ព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ បានបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ត្រូវបានពានរង្វាន់ក្រៅផ្លូវការមួយនៅទីនោះអញ្ជើញឲ្យចូលរួមប្រកួតប្រជែង នៅដើមឆ្នាំ២០១៩ខាងមុខ ខណៈគោលដៅនៅក្នុងពានរង្វាន់នេះគឺត្រៀមអញ្ជើញក្រុមចំនួន១៦ មកពី៥ប្រទេសក្នុងតំបន់អាស៊ានឲ្យចូលរួមដូចគ្នាដែរ។
ប្រភពបានបន្តថា ពានរង្វាន់នេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀធំមួយនៅប្រទេសថៃ ហើយមានក្រុមចំនួន១២នៅលីគកំពូលថៃ ត្រូវបានស្ថិតក្នុងបញ្ជីជាបេក្ខភាពចូលរួមប្រកួតហើយក្រុម៤ក្រុមផ្សេងទៀតនឹងអញ្ជើញមកពីលីគកំពូលប្រទេស ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ចំពោះកម្ពុជា គឺខាងពានរង្វាន់នេះបានអញ្ជើញក្រុមភ្នំពេញក្រោន។ យ៉ាងណាក្តីប្រភពមិនបានបញ្ជាក់ពីកាលបរិច្ឆេទប្រកួតជាក់លាក់នៅឡើយនោះទេ។
គោលដៅនៃការបង្កើតពានរង្វាន់អន្តរជាតិនេះឡើងគឺដោយសារតែលីគតាមប្រទេសដែលជាបេក្ខភាពទាំងអស់កំពុងតែសម្រាកត្រៀមរដូវកាលឆ្នាំ២០១៩ ក្រោយក្រុមជម្រើសជាតិប្រមូលផ្ដុំកីឡាកររៀងៗខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 នៅចុងឆ្នាំនេះ។ ដូច្នេះក្រុមទាំង ១៦មានឱកាសបានពង្រឹងសមត្ថភាពតាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងដំណាក់កាលត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីគតាមបណ្ដាប្រទេសនីមួយៗ។
ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើក និងចាញ់៨លើក មាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញ ក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្ដី៤ ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments