Ad Code

ទេសរដ្ឋមន្ត្រី លី ធុជ ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​លំផាត់​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​អាច​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​នេះ



រតនគិរី ​៖​ លោក​ទេសរដ្ឋមន្ត្រី លី ធុជ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ចុះ​ជួយ​ខេត្តរតនគិរី បាន​ថ្លែង​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងស្រុក​លំផាត់​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​អាច​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​នេះ។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​​ ក្នុងឱ​កាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ សមាជិក​-​សមាជិកា ដែលជា​សាខា​បក្ស​ភូមិ សាខា​បក្ស​ឃុំ​-​ស្រុក តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សម្ព័ន្ធ​យុទ្ធជន​ស្រឡាញ់​សន្តិភាព​ទូរ​ទាំង​ស្រុក​លំផាត់​ខេត្តរតនគិរី។



លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​សូម​ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សមាជិក ​សមាជិកា​ទាំងអស់​ក្នុងស្រុក​លំផាត់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រក​សំឡេង​គាំទ្រ​ជូន​គណ​ប្រជាជន​កម្ពុជា​បាន​១០០​ភាគរយ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លង​មកនេះ។

លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ របស់​សម្តេច អគ្គ​មហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ​បានធ្វើការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ការរីកចម្រើន​ជា​បន្តទៀត។ ជាពិសេស​សម្តេច តេ​ជោ បាន​ជំរុញ​អោយ​សមាជិក សមាជិកា​ និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ត្រូវខិតខំ​បម្រើ​ប្រជាពលរដ្ឋ​អោយ​ល្អ​ជាង​មុន សកម្ម​ជាង​មុន និង​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន។

លោក​ក៏បាន​ស្នើ​ដល់​សមាជិក​ទាំងអស់​ត្រូវ​ឃោសនា ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន ដូចជា យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ដើម្បី​បង្រួបបង្រួម​ជាតិ បញ្ចប់សង្គ្រាម​ស៊ីវិល​ធ្វើ​ឲ្យ​មាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា ការពារ​ប្រទេស​កម្ពុជា​ឲ្យ​មាន សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​ទស្សនៈវិស័យ​ដ៏​ត្រឹមត្រូវ និង​វែងឆ្ងាយ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu