ភ្នំពេញ ៖ អ្នកវិនិយោគតៃវ៉ាន់ ចាញ់បោកក្រុមហ៊ុន 4 Season Construction Co.,Ltd បានមកកម្ពុជា ក្នុងបំណងស្វែងរកអន្តរាគមន៍ពីប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាពីអាជ្ញាធរកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅភ្នំពេញលោកស្រី Kuei Fang Wang តំណាងអតិថិជនតៃវ៉ាន់ ដែលចាញ់បោកគម្រោងអចលនទ្រព្យ Le Bassac របស់ក្រុមហ៊ុន 4 Season Construc tion Co.,Ltd បានលើកឡើងថា កាលពីឆ្នាំ២០១៧ មានក្រុមហ៊ុនសាងសង់តៃវ៉ាន់មួយឈ្មោះ 4 Season Construction Co.,Ltd បានមកវិនិយោគបើកគម្រោងសាងសង់ខុនដូ ឈ្មោះថា Le Bassac មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីនរោត្តម និងផ្លូវ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំបូងឡើយដោយមើលឃើញពីទីតាំងវិនិយោគរបស់គម្រោង Le Bassac នេះល្អ ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញសម្រាប់ការវិនិយោគ និងស្នាក់នៅ ទើបលោកស្រីយកគម្រោងនេះទៅបង្ហាញដល់វិនិយោគិនតៃវ៉ាន់ជាច្រើន ហើយពួកគេក៏បានចាប់អារម្មណ៍ និងយល់ព្រមទិញគម្រោងនោះជាបន្តបន្ទាប់ ព្រោះម្ចាស់ក្រុមហ៊ុននេះក៏ជាជនជាតិតៃវ៉ាន់ដូចគ្នា ពិតមែន តែគេបានចូលសញ្ជាតិជាកម្ពុជា។
លោកស្រីបន្តថា ក្នុងគម្រោងនេះ លោកស្រីបានចុះកិច្ចព្រមព្រៀងបង់ប្រាក់១០% ហើយនៅខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រីបានបន្ថែមដើមទុន ចំនួន ៥%ទៀតលើគម្រោងនេះ សរុបអស់ទឹកប្រាក់ ៦លាន ដុល្លារ។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ គម្រោង LE BASSACនេះ បានប្រារព្ធពិធីបើកការសាងសង់ជាផ្លូវការ ដែលពិធីនេះក៏មានអាជ្ញាធរក្រសួងរៀបចំដែនដីនៃប្រទេសកម្ពុជាចូលរួមផងដែរ។ ប៉ុន្តែក្រោយមករហូតមកដល់ពេលនេះ ទើបយើងបានដឹងថា ការដ្ឋានសំណង់គម្រោងនេះគ្មានសកម្មភាពដំណើរការអ្វីឡើយ ដឹងថាយើងចាញ់បោក គម្រោងនេះហើយ។ លោកស្រីបន្តទៀតថា លោកស្រីមិនចង់ទាមទារអ្វីច្រើននោះទេ សូមអោយតែក្រុមហ៊ុននោះ ប្រគល់នូវប្រាក់ដែលលោកស្រីបានបង់ទៅអោយក្រុមហ៊ុនត្រលប់មកវិញ ហើយប្រាក់សំណងជំងឺចិត្ត ដែលមានចុះកិច្ចសន្យានោះ លោកស្រីមិនចង់បាននោះឡើយ ព្រោះវាតិចតួច ហើយក៏មិនសង្ឃឹមថានឹងបានមកវិញផង។
លោកស្រី អំពាវនាវអោយវិនិយោគិនដទៃទៀតដែលកំពុងសម្លឹងមើលការបណ្ដាក់ទុននៅកម្ពុជា សូមប្រុងប្រយ័ត្នចំពោះគម្រោងអចលនទ្រព្យ ដែលមិនដឹងសាវតាច្បាស់លាស់ ជាពិសេសវិនិយោគិនមានប្រវត្តិមិនល្អ ក្នុងនោះដែរក៏សូមអោយប្រយ័ត្នចំពោះគម្រោងតៃវ៉ាន់មួយនេះផងដែរ។
លោក Lacoste Huang អ្នកវិនិយោគិនតៃវ៉ាន់មួយរូប និងជាភាគហ៊ុនិកធំនៅក្នុងគម្រោង Le Bassac ក៏បានអោយដឹងថា លោកជាម្ចាស់ក្រុមហ៊ុនសាងសង់គម្រោង Le Bassac ដែរ តែលោក ក៏ជាជនរងគ្រោះពីអំពើទុច្ចរិតនេះដែរ។
លោកថា៖« នៅក្នុងដំណើរការក្រុមហ៊ុនមួយនេះ ដោយសារតែលោកជាជនជាតិតៃវ៉ាន់ ហើយភាគីមួយទៀត ដែលជាម្ចាស់ភាគហ៊ុនដែរនោះ ក៏ជាជនជាតិតៃវ៉ាន់ ចូលសញ្ជាតិកម្ពុជា ដូច្នេះរាល់សំណុំឯកសារនានា គឺភាគីមួយទៀតជាអ្នកធ្វើ ដូច្នេះហើយទើបលោកមិនដឹងដំណើររឿងដូចគ្នានេះដែរ។ លោកបន្តថា បើទោះបីជាលោកត្រូវបានចាញ់ភាគីម្ខាងទៀត នៅកម្ពុជាក៏ដោយ ក៏លោកនៅតែមានជំនឿជាក់ និងចង់បណ្ដាក់ទុនវិនិយោគលើផ្នែកអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាដដែល ដោយមិនមានបាត់បង់ទំនុកចិត្តនោះទេ ព្រោះករណីនេះ មិនមែនជាវិនិយោគិនខ្មែរបោក គឺជាអ្នកវិនិយោគិនតៃវ៉ាន់សញ្ជាតិកម្ពុជាជាអ្នកបោកប៉ុណ្ណោះ។
អ្នកជំនាញ អចលនទ្រព្យកម្ពុជាបានលើកឡើងថា ជាទូទៅគម្រោងអចលនទ្រព្យ ១០០ មិនប្រាកដថាជោគជ័យទាំង១០០នោះទេ ក៏ប៉ុន្តែត្រូវមើលថា តើគម្រោងប៉ុន្មានភាគរយបានសម្រេច និងប៉ុន្មានភាគរយបរាជ័យ។ សម្រាប់កម្ពុជា គេឃើញថាគម្រោងអចលនទ្រព្យភាគច្រើនបានជោគជ័យ ហើយមានគម្រោងតិចតួចប៉ុណ្ណោះដែលបរាជ័យ ដូច្នេះក៏អាចចាត់ទុកថាដំណើរការវិនិយោគនៅកម្ពុជាល្អប្រសើរដែរ។ បើយោងតាមក្រុមហ៊ុនអចលនទ្រព្យ CBRE បានអោយដឹងថា នៅក្នុងឆ្នាំ ២០១៨ គម្រោងខុនដូ មានចំនួន ១៤.១៧៣យូនីត ហើយនៅឆ្នាំ ២០១៩នេះ រំពឹងថា គម្រោងខុនដូ នឹងកើនឡើងដល់ ៣១.១១២យូនីត ដែលមានកំណើន ១២០ភាគរយ៕
Source: Kampuchea Thmey Daily
0 Comments