Ad Code

ប្រជាពលរដ្ឋ ​រស់នៅ​បុរី​ផ្ទះល្វែង​ចំការ​ល្មុត​ និង​ចំការ​ស្វាយ​ក្នុងភូមិ​តា​ង៉ូ​វ​ជាង​៤០០​គ្រួសារ​ ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ពី​អភិបាល​រាជធានី



ភ្នំពេញ ​៖ ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​អញ្ជើញ​ចុះ​មក​សំណេះសំណាល ​និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤០៧​គ្រួសារ ដែល​កំពុង​រស់នៅ​បុរី​ផ្ទះល្វែង​ចំការ​ល្មុត​និង​ចំការ​ស្វាយ​ភូមិ តា​ង៉ូ​វ ក្រោយពី​ពួកគាត់​រស់នៅ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​តាំងពី​ឆ្នាំ​២០១២​មក​។​

ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ មិថុនា​នេះ នៅក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយមាន​ការចូលរួម​ពី​អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង​លោក​ចេង មុន្នី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ រួម​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ។

លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​សុរិយោ​ដី​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បានទទួល​ប័ណ្ណកម្មសិទ្ធិ​នាពេលនេះ​មាន​ចំនួន​៤០៧​គ្រួសារ​ឬ ខ្នង​ផ្ទះ ដែល​ពួកគាត់​បាន​នឹង​កំពុង​រស់នៅក្នុង​បុរី​ផ្ទះល្វែង​ចំការ​ល្មុត​និង​ចំការ​ស្វាយ ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

លោក​បន្តថា អ្វីដែល​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើជា​ជំហាន​តំបូង​នោះ គឺ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះហើយ បងប្អូន​អាច​យក​ប័ណ្ណ​នេះ​ទៅ​ផ្ទេរ​កម្ម​សិ​ទ្ធិ​តែម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ​ឬ​បង​ប័ណ្ណ​អចលនទ្រព្យ​ចំនួន​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល តែ​កុំ​អោយគេ​រត់ការ​អោយ​។​

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​មានប្រសាសន៍​លើកឡើង​ពី​របប​ប៉ុលពត ដែល​ធ្វើអោយ​ប្រទេសជាតិ​ធ្លាក់​ដល់​ចំណុចសូន្យ ហើយ​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ ត្រូវបាន​គេ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចជាតិ​ថែមទៀត ដែល​ធ្វើអោយ​ប្រទេស​យើង​ជួប​ការលំបាក​យ៉ាងខ្លាំង​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ធ្វើអោយ​ប្រទេស​ដ៏​សែន​ខ្ទេចខ្ទាំ​មួយ​នេះ​ បាន​រួច​ចាក​ផុតពី​សង្គ្រាម ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល​ជាមួយ​ក្រុមគ្រួសារ មានការ​ងារ និង​មានមុខ​របបរ​ធ្វើ​ទៅតាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន ជាមួយនឹង​ការ​មាន​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ​។ ក្រោម​ម្លប់​សន្តិភាព ក៏បានផ្តល់​ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​, សហគមន៍ និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​​​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។ ដូច្នេះ​លោក​អភិបាល​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា ការពារ​សន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​គង់វង្ស ដោយ​យើង​ឆ្អែតឆ្អន់​ហើយ​សង្គ្រាម។

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា ទោះបី​ប្រទេសជាតិ​មាន​សន្តិភាព​១០០​ភាគរយ ប្រជាពលរដ្ឋ​រស់នៅ​ដោយមាន​ក្តី​សុខកាយ​សប្បាយចិត្ត​ហើយ​ក្តី ប៉ុន្តែ​សម្តេច​នៅតែ គិតគូរ​ដល់​ប្រជាពលរដ្ឋ​ដ​ដែល ពោល​គឺ​សម្តេច​តេ​ជោ នូវបាន​ណែនាំ​អោយ​មន្ត្រី​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ចុះ​មូលដ្ឋាន មើល​សុខទុក្ខ​ប្រជាពលរដ្ឋ មានន័យថា មន្ត្រី​ទាំងអស់​គ្មាន​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ថ្ងៃ​ឈប់សម្រាក​នោះទេ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​។​

លោក​បន្ត​ថា ជាក់ស្តែង​សម្រាប់​ថ្ងៃនេះ​ជា​ថ្ងៃអាទិត្យ ប៉ុន្តែ​មន្ត្រី រាជការ​យើង​នៅតែ​បំពេញ​ការងារ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ។ លោក​ថា ការប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​សម្បែង​នៅថ្ងៃនេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្វើ​អោយ​ស្ថានភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង ពោល​គឺ​អាច​យក​ប័ណ្ណ​កម្មសិទ្ធិ​នេះ ​ទៅ​ដា​ក់​នៅ​ធនាគារ​យក​ថវិកា​មក​ប្រើប្រាស់​រកស៊ី បង្កើន មុខរបរ​បាន​ប្រសើរឡើង​មួយកម្រិត​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu