Ad Code

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​សំណង់​មិន​រៀបរយ ភូមិ​ក្បាល​ទំនប់​៣​ចំនួន​៣៥ ​គ្រួសារ​ ទទួល​អំណោយ​ពី​កាកបាតក្រហម​កម្ពុជា



ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​តំបន់​សំណង់​មិន​រៀបរយ ភូមិ​ក្បាល​ទំនប់​៣​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​ចំនួន ៣៥​គ្រួសារ ​បានទទួល​អំណោយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយពី​ផ្ទះ​របស់​ពួកគាត់​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃអាទិត្យ ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ពិធី​ប្រគល់​អំណោយ​នេះ​ធ្វើឡើង នា​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែមិថុនា នៅ​ទីស្នាក់ការ​ភូមិ​ក្បាល​ទំនប់​៣​ផ្លូវ​៦៥BT ក្រុមទី​៥ ភូមិ​ក្បាល​ទំនប់​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អភិបាលរង​និង អាជ្ញាធរ​ដែនដី​ជាច្រើនរូប​ទៀត​។​

អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​៣០​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ ម៉ុង​១ ភួយ​១ កំសៀវ​ទឹក​១ ចានបាយ​៥ ចាន​សម្ល​២ ស្លាបព្រា​៥ វែក​១ ចាន​កា​ធុន​១ ធុង​ទឹក​ចំណុះ​៨០​លីត្រ​១ តង់​ចំនួន​១​និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល។ បន្ទាប់​ពី​នេះ​បើ​ខ្វះខាត​អ្វី​ទៀត​អាច​ទៅ​ទំនាក់​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ សម្រាប់​ការ​ដោះស្រាយ​ប្រចាំថ្ងៃ។

លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​សម្តែង​ការសោកស្តាយ​ចំពោះ​គ្រោះ​ចង្រៃ​នេះ។ លោក​បាន​បញ្ជាក់ថា ក្នុងនាម​អាជ្ញាធរ​រាជធានី យើង​បាន​ខិតខំ​ជួយ​អន្តរាគមន៍​ខ្លាំង​ណាស់​ដើម្បី​ពន្លត់ ប៉ុន្តែ​ផ្ទះមួយ​ចំនួន​របស់បង​ប្អូន​យើង​ត្រូវ​ភ្លើង​ឆេះ​អស់។ ទាំងនេះ​គឺ​ដោយសារតែ​ឡានទឹក​របស់​យើង​ចូល​មិន​ដល់ ព្រោះតែ​ផ្លូវ​តូច​ចង្អៀត​។

លោក​ឃួ​ង ស្រេង​បន្តទៀតថា ចំពោះ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​ឯកសារ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នេះ សូម​បងប្អូន​មក​ទំនាក់ទំនង​មក​អាជ្ញាធរ អាជ្ញាធរ​មូលដ្ឋាន​របស់​យើង​នឹង​ធ្វើអោយ​បងប្អូន​យើង​ឡើងវិញ​ភ្លាម ដោយ​មិនត្រូវ​ចំណាយលុយ​មួយ​កាក់​មួយ​សេន​ឡើយ។ ដោយឡែក​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ខ្វះខាត​នូវ​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ បងប្អូន​អាច​ទៅ​ទំនាក់ទំនង​នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ឬ​ខណ្ឌ គណបក្ស​នឹង​ជួយ​ដោះស្រាយ​ជូន​បងប្អូន​ភ្លាម​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃអាទិត្យ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦៥BT ក្រុមទី​៥ ភូមិ​ក្បាល​ទំនប់​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើត​ឡើង ដោយ​បំផ្លាញ​ផ្ទះថ្ម​ចំនួន​៦​ខ្នង ផ្ទះ​ដំបូល​ស័ង្កសី និង​ផ្ទះ​ឈើ​១៤​ខ្នង​ផ្ទះ​ដំបូល​ស័ង្កសី​។ តែ​ករណី​អគ្គិភ័យ​នេះ មិនបាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​ចំនួន​២៨​គ្រឿង រួមមាន រថយន្ត​អគ្គិភ័យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ០៥​គ្រឿង​, រថយន្ត​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចំនួន ១៣​គ្រឿង​, រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង​, រថយន្ត​ស្រា​បៀរ​កម្ពុជា​០១​គ្រឿង​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង និង​រថយន្ត​ជ្រោយចង្វារ​ចំនួន​៤​គ្រឿង ទើប​រលត់ទៅវិញ ១០០​ភាគរយ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu