រតនគិរី ៖ កម្លាំងអធិការនគរបាលស្រុកបរកែវបានសហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់(វិធានញុះញង់)។
ប្រតិបត្តិការចុះបង្ក្រាបជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩កន្លងទៅ ស្ថិតក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី និងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យប្រុសស្រី៧នាក់រួមមាន ទី១-ឈ្មោះ ភៀស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិនិមិត្តឃុំអូរជ្រៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅភូមិរយឃុំកិចុង ស្រុកបរកែវខេត្តរតនគិរី។ ទី២-ឈ្មោះ ស៊ីន ស្រីនិច្ច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្នភូមិមួយ ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ សយ សី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិទ្រា ឃុំខ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្នភូមិយឺនឃុំកក់ស្រុកបរកែវខេត្តរតនគិរី។ ទី៤-ឈ្មោះ ស សំអៀង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិកាលែងឃុំកាលែង ស្រុកលំផាត់ ខេត្តរតនគិរី មានលំនៅបច្ចុប្បន្នភូមិរយ ឃុំកិចុងស្រុកបរកែវខេត្តរតនគិរី។ ទី៥-ឈ្មោះ ម៉ែន លីននា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឫស្សីឃុំឫស្សីស្រុកក្រចេះខេត្តក្រចេះ មានលំនៅបច្ចុប្បន្នភូមិរយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរីមុខរបរមិនពិតប្រាកដ។ ទី៦-ឈ្មោះ ផន ស្រីទុំ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិស្វាយប៉ោឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង មានលំនៅបច្ចុប្បន្នសង្កាត់ពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី៧-ឈ្មោះ ណាប់ រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិ៣សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីមានលំនៅបច្ចុប្បន្នភូមិរយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរីមុខរបរមិនពិតប្រាកដ។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតសម្ភារៈរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់តូច និង១កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៧គ្រឿង មិនស្គាល់ម៉ាក ម៉ូតូចំនួន២គ្រឿងសម្រាប់ជាមធ្យោបាយដឹកជញ្ជូន ហើយសម្ភារៈវិចខ្ចប់មួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments