ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុប្រធានប្រតិបត្តិទទួលបន្ទុកបេសកកម្មរោងចក្រ នៃសមាគមបានអោយដឹងថា គោលបំណងនៃសកម្មភាពមនុស្សធម៌នេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើផ្នែកសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។ លើសពីនេះសមាគមបានពង្រីកសកម្មភាពមនុស្សធម៌ឱ្យកៀកដល់បងប្អូនកម្មករកម្មការិនីរោងចក្រ និងប្រជាជនតាមសហគមន៍ក្រីក្រទូទាំងប្រទេស និងបានផ្តល់ការបណ្តុះបណ្តាលដល់សមាជិកតាមរយៈការចុះបេសកកម្មផ្ទាល់ជាមួយសមាគម និងដៃគូ និងតាមការបណ្តុះបណ្តាលជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកពីតាមបណ្តាមន្ទីរពេទ្យនានាប្រកបដោយវិជ្ជាជីវៈខ្ពស់មកព្យាបាលដល់បងប្អូននៅមូលដ្ឋានផ្ទាល់ នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋទូទៅ។
សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការពិនិត្យព្យាបាលជំងឺជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ សរុបចំនួន២,៩៣២ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យចំនួន៤០នាក់ ក្នុងនោះជំងឺទូទៅចំនួន១៣៥០នាក់ ជំងឺមាត់ធ្មេញ១២៣នាក់ ជំងឺត្រចៀកច្រមុះបំពង់ក១១២នាក់ ជំងឺភ្នែក២២៩នាក់ រោគស្ត្រី១១៥នាក់ វះកាត់តូច១៩នាក់ អេកូសាស្ត្រ៥០នាក់ ផ្នែកបេះដូង០២នាក់ ជំងឺសើស្បែក១១៥នាក់ ឫសដូងបាត៥០នាក់ ជំងឺសន្លាក់៤៤នាក់ ផ្នែកមន្ទីរពិសោធន៍៥០នាក់ និងចុះអប់រំសុខភាពតាមបន្ទប់ជួលចំនួន៣០០បន្ទប់។
ក្នុងឱកាសនោះដែរ រទះពិការចំនួន០៥ រទេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់ជនពិការទីទាល់ក្រផងដែល។
សូមរំលឹកថា លោក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា យើងមានជំនាញ និងមានបេះដូង យើងត្រូវអនុវត្តជំនាញ និងយកបេះដូងជួយដល់ប្រជាពលរដ្ឋ ព្រោះថា ការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ គឺមិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ យើងបានផ្ដល់នូវស្នាមញញឹម ក្តីសង្ឃឹម និងសុភមង្គលដល់គ្រួសារផងដែរ៕
Source: Kampuchea Thmey Daily
0 Comments