Ad Code

អតីត​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុងស្រុក​អូរយ៉ាដាវ បន្ត​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា



រតនគិរី ​៖​ អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦០ នាក់ មកពី​ឃុំ​ប៉ា​តេ និង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដែល​កន្លងមក​ជឿ​តាម​ការ​ញុះញង់​របស់គេ​អោយ​គាំទ្រ​បក្ស ១​នេះ បាន​ស្ម័គ្រចិត្ត​សម្រេច​ចូល​រួមរស់​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​រតនគិរី​​ ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា​​ ដោយ​ពួកគាត់​បាន​យល់​ឃើញ​ថា​ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ទើប​អាច​អភិវឌ្ឍន៍​ភូមិ ឃុំ​របស់​ពួកគាត់​បាន។​

ថ្លែង​ក្នុងឱកាស​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវ​ការ​នាពេលនោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តរតនគិរី បាន​ស្វាគមន៍​ចំពោះ​ការរួមរស់​ជីវភាព​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការចូលរួម​នេះ គឺជា​ការគិត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ទាំងអស់ ដែល​ពុំបាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ក្បត់ជាតិ។​

​ជាមួយគ្នា​នោះដែរ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តរតនគិរី​រូបនេះ បន្តថា ប្រជាពលរដ្ឋ​ទាំងអស់​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍ និង​ស្ថានភាព​បច្ចុប្បន្ន គឺ​បានដឹងហើយថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​រួមរស់​ជាមួយ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះជាតិ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ។​

​បន្ថែម​ពីនេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំអោយ​ជឿ​តាម​ការ​ញុះញង់ មិន​ឲ្យ​ចេញទៅ​បោះឆ្នោត​របស់​ក្រុម​អគតិ​មួយចំនួន ដែល​ចង់យក​វេទិកា​នេះ សម្រាប់​រារាំង​ការអភិវឌ្ឍ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស្របច្បាប់ និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ទាំងអស់គ្នា​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខនេះ។​

តាមរយៈ​នៃ​ការប្រកាស​ទទួលស្គាល់​នេះ សមាជិក​ទាំងអស់ ក៏បាន​ប្តេជ្ញាចិត្ត ដើរ​តាម​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​បក្ស​ប្រជាជន​កម្ពុជា គោរព​តាម​គោលនយោបាយ​បក្ស និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦​នេះ៕

 

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu