Ad Code

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់ នៃ​ជំងឺ​អេដស៍ មេរោគ​អេដស៍



ភ្នំពេញ ៖ លោក ថាច់ ផែន រដ្ឋលេខាធិការ និង​ជា​គណៈកម្មាធិការ​អេដស៍​ក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​សហការ​ជួយ​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់​អំពី​គ្រោះថ្នាក់ នៃ​ជំងឺ​អេដស៍ មេរោគ​អេដស៍។

នៅក្នុង​សិក្ខាសាលា​ស្តីពី ការត្រួតពិនិត្យ​ស្ថានភាព​ជំងឺ​អេដស៍ មេរោគ​អេដស៍ ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ជំងឺ​អេដស៍​ក្រសួង​ព័ត៌មាន​ព្រឹក​ថ្ងៃទី ២៨ ខែកុម្ភៈ​នេះ នៅ​ទីស្តីការក្រសួង​ព័ត៌មាន លោក ថាច់ ផែន រដ្ឋលេខាធិការ និង​ជា​គណៈកម្មាធិការ​អេដស៍​ក្រសួង​ព័ត៌មាន​ថ្លែងថា បើទោះជា​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អេដស៍ មេរោគ​អេដស៍​បង្ហាញថា បញ្ហា​អេដស៍​មានការ​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​យើង​កុំ​ភ្លេចខ្លួន​ឱ្យសោះ​« អេដស៍​មិនដែល​ភ្លេច​យើង​ទេ មានតែ​យើង​ទេ​ច្រើន​ភ្លេច​អេដស៍​នោះ​»​។

លោក​រដ្ឋលេខាធិការ​ក៏បាន​ជំ​រុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន​បន្តធ្វើ​ការផ្សព្វផ្សាយ​ឱ្យ​បានជា​ចាំ​ដូច​កាល​ក្រសួង​ព័ត៌មាន​ធ្លាប់ធ្វើ​កន្លងមក ដើម្បីឱ្យ​ប្រជាជន​យើង​ទូទាំងប្រទេស​យល់ដឹង​កាន់តែច្បាស់ ពី​ហានិភ័យ​ប្រកបដោយ​គ្រោះថ្នាក់ នៃ​ជំងឺ​អេដស៍ មេរោគ​អេដស៍ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ឈានទៅ​លុបបំបាត់​ឱ្យបាន​ជោគជ័យ ពី​ការឆ្លង​រាលដាល​ថ្មី ការស្លាប់ និង​ការរើសអើង​ដោយសារ​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២០២៥។

លោក ថុល ប៊ុន​ថៃ អនុប្រធាននាយកដ្ឋាន​ទទួលបន្ទុក​ផ្នែក​ផលិត​កម្មវិធី​សន្ទនា​មតិ​ផ្សាយ​វិទ្យុជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន​បានលើកឡើង​ថា លោក​នៅតែមាន​ឆន្ទៈ ក្នុងការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ជម្ងឺអេដស៍ មេរោគ​អេដស៍ ទៅដល់​ប្រជាពលរដ្ឋ​ដដែល បើទោះបី​កិច្ចការងារ​របស់​យើង​បានធ្វើ​កន្លងមក និង​កំពុង​បន្តធ្វើ​ដោយ​មិនមាន​ថវិកា​គាំទ្រ​ក្តី យើង​តែងតែមាន​ស្មារតី​ចូលរួម​ក្នុងនាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងនាម​ជា​អ្នកចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៅក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ ឬក៏​លុបបំបាត់​ជំងឺ​អេដស៍ មេរោគ​អេដស៍​នេះ ស្របតាម​ផែនការ​គោល​នយោបាយ​រ​បស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu