​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ បានរ​ងរ​បួស​បាក់ជើង​ធ្ងន់ធ្ងរ​ជាប់​ក្នុង​កាប៊ីន​រថយន្ត និង​រថយន្ត​៣​គ្រឿង​ទៀត​បាន​បុក​គ្នា​ជា​បន្តបន្ទាប់​ពេល​ផ្លូវជាតិ ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ​១​គ្រឿង​ កំពុងតែ​បើកបរៗ​ ដាច់​កង់​ឌុប​ក្រោយ​រហូត​រត់​ពេញ​ផ្លូវ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង នៅ​ម៉ោង​១០​និង​៥៥​នាទី ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ៦៩.៧០ ក្នុង​ភូមិ​គោគស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ។ ​

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣​បេ ៣៩៤៥ បើកបរ​ពី​ទិស​ខាងត្បូង ​ទៅ​ទិស​ខាងជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បាន​ដាច់​កង់​ក្រោយ ហើយ​កង់​រថយន្ត​នោះ​បាន​បុក​ជាមួយនឹង​រថយន្ត​Vigo​ មួយ​គ្រឿង​ ដែល​កំពុង​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​រថយន្ត vigo គេច​ទៅ​ប៉ះ​រថយន្ត​២​គ្រឿង​ទៀត​ គឺ​១​រថយន្ត​ម៉ាក​ព្រួស ពណ៌​ស និង​២​គឺ​រថយន្ត បែន​ដឹក​ខ្សាច់ បុក​បន្ត​កន្ទុយ​គ្នា​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ក្បែរ​ផ្លូវ​។

ដោយឡែក ​បន្ទាប់ពី​បង្កហេតុ​រួចមក ​រថយន្ត​បង្ក​នោះ មិនបាន​ឈប់​ទេ​ គឺ​ព្យាយាម​បើក​រត់ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដឹង​ព័ត៌មាន​ទាន់ពេលវេលា ក៏​អន្តរាគមន៍​ស្ទាក់​ចាប់​នាំយកទៅ​រក្សាទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់។​

នៅក្នុង​ហេតុការណ៍​នេះ បណ្ដាលឲ្យ​អ្នកបើកបរ​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​ខ្សាច់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ដោយបាន​រងរបួស​បាក់ជើង​យ៉ាង​ធ្ងន់ធ្ងរ និង​ត្រូវបាន​បាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​ជួយ​គាស់​ចេញពី​រថយន្ត​ ហើយ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រឡាច​។ ដោយឡែក​ ក៏​អាចមាន​មនុស្ស​មួយចំនួនទៀត នៅក្នុង​រថយន្ត​ព្រួស រងរបួស​ស្រាល​ផងដែរ។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បង្កឡើង​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដាច់​កង់ ព្រោះ​តែ​មុនពេល​បើកបរ​ដឹកទំនិញ​មិន​ត្រូវ​ពិនិត្យមើល​លក្ខណៈ​រថយន្ត និង​ដឹកទំនិញ​ធ្ងន់ ​ទើប​បណ្ដាល​ឲ្យ​ដាច់​ចុង​ដុំ​របូត​កង់​ចេញ​ក្រៅ​រត់​ពេញ​ផ្លូវ និង​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដូចខាងលើ​នេះ​តែម្ដង ។

ករណី​នេះ​ ក៏​ជា​បទពិសោធន៍​មួយ​សម្រាប់​រថយន្ត​ដឹកទំនិញ​ទាំងឡាយ គួរតែមាន​ការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​ធ្វេសប្រហែស ដូច​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើនេះ៕



Source: Kampuchea Thmey Daily