ហ្សឺណែវ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨បានចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីស្ដីពី “ការរៀបចំគោលនយោបាយវិនិយោគសកលក្នុងសតវត្សទី២១” ដែលរៀបចំឡើងក្នុងអំឡុងពេលនៃវេទិកាវិនិយោគពិភពលោក ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងសេចក្ដីផ្ដើមវេទិកា លោក មូគីសា គីទូយី អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ បានសង្ខេបជូនអំពីសាវតា និងបញ្ហាមួយចំនួនទាក់ទងនឹងគោលនយោបាយវិនិយោគសកលលោក ក្នុងពេលបច្ចុប្បន្ន ជាពិសេសការផ្លាស់ប្ដូរនិន្នាការវិនិយោគ និងពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលំហូរវិនិយោគដោយផ្ទាល់ពីបរទេស។ គោលបំណងនៃវេទិកាតុមូលនេះគឺ (១) ពិភាក្សាលើដំណោះស្រាយ ដើម្បីទាញយកការវិនិយោគបន្ថែម ដែលជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅ SDG (២) ទាញយកផលប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍដោយចីរភាព និង (៣) កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលជាលទ្ធផលនៃគោលនយោបាយគាំពារនិយម។
ឆ្លើយតបទៅនឹងប្រធានបទដែលលើកឡើង លោករដ្ឋមន្ត្រី បានផ្ដល់នូវបទអន្តរាគមន៍ ដែលមានសង្ខេបជូនដូចខាងក្រោម ៖- តាមការវិភាគរបស់ UNCTAD ឃើញថាលំហូរ FDI នៅលើពិភពលោកបានធ្លាក់ចុះគួរ ឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧ សម្រាប់កម្ពុជា លំហូរ FDI បានកើនឡើង ១២% ពី ២,៤៧ ប៊ីលាន ទៅ ២,៧៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលទទួលបានតាមរយៈការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងកម្មន្តសាលមិនមែនវាយនភ័ណ្ឌ។
កម្ពុជាបានកំណត់រួចជាស្រេចនូវគោលនយោបាយទាក់ទាញការវិនិយោគ ដើម្បីគាំទ្រការអភិវឌ្ឍដោយចីរភាពរួមមាន (១) គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ (២) ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់សម្របសម្រួល ដែលគាំទ្រ និងការពារការវិនិយោគបរទេស (៣) ប្រែក្លាយពលកម្មពីពលកម្មមិនមានជំនាញ មកជាពលកម្មមានជំនាញ។
កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយវិនិយោគក្របខ័ណ្ឌសកលលោក និងតំបន់ដូចជា ASEAN Comprehensive Investment Agreement (ACIA), ជំពូកស្ដីពីវិនិយោគនៅក្នុង ASEAN Free Trade Agreement និង RCEP។
តាមរយៈបទពិសោធន៍ និងមេរៀនថ្មីៗដែលទទួលបាន កម្ពុជាបានរៀបចំគោលនយោបាយលើកទឹកចិត្ត ដែលមានភាពប្រទាក់ក្រឡា និងបើកទូលាយ ជាពិសេសតាមរយៈការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិន។
ធ្វើសមាហរណកម្មក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ ដោយផ្ដោតលើការបង្កើតរោងចក្រ និងទទួលបានផលប្រយោជន៍ពីមូលដ្ឋានផលិតកម្មធំៗក្នុងតំបន់ សំដៅការអភិវឌ្ឍសមត្ថភាពតាមរយៈការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
កម្ពុជាបានរៀបចំផែនការជាក់លាក់ក្នុងការសម្រេចបាននូវគោលដៅ SDGs របស់ខ្លួន ដោយផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ វេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីនេះ បានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រី-អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន១៦៕
Source: Kampuchea Thmey Daily
0 Comments