Ad Code

ហេតុផល​មួយ​ដែល​លោក ស៊ុំ វណ្ណា ងាក​មក​ធ្វើ​ការងារ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ភ្នំពេញ​ក្រោន



លោក ស៊ុំ វណ្ណា អតីត​គ្រូ​បង្វឹក​របស់​ក្រុម​វេស្ទើនភ្នំពេញ ដែល​​កំពុងតែ​នៅ​ទំនេរ​ពី​ការងារ​បាល់ទាត់ នៅ​ពេល​នេះ​បាន​​​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន ហើយ​​កាល​ពី​ពេល​ថ្មីៗ ដោយ​ធ្វើ​ជា​គ្រូ​ជំនួយ​របស់​លោក​គ្រូ​បង្គោល​ថ្មី Leonardo Vitorino ដែល​ជា​ជនជាតិ​ប្រេស៊ីល ធ្លាប់​ដឹកនាំ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​កន្លង​ទៅ។

បុរស​ដែល​ធ្លាប់​ឆ្លងកាត់​បរិញ្ញាបត្រ​កីឡា​នៅ​ប្រទេស​គុយបា​រូប​នេះ​បាន​បញ្ជាក់​ថា ​ដំណើរការ​ទៅ​កាន់​កីឡដ្ឋាន RSN នេះ​គឺ​លោក​សម្លឹង​ឃើញ​ថា ​ក្លិប​​មាន​​ការ​ផ្ដោត​លើ​គម្រោង​អភិវឌ្ឍន៍​យុវជន​ច្រើន​បើ​ធៀប​នឹង​ក្រុម​ផ្សេង​ៗ។

លោក​បាន​ស្គាល់​កីឡាករ​វ័យក្មេង​ភាគច្រើនរបស់ភ្នំពេញក្រោន​ ពេល​ធ្វើ​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុក្រោម១៩ឆ្នាំចូលរួមការប្រកួត​អាស៊ីអាគ្នេយ៍​ឆ្នាំ២០១៦​។ ដូច្នេះ​លោក​ថា ដំណើរ​ចូល​មក​កាន់​កីឡដ្ឋាន RSN មិនមែន​ជា​ការ​សម្រេចចិត្ត​លំបាក​ឡើយ​។

លោក​បាន​បញ្ជាក់​ថា «វាត្រូវជាមួយអ្វីដែលខ្ញុំធ្វើកន្លងមក ហើយ​ភាគច្រើន​យើង​ចូល​ចិត្ត​អភិវឌ្ឍ​យុវជន​ ប្រមូល​ផ្ដុំ​យុវជន។ ណាមួយទៀត កីឡាករ​ក្មេងៗ​របស់​ភ្នំពេញក្រោន ក៏​បាន​ចូលរួម​ប្រកួត​នៅ​វៀតណាម កាលឆ្នាំ២០១៦ ហើយកាលណោះខ្ញុំជាគ្រូជំនួយរបស់ពួកគាត់ អ៊ីចឹង​វា​ជា​រឿង​ដ៏​ល្អ​ដែល​យើង​បាន​ធ្វើការរួមគ្នាជាថ្មីម្ដងទៀត»

លោក​គិត​ថា​ការ​រួម​ក្រុម​ការងារ​ជាមួយ​គ្រូ​បង្វឹក​Leonardo Vitorino ជា​បទពិសោធន៍​ថ្មីមួយ​​ដើម្បី​​បង្កើន​ចំណេះដឹង​បាល់ទាត់​ដល់​ខ្លួន។ លោក ស៊ុំ វណ្ណា កាន់​បរិញ្ញាបត្រ​អប់រំកាយ​ និង កីឡា ពី​ប្រ​ទេស​គុយបា កាលពីឆ្នាំ​២០០៩។

លោក​ធ្លាប់​ធ្វើជា​គ្រូជំនួយក្លឹបបៀលប្រាយ ពី​ឆ្នាំ២០១៣​-២០១៥​ មុន​នឹង​បន្ត​ទៅ​កាន់​តំណែង​ជា​គ្រូ​ធំ​ក្លិប​មជ្ឈមណ្ឌល​កម្ចាត់​មីនកម្ពុជា (ស៊ីម៉ាក់) កាល​ពី​រដូវ​កាល​២០១៥​-​២០១៦ ហើយ​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន​ ផង​ដែរ។

លោក​បាន​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ​ដឹកនាំ​ក្រុម​វេស្ទើន កាល​ពី​​ដើម​រដូវកាល ឆ្នាំ​២០១៧ ខណៈ​លោក​បាន​បញ្ចប់​វគ្គ​​សិក្សា​​​គ្រូ​បង្វឹក​ផ្នែក​អាជ្ញាប័ណ្ណ B (AFC B License) នៅ​មជ្ឈមណ្ឌល ​និង​សាលា​បាល់​ទាត់​ជាតិ​បាទី នៅ​គ្រា​នោះ​ផង​ដែរ។

នៅ​រដូវ​កាល​កន្លង​ទៅ​ លោក​នៅ​ទំនេរ ដោយ​ដឹកនាំ​ក្រុម​ក្រៅផ្លូវការ​មួយ​ចំនួន​បណ្ដោះអាសន្ន​ផង​ដែរ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu