រតនគិរី ៖ រថយន្តតាកូម៉ាមួយគ្រឿង បើកបរក្នុងល្បឿនលឿនពេក បណ្ដាលឲ្យរេចង្កូតក្រឡាប់ខ្លួនឯង សំណាងល្អអ្នកជិះក្នុងរថយន្ត រួមទាំងតៃកុង មិនបានរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល ២និង១០ នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខចំការរបស់ឈ្មោះ វ៉ាន ឌឹក ស្ថិតនៅក្នុងភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ បាន់ មី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ ស្រុកវើនសៃ។ មូលហេតុ ដំបូងគាត់បានបើករថយន្ត ដោយមានអ្នករួមដំណើរជាមួយ ៣នាក់ ធ្វើដំណើរមកលេងមិត្តភក្តិនៅភូមិប៉ាកាឡាន់ ដោយប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូត បណ្តាលឲ្យក្រឡាប់ សំណាងមិនមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការសួរនាំឈ្មោះខាងលើ ធ្វើឲ្យគាត់ខឹងសម្បា ដល់សមត្ថកិច្ច មិនឲ្យសួរនាំ និងថតយករូបភាពឡានរបស់គាត់ទៀតផង។ បន្ទាប់មកម្ចាស់រថយន្តបានតេហៅបងប្អូនយកឡានមកអូសយកទៅផ្ទះវិញ ដើម្បីជួសជុលដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments