Ad Code

បទ​អន្តរាគមន៍​របស់​ប្រមុខ​ការទូត​កម្ពុជា​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នា​ក្រុង​ហ្សឺ​ណែវ​៖​ប្រទេស​កម្ពុជា​របស់ខ្ញុំ កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក នៃ​ទស្សនៈ​ពីរ​ផ្ទុយគ្នា​ស្រឡះ ដែល​គួរ​ឲ្យ​សោកស្តាយ



ភ្នំពេញ ​៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​នៃ​ទស្សនៈ​ពីរ​ផ្ទុយគ្នា​ស្រឡះ​ដែល​គួរ​ឲ្យ​សោកស្តាយ ដោយ​មតិ​ជាច្រើន​ចាត់ទុក​ប្រទេស​កម្ពុជា​ថា ជា "​រឿង​ជោគជ័យ​" នៃ​ប្រទេស​មួយ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ តែ​ជា​អកុសល​មតិ​ខ្លះ បែរជា​មើល​ឃើញតែ​ចំណុច​ខ្វះខាត​របស់​កម្ពុជា លើ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា មាន​ប្រសាសន៍​បែបនេះ ខណៈ​ឯកឧត្ដម​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​សម័យប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ទីក្រុង​ហ្សឺ​ណែវ កាលពី​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​លើកឡើង​យ៉ាងនេះ​ថា “ ខ្ញុំ​គ្មាន​មេរៀន​អ្វី​យកមក​ចែករំលែក​ក្រៅតែពី​មេរៀន ដែល​ប្រទេស​កម្ពុជា​របស់ខ្ញុំ​បាន​ឆ្លងកាត់​នោះទេ​។ បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​របស់ខ្ញុំ កំពុង​ស្ថិតនៅលើ​ផ្លូវបំបែក​នៃ​ទស្សនៈ​ពីរ​ផ្ទុយគ្នា​ស្រឡះ​ដែល​គួរ​ឲ្យ​សោកស្តាយ​។ មតិ​ជាច្រើន​ចាត់ទុក​ប្រទេស​កម្ពុជា​ថា ជា "​រឿង​ជោគជ័យ​" នៃ​ប្រទេសមួយ ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ដុត​កម្ទេច​រាប​ដល់​ដី​ដោយ​ភ្លើងសង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ហើយ​បាន​ងើបឡើង​ពី​កម្ទេច​ផេះផង់ បាន​ផ្សះផ្សា​ក្នុងចំណោម​ប្រជាជន​របស់ខ្លួន និង​សម្រេចបាន​នូវ​ការវិវត្ត​ប្រែប្រួល​នៃ​សេដ្ឋកិច្ចសង្គម​ដ៏​ធំធេង។ ជា​អកុសល មតិ​ខ្លះ បែរជា​ចង់​ឃើញតែ​ចំណុច​ខ្វះខាត​របស់​ប្រទេស​ខ្ញុំ លើ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​ពួកគេ​ទាមទារ​ឲ្យ​មាន​លក្ខណៈ​ល្អឥតខ្ចោះ ជា​ប្រជាធិបតេយ្យ​គំរូ​មួយ ដែល​សូម្បីតែ​ប្រទេស​របស់​អ្នក​រិះគន់​យើងខ្ញុំ ក៏​មិនអាច​សម្រេចបាន​ផង​”​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀតថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៤០ នៃ​ការបញ្ចប់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ គឺជា​ឱកាស​សម្រាប់​យើង​រំលឹក​ដល់​ខ្លួនឯង និង​រំលឹក​ពិភពលោក​ថា តើ​យើង​ផ្តើមចេញ​ដំណើរ​ពី​ណា​មក​។ ក្រោយពី​កាន់អំណាច​អស់​រយៈពេល​ជិត​បួន​ឆ្នាំ ប្រជាជន​កម្ពុ​ជាជាង​២ លាន​នាក់ ក្នុងចំណោម​ចំនួន​ប្រជាជន​សរុប​៧,២ លាន​នាក់ ដែល​រស់នៅក្នុង​ឆ្នាំ​១៩៧៥ បាន​ស្លាប់​ក្នុង​ដៃ​នៃ​របប​ដ៏​ឃោរឃៅ​នេះ​។ ជនរងគ្រោះ​ទាំងនោះ ភាគច្រើន​ជា​អ្នករស់នៅ​ទីប្រជុំជន​ដែលមាន​ការអប់រំ។ នៅ​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង គ្មាន​ផ្លូវ គ្មាន​ស្ពាន គ្មាន​សាលារៀន គ្មាន​មន្ទីរពេទ្យ គ្មាន​មធ្យោបាយ​ដឹកជញ្ជូន គ្មាន​សេវា​រដ្ឋបាល គ្មាន​លុយ គ្មាន​សាសនា គ្មាន​រដ្ឋ​។ ចំណែក​ប្រជាជន​វិញ ពួកគេ​ជា​អ្នក​រស់រានមានជីវិត ដែល​បាក់ស្បាត​ស្មារតី និង​បាត់បង់​កម្លាំងកាយ ដែល​បានរស់នៅ​យ៉ាង​វេទ​នាពី​ការ​និរទេស​ខ្លួន​ជាច្រើន​ដង ហើយ​គ្មាន​សល់​អ្វី​ទាំងអស់​ក្នុង​ខ្លួន​។ អ្នក​រស់រានមានជីវិត​ទាំងនេះហើយ ដែល​រដ្ឋ​ភាគច្រើន​នៅក្នុង​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​ហ៊ុមព័ទ្ធ​ទាំងស្រុង ខណៈដែល​ពួកគេ​បានអនុញ្ញាត​អោយ​ពួក​ឃាតក​​ខ្មែរក្រហម​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​។ បណ្ដា​រដ្ឋាភិបាល​ដដែល​នេះ ដែល​បាន​ប្រៀនប្រដៅ​ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិ​ទិ្ធ​មនុស្ស គឺជា​អ្នក ដែល​បាន​ដកហូត​ពី​អ្នក​រស់រានមានជីវិត​ដែល​រួច​ផុតពី​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មួយ​នៃ​សតវត្សរ៍ នូវ​សិទ្ធិ​ទទួលបាន​ស្បៀងអាហារ សុខភាព ការអប់រំ លំនៅដ្ឋាន ការអភិវឌ្ឍ បូក​រួមទាំង​សន្តិភាព​ផង​។ ទណ្ឌ​កម្មនេះ​បានអូសបន្លាយ​អស់​រយៈកាល​១២​ឆ្នាំ​។ នេះហើយ គឺជា​ស្ថានភាព​ដែល​កម្ពុជា​បាន​ចាប់​ដំណើរ​ចេញមក។

តាម​ប្រមុខ​ការ​ទូត​កម្ពុជា សព្វថ្ងៃនេះ ប្រទេស​កម្ពុជា​ទទួលបាន​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប គឺ​ភាគច្រើន​ដោយសារតែ​សន្តិភាព និង​នយោបាយ “​ឈ្នះ​-​ឈ្នះ​” ដើម្បី​ការផ្សះផ្សា​ជាតិ​របស់​នាយករដ្ឋមន្ត្រី​យើងខ្ញុំ ប្រាំ​ឆ្នាំក្រោយ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អ​.​ស​.​ប​. នៅ​កម្ពុជា បាន​ចាកចេញ​។ ក្នុង​រយៈពេល​នៃ​ការស្តារ​ប្រទេសជាតិ​ឡើងវិញ​ប៉ុន្មាន​ឆ្នាំ​មកនេះ គ្រប់​សិទ្ធិ​ទាំងអស់​ដែលមាន​ចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ​១៩៤៨ រួមមាន សិទ្ធិ​ទទួលបាន​អាហារ ការថែរក្សា​សុខភាព ការអប់រំ វប្បធម៌ លំនៅដ្ឋាន និង​ការងារ គឺ​តែងតែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ជា​អាទិភាព​ជានិច្ច​ពី​សំណាក់​រាជរាជ​រដ្ឋាភិបាល​។ វឌ្ឍនភាព​សំខាន់ៗ​ទាំងនេះ អាច​ត្រូវបាន​បញ្ជាក់​សក្ខីកម្ម​តាមរយៈ​គ្រប់​អង្គការ​អន្តរជាតិ​ទាំងអស់​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​របស់​យើង​។ សេដ្ឋកិច្ច​របស់​យើង​បាន​កើនឡើង​ក្នុង​អត្រា​លើស ៧​ភាគរយ នៅក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍ ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​៦ នៅលើ​លោក ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​។ អត្រា​នៃ​ភាពក្រីក្រ​របស់​យើង​ត្រូវបាន​កាត់បន្ថយ​យ៉ាងគំហុក​មក​នៅក្រោម​១០​ភាគរយ ខណៈពេលដែល​អត្រា​នៃ​ការទទួលបាន​ការអប់រំ​ថ្នាក់បឋមសិក្សា​របស់​យើង​បាន​ឈាន​រហូតដល់​៩៨​ភាគរយ​។ អាយុ​សង្ឃឹម​រស់​ជា​មធ្យម​របស់​យើង​បាន​កើនឡើង​ពី​៥៤​ឆ្នាំ នៅ​ឆ្នាំ​១៩៩៣ ឡើងដល់​៦៩​ឆ្នាំ នៅ​ឆ្នាំ​២០១៦​។ ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍ កម្ពុជា​បានសម្រេច​គោលដៅ​ស្ទើរតែ​ទាំងអស់​មុន​កាលកំណត់​។ ពី​ប្រទេស​ទទួលយក​កង​រក្សា​សន្តិភាព អ​.​ស​.​ប​. កម្ពុជា​បានប្រែក្លាយ​ទៅជា​ប្រទេស​បញ្ជូន​កងកម្លាំង​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប​. ដោយបាន​បញ្ជូន​កងក​ម្លាំ​ង​ប្រមាណ​ជា​៦០០០​នាក់ ចាប់តាំងពី​ឆ្នាំ​២០០៦ ទៅកាន់​ប្រទេស​ចំនួន​៨ នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​។ ជា​អកុសល សមិទ្ធផល​ទាំងនេះ ក៏ដូចជា​សមិទ្ធផល​ដ​ទៃទៀត កម្រ​នឹង​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​នានា ដែល​ត្រូវបាន​ដាក់ជូន​ក្រុមប្រឹក្សា​នេះ ហើយ​ជា​លទ្ធផល រាជរដ្ឋាភិបាល​របស់​យើង នៅ​បន្ត​ទទួល​ដោយ​អយុត្តិធម៌​បំផុត​នូវ​ការរិះគន់​ដែល​ផ្អែកលើ​មូលដ្ឋាន​ព័ត៌មាន​លម្អៀង និង​មិន​ពេញលេញ​។ ព័ត៌មាន​របស់​ពួកគេ ត្រូវបាន​យកចេញ​ពី​ប្រភព​តែមួយ គឺ​គណបក្សប្រឆាំង និង​អង្គការ NGOs បរទេស និង​ក្នុងស្រុក​មួយចំនួន ដែល​ដើរ​តាមរបៀប​វារៈ​នយោបាយ​របស់​ពួកគេ​។ បើ​និយាយ​ពី​ភាពលម្អៀង វា​គួរតែ​ត្រូវបាន​កត់សម្គាល់ថា របាយការណ៍​ទាំងនោះ បាន​រិះគន់​យ៉ាងខ្លាំង​មកលើ​រាជរដ្ឋាភិបាល គឺ​កម្រ​នឹង​លើកឡើង​អំពី​ការអនុវត្ត​របស់​គណ​បក្សប្រឆាំង នៅពេលដែល​ទង្វើ​របស់​គណបក្សប្រឆាំង​មាន​ចេតនា និង​គោលបំណង បំពាន​ដោយ​គឃ្លើន​លើ​គុណ​តម្លៃ​នៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ តួយ៉ាង​ដូចជា ការ​បរិហាកេរ្តិ៍ និង​ការ​មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​របស់​យើង ការអំពាវនាវ​ជា​ប្រព័ន្ធ​ឱ្យមាន​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​ការប្រកាន់​ពូជសាសន៍ ការរៀបចំ​ឯកសារ​ក្លែងក្លាយ ការ​អុចអាល​ដែល​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ការ​បង្ខូច​ធម្មានុរូប​ភាព​នៃ​ស្ថាប័ន​ជាតិ និង​ការបន្ត​អំពាវនាវ​ឱ្យមាន​ការ​ងើប​បះបោរ​ពី​កងកម្លាំងប្រដាប់អាវុធ បង្ក​ជាប្រចាំ​នូវ​បរិយាកាស​មួយ ដែល​អាចបង្កើត​ឲ្យ​មាន​សង្គ្រាមស៊ីវិល​។​

ការបំពានច្បាប់​យ៉ាងធ្ងន់ធ្ងរ ដែល​កើតមាន​ដូចគ្នា​នៅ​បស្ចិមប្រទេស​មួយចំនួន គឺ​មិនត្រូវ​បានលើកឡើង​ទាល់តែសោះ​។ ឧទាហរណ៍​ជាក់ស្តែង​ដូចជា ការបំពាន​ចំពោះ​ការហាម​ប្រាម​មិនឱ្យ​មានការ​ផ្តល់​ហិរញ្ញវត្ថុ​ពី​បរទេស​ដល់​គណបក្សនយោបាយ ការបំពានច្បាប់​ស្តីពី​សមាគម ការបដិសេធ​មិន​អនុវត្តតាម​បទបញ្ញត្តិ​របស់​ប្រទេស​ដែល​បទបញ្ញត្តិ​នោះ​ត្រូវបាន​រៀបចំ​ដោយមាន​ការជួយ​គាំទ្រ​ពី​បស្ចិមប្រទេស​។ ជានិច្ចកាល របាយការណ៍​ទាំងនេះ​តែងតែ​លើកឡើងថា សេចក្តីសម្រេច​របស់​តុលាការ​របស់​យើង​គឺ “​មាន​ចរិត​នយោបាយ​” ក្នុងពេលដែល​ការ​កាត់សេចក្តី​ចំពោះ​ហេតុការណ៍​ដូចគ្នា ក្នុង​កាលៈទេសៈ​ដូចគ្នា ដោយ​តុលាការ​ប្រទេស​លោកខាងលិច នាំមក​នូវ​សេចក្តីសម្រេច​ដូចគ្នា​។​

ជាមួយគ្នា​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​នូវ​បទ​បញ្ញត្តិ​មួយចំនួន​នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ​១៩៤៨ និង​បាន​ពន្យល់ថា តើ​កម្ពុជា​បាន​គោរព​បទបញ្ញត្តិ​ទាំងនោះ​យ៉ាងដូចម្តេច ? ក្នុងពេលដែល​ប្រទេស​ជាច្រើន​ត្រូវបាន​បែកបាក់​ដោយ​ជម្លោះសាសនា នៅ​កម្ពុជា សេរីភាព​ខាង​សាសនា និង​ការរួមរស់​ដោយ​សុខសាន្ត​រវាង​អ្នក​កាន់សាសនា​ខុសគ្នា គឺជា​ការពិត​មួយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​យើង​។ អ្នក​កាន់សាសនា​គ្រិស្ត និង​អ្នក​កាន់សាសនា​ឥស្លាម​ភាគតិច មាន​វត្តមាន​ដ៏​សកម្ម និង​ទទួលបាន​ការគោរព​ដូចគ្នា​។ ចំពោះ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​យោបល់ មានការ​បកស្រាយ​ខុស​នៅ​បរទេស​អំពី​កម្ពុជា​៖ ការពិត​គឺ​យើង​មាន​កាសែត​ប្រឆាំង​ជាច្រើន​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ សៀវភៅ​ដែល​រិះគន់​ដល់​ថ្នាក់ដឹកនាំ​របស់​ប្រទេស ត្រូវបាន​ដាក់លក់​ដោយ​សេរី​នៅតាម​បណ្ណាគារ​។ ស្ថានីយ​វិទ្យុ​មួយចំនួន ដែល​ខ្លះ​ផ្សាយ​ចេញពី​បរទេស បាន​ចាក់ផ្សាយ​ព័ត៌មាន​ដែល​មានការ​លំអៀង​ជា​រៀងរាល់ថ្ងៃ​។ ការប្រើប្រាស់​បណ្តាញ​សង្គម គឺមាន​សេរីភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​។ ការអនុវត្ត​ស្មើគ្នា​លើ​កាតព្វកិច្ច​បង់ពន្ធ និង​ការគោរព​ចំពោះ​ក្រមសីលធម៌ គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់ ដែល​ពុំមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​ក៏មាន​នៅ​បណ្តា​បស្ចិមប្រទេស​ផងដែរ​។ ការរិះគន់​បែបនេះ​ពី​បស្ចិមប្រទេស គឺ​មិនចេះចប់​ទេ​។ តួយ៉ាង គឺ​ក្រោមលេស​នៃ​សិទ្ធិសេរីភាព​បញ្ចេញមតិ មាន​អ្នកខ្លះ​បាន​រិះគន់​យើង ពី​ការការពារ​ភាព​មិនអាច​បំពាន​បាន​នៃ​អង្គ​ព្រះមហាក្សត្រ​របស់​យើង​ទៀតផង​។ នៅពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង​ប្រកាស​ជា​សាធារណៈ​ថា គាត់​និង​គណបក្ស​របស់គាត់​បា​ន​ទទួល​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ប​ចេ្ច​ក​ទេស​ពី​អំណាច​បរទេស ដើម្បី​ផ្តួលរំលំ​តាមរយៈ​មធ្យោបាយ​ខុសច្បាប់ នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ស្ថាប័ន សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស​យើង​នោះទេ​។

គណៈប្រតិភូ​អូស្ត្រាលី បានលើកឡើង​ក្នុងសម័យ​ប្រជុំ​នេះ​កាលពី​ឆ្នាំមុន​ថា “​នីតិរដ្ឋ​គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានាថា គ្រប់គ្នា​គឺ​ស្មើគ្នា​ចំពោះមុខ​ប្រព័ន្ធយុត្តិធម៌​របស់​យើង​”​។ នេះ​គឺជា​គោលការណ៍​ដូចគ្នា ដែល​យើង​បាននិងកំពុង​អនុវត្ត​នៅ​ស្រុក​យើង​។ អ្វីដែល​រំខាន​នោះ គឺ​ទោះបី​ជាមាន​ភស្តុតាង​ច្បាស់លាស់​យ៉ាងណាក៏ដោយ ក៏មាន​រដ្ឋាភិបាល​បស្ចិម​ប្រទេសមួយ​ចំនួន​បាន​តវ៉ា​ដេញដោល​លើ​អង្គហេតុ ដែល​យើង​យកមក​បញ្ជាក់​អំពី​ការសម្រេចចិត្ត​នេះ​។ តាមរយៈ​ការធ្វើ​ដូច្នេះ គឺ​ពួកគេ​មាន​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​យើង នេះ​ជា​អាកប្បកិរិយា ដែល​យើង​ពិតជា​មិនអាច​ទទួលយកបាន​ទាល់តែសោះ​។

បច្ចុប្បន្ននេះ បន្ទាប់ពី​ចាត់វិធានការ​ការពារ​ទាំងនេះ យើង​បាន​ខិតខំ​ធ្វើការ​ចរចា​ជាមួយ​អ្នក​ទាំងឡាយណា​ដែល​គាំទ្រ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព ដើម្បី​ស្វែងរក​មធ្យោបាយ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​អាច​ដំណើរការ​ទៅបាន ជាមួយ​ស្ថិរភាព​នយោបាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពហុបក្ស និង​សន្តិភាព​សាធារណៈ ដើរ​ស្របគ្នា​បាន​។ ក្នុង​ស្មារតី​នេះ យើង​បាន​ចាត់វិធានការ​តាម​បញ្ញា​ត្តិ​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ទាំង ១១៨​រូប ធ្វើ​សមាហរណកម្ម​ពេញលេញ ទៅក្នុង​ជីវិត​នយោបាយ​ឡើងវិញ​។ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ហើយ​កាលពី​ថ្ងៃទី​២៩ ខែមករា កន្លងទៅ រូបខ្ញុំ​ផ្ទាល់​ក៏បាន​ផ្តួចផ្តើម​កិច្ចសន្ទនា​មួយ ដែល​នឹង​ក្លាយជា​ការសន្ទនា​ជា​ទៀងទាត់​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ផងដែរ​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ទៀតថា កាលពី​ប៉ុន្មាន​ខែ​មុន យើង​បាន​បន្ត​អាណត្តិ​២​ឆ្នាំ​ទៀត ដល់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អ​.​ស​.​ប នៅ​ទីក្រុង​ភ្នំពេញ ហើយ​កម្ពុជា គឺជា​ប្រទេស​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី ដែលមាន​យន្តការ​បែបនេះ​។ យើង​ក៏បាន​បន្ត​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច និង​អនុសាសន៍​ពី​សំណាក់​អ្នករាយការណ៍​ពិសេស​។ កាលពី​ខែ​មុន គណៈប្រតិភូ​កម្ពុជា បាន​ចូលរួម​ក្នុង​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ហើយ​បាន​យក​ឱកាស​នោះ បង្ហាញជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នូវ​វិធានការ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស​។ ខ្ញុំ​សូម​សំដែង​នូវ​អំណរគុណ​សាជាថ្មី​របស់​គណៈប្រតិភូ​យើង​ចំពោះ​ប្រទេស​ទាំងអស់ ដែល​បានផ្តល់​ឲ្យ​យើង​ដោយស្មោះ​ត្រង់​នូវ​មតិយោបល់ និង​អនុសាសន៍។

នៅ​ទីបញ្ចប់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​សាជាថ្មី​នូវ​ការអះអាង​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លោកជំទាវ មី​សែ​ល បា​ឆេ​ឡេ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប​. កាលពីពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយក៏​ប្តេជ្ញា​ការពារ​សន្តិភាព ដែល​បានមក​ដោយ​លំបាក​នេះ ជា​សន្តិភាព ដែលមាន​តម្លៃ​ធំធេង​បំផុត​ចំពោះ​ប្រជាជន ដែល​បាន​ឆ្លងកាត់​អតីតកាល​ដ៏​ខ្លោចផ្សា ដូចដែល​អ្នក​ទាំងអស់​គ្នា​បានដឹង​លឺ​យ៉ាង​ច្បាស់លាស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu