Ad Code

គំនរ​ឈើ​ស្រឡៅ កកោះ សុក្រំ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​សរុប ជិត​៥០​កំណាត់ នៅ​ស្រុក​កូន​មុំ



រតនគិរី ​៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​៣​កន្លែង​ដាច់ដោយឡែក​ពីគ្នា ដែលជា​ប្រភេទ​ឈើ​ស្រឡៅ កកោះ និង​សុ​ក្រំ មានមុខ​កាត់​ឡាំង​ឃ្លុំ​បួន​ជ្រុង ៤០.៥០.៦០ ម៉ែត្រ ប្រវែង​៣​ម៉ែត្រ ទៅដល់​៦​ម៉ែត្រ ចំនួន​៤៣​កំណាត់ ដោយ​ក្រុម​ឈ្មួញ​បាន​ដឹក​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ ក្បែរ​ក្រុមហ៊ុន​៩៥​ចាស់ ជា​យូរ​ខែ​មកហើយ ទើបតែ​ពេលនេះ​ត្រូវ​បែកការ។

​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃអាទិត្យ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។​

​ការចុះ​បង្ក្រាប​ខាងលើនេះ មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​អភិបាលរង​ស្រុក​កូន​មុំ កម្លាំង​អាវុធហត្ថ​ខេត្ត កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំងយោធា​ស្រុក កម្លាំង​អធិការនគរបាល​ស្រុក កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំផាត់ ដោយមាន​ការ​សម្របសម្រួល​ពី​លោក បូរ៉ា រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត។

មុនពេល​ចុះបង្ក្រាប សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​គំនរ​ឈើ​ជាច្រើន​កន្លែង ដែល​ក្រុម​ឈ្មួញ​បាន​យកទៅ​លាក់ទុក​ក្នុងព្រៃ​មិនទាន់បាន​ដឹក​ចេញ​ផង​។ ​​ជាមួយគ្នា​នោះ ក៏មាន​អ្នកសារព័ត៌មាន​បាន​ដើរ​ជួប​ប្រទះឃើញ​ឈើ​ទាំងនេះ​ពិតប្រាកដ​មែន ក៏​សុំ​យោបល់​ពី​ឧត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​លោក​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រចាំ​នៅ​ខេត្តរតនគិរី សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ឲ្យ​ចុះបង្ក្រាប​ភ្លាមៗ​ផងដែរ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ឈើ​ទាំងនោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ គឿង ភេទ​ប្រុស ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ស្រុក​ទាំងនោះ ចាប់បាន​ម្តងណា​ឡើយ បើ​មិនបាន​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ទេ​នោះ គេ​នឹង​ចុះបង្ក្រាប​ភ្លាម មិន​ឲ្យ​ទុក​យូរ​នោះឡើយ។

បច្ចុប្បន្ន​ឈើ​ទាំងនោះ ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំផាត់​ដឹកជញ្ជូន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​បរិ​វណ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​រង់ចាំ​ដឹក​បន្ត​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ដោយសារ​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ដឹកជញ្ជូន។

សូម​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ឈើ​ចំនួន​៤៣​កំណាត់​នេះ សមត្ថកិច្ច​មានការ​រារែក​ក្នុង​ការ​ចុះ​បង្ក្រាប ដោយ​សម្អាង​ថា ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​ឈើ​ចេញ ហើយ ដោយសារ​មាន​សម្ពាធ​ពី​ថ្នាក់លើ​ខ្លាំង ក៏​បង្ខំចិត្ត​ចុះបង្ក្រាប​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu