ក្រុមបឹងកេត សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 បានសម្រេចបន្តកិច្ចសន្យាជាមួយកីឡាករយុវជនថ្នាលរបស់ក្លិបចំនួន៤នាក់ រហូតដល់ឆ្នាំ២០២០ ខាងមុខ ខណៈកីឡាករទាំងនោះ បានចូលរួមជាមួយក្លិបតាំងពី២ឆ្នាំមុនម្ល៉េះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិប កាលពីពេលថ្មីៗបានបញ្ជាក់ថា «ក្លិបរីករីករាយនឹងធ្វើការប្រកាសជូនអំពីការបន្ដកិច្ចសន្យាជាមួយកីឡាករយុវជនរបស់យើងចំនួន៤រូប ដែលកិច្ចព្រមព្រៀងនេះ មានសុពលភាពរហូតដល់បំណាច់ឆ្នាំ២០២០។ យុវជនទាំង៤រូបរួមមាន ជា វេស្លី, ឃុន សេងថៃ, ឱ ភារុន និង អ៊ុយ វុត្ថា សុទ្ធតែជាកីឡាករយុវជនថ្នាលរបស់ក្លិបដែលបានចូលរួមហ្វឹកហាត់ជាមួយក្លិបអស់រយៈពេលច្រើនឆ្នាំកន្លងមកហើយ ពួកគេត្រូវបានដំឡើងមកកាន់ឈុតធំចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ»។
គិតត្រឹមពេលនេះមិត្តរួមជំនាន់របស់កីឡាករទាំង៤នាក់ខាងលើ មាន ម៉ាត់ យ៉ាម៉ីន, សួន សុភត្រា, សេត រ៉ស៊ីប សុទ្ធតែត្រូវបានលោក ហៅ សុជាតិ គ្រូបង្វឹកប្រចាំក្រុមដាក់ឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូងបណ្តើៗទាំងក្នុងប្រកួតលីគកំពូលកម្ពុជា ឬ ពានរង្វាន់ AFC Cup នាពេលកន្លងទៅខណៈកីឡាករភាគច្រើនប្រចាំក្រុមយុវជនថ្នាលរបស់ក្លិបធ្លាប់បានចូលលេងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ជាមួយគ្នា មុនទទួលបានបទពិសោធន៍នៅក្រុមធំពេលនេះ។
បឹងកេត ត្រូវការពង្រឹងសមត្ថភាពកីឡាករក្នុងស្រុកបន្ថែម ចំពេលដែលកីឡាករឆ្នើមៗមួយចំនួនដូចជា ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ ចាកចេញនាពេលកន្លងទៅ ខណៈក្រុមក៏ត្រូវការពារតំណែងជើងឯកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ព្រមទាំងត្រៀមប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅខែក្រោយ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ ប្រចាំអាស៊ី AF Cup ផងដែរ តែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments