​ប៉ុន្មាន​ទេ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu