Ad Code

ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​កុក​ចា​រ៉ា​យ​ ឃុំ​បរខាំ​ ស្រុក​អូ​រយ៉ា​ដាវ



រតនគិរី​ ៖​ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​កុក​ចា​រ៉ា​យ​ ស្ថិតក្នុង​ឃុំ​បរខាំ​ ស្រុក​អូរ​យ៉ា​ដាវ។

លោក វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​ បាន​ឲ្យ​ដឹងថា ឆ្លើយតប​ទៅនឹង សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ក្នុង​ភូមិ​តា​កុក​ចា​រ៉ា​យ ​ឃុំ​បរខាំ​ ទាក់ទង​នឹង​បញ្ជា​សុខភាព លោក​ទេសរដ្ឋមន្ត្រី លី ធុជ ​បាន​ធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ក្រុម​គ្រូពេទ្យ ចុះ​មក​ពិនិត្យ​ព្យាបាល​ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ។

លោក ប្រធាន​មន្ទីរ​សុខាភិបាល បាន​បន្តថា តាមរយៈ​ការ​មក​ពិនិត្យ​ព្យាបាល​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ​ភូមិ​ខាងលើ ​ គឺ​ភាគច្រើន ប្រជាពលរដ្ឋ​មាន​ជំងឺ​ក្អក និង​ជំងឺ​ផ្លូវ​ដង្ហើម បន្តិចបន្តួច​មិន​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះឡើយ។

លោក​ថា រយៈពេល​មួយថ្ងៃ​នេះ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ​បាន​ជាង​២០០​គ្រួសារ។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ​មានប្រសាសន៍ថា​ រាជ​រដ្ឋាភិបាល​​កម្ពុជា​ ក្រោម​ការដឹកនាំ របស់​សម្តេច ហ៊ុន សែន តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព សាធារណៈ របស់​ប្រជាពលរដ្ឋ​បើ​ប្រជាពលរដ្ឋ​មិន​មាន​សុខភាព​ល្អ​ទេ ការ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល ​ក៏​មិន​ទទួល​បាន​ជោគជ័យ​នោះ​ដែរ ​ដូច្នេះ​បញ្ហា​សុខភាព គឺជា​រឿង​សំខាន់​ ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​គិតគូរ​យកចិត្តទុកដាក់។

លោក​បន្តថា នេះ​ជា​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៩​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ​ ដែល​លោក​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​មក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។

លោក​បានស្នើ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ ពិនិត្យមើល​ជាក់ស្តែង គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ហើយ​សូម​ធ្វើលិខិត​បញ្ជាក់​ពី​ភាពក្រីក្រ​របស់​ពួកគាត់ ​ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​អាច​ទៅពិនិត្យ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដោយ​មិន​បាច់​បង់​សេវាកម្ម ជាពិសេស ត្រូវ​ចលនា​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​ចូលរួមធ្វើ​អនាម័យ​លំនៅឋាន​ឲ្យ​បាន​ស្អាត​ល្អ ព្រោះ​រដូវប្រាំង​នេះ​អាកាសធាតុ​មាន​សភាព​ក្តៅ​ខ្លាំង ជំងឺឆ្លង​ផ្សេងៗ​អាច​រាតត្បាត​បាន​គ្រប់ពេល​វេលា បើសិនជា​យើង មិនបាន​ធ្វើ អនាម័យ​នៅក្នុង​ភូមិដ្ឋាន របស់ខ្លួន​នោះទេ និង​ត្រូវ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រកាន់​គោល​ការ ៣ យ៉ាង គឺ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត។

លោក​បាន​បន្ថែម​ទៀត​ថា បើ​សហគមន៍​មូលដ្ឋាន បាន​អនុវត្តន៍ នូវ​គោល​ការ​៣​យ៉ាងនេះ មានន័យថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ចំណែក លើកកម្ពស់​សុខភាព សាធារណៈ​ក៏ដូចជា​ចូលរួម​ចំណែក ជាមួយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នោះ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu