ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៧ ខែតុលានេះ បានអនុញ្ញាតឲ្យលោកជំទាវ ទ្រឿង ធី ម៉ៃ (Truong Thi Mai) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះលោកជំទាវ ទ្រឿង ធី ម៉ៃ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូល និងលោកជំទាវប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជាបន្តគាំទ្រដល់ពេលបច្ចុប្បន្ន។ លោកជំទាវបានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះដ៏ធំធេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅនេះ។
លោកជំទាវ ទ្រឿង ធី ម៉ៃ បានស្នើដល់សម្តេចប្រធានព្រឹទ្ធសភាបន្តជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគណៈកម្មការជំនាញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិកម្ម ការត្រួតពិនិត្យ និងការអនុវត្តច្បាប់។
លោកជំទាវសង្ឃឹមថា នាពេលអនាគតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ទាំងក្នុងក្របខ័ណ្ឌសហភាពអន្តរសភា (IPU) ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ លោកជំទាវ ទ្រឿង ធី ម៉ៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគគិនវៀតណាម មកវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ទ្រឿង ធី ម៉ៃ បានគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណនូវប្រសាសន៍ដ៏ល្អរបស់លោកជំទាវ ដែលបានថ្លែងសរសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមបានឡើយ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដែលបានប្រកាសទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងផ្ញើសារអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃរដ្ឋសភា នីតិកាលទី៦។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ព្រឹទ្ធសភាកម្ពុជាយ៉ាងច្រើន ជាពិសេស សម្ភារៈការិយាល័យ ដែលព្រឹទ្ធសភាកម្ពុជាកំពុងតែប្រើប្រាស់សម្ភារៈទាំងអស់នោះដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments