Ad Code

លោក​គ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ នៃ​កេរ្តិ៍ឈ្មោះ​ ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល ចែករំលែក​ទៅដល់​សិស្ស​ឱ្យ​ក្លាយ​ជា​មនុស្ស​មានចំណេះ​ដឹង



ពោធិ៍សាត់​ ៖ ​លោក ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៨។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា លោកគ្រូ អ្នកគ្រូ គឺជា​ឪពុកម្ដាយ​ទី​២ ដែល​បាន​បណ្ដុះបណ្ដាល​អប់រំ​មនុស្ស​ម្នាក់ៗ​ឲ្យ​ក្លាយជា​ធនធាន​ដ៏​ល្អ​សម្រាប់​គ្រួសារ​ខ្លួនឯង និង​សង្គមជាតិ ដែល​នេះ គឺជា​កិច្ច​ការសំខាន់​មិនអាច​កាត់ថ្លៃ​បាន​ព្រោះថា​ប្រទេសជាតិ​មួយ​រឹងមាំ គឺ​ដោយសារ​ប្រជាពលរដ្ឋ​រឹងមាំ ប្រជាពលរដ្ឋ​ខ្លាំងក្លា ប្រជាពលរដ្ឋ​មាន​សមត្ថភាព ចំណេះដឹង សីលធម៌​និង​គុណធម៌ ដែល​ទាំងអស់នេះ​បានធ្វើ​ឲ្យ​ប្រទេស​យើង​រីកចម្រើន​តាំងពី​យើង​បញ្ចប់សង្គ្រាម​មក​។​

តាម​លោក ហ៊ុន ម៉ា​ណែ​ត “​លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ នៃ​កេរ្តិ៍​ឈ្មោះ ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល គឺ​ចំណេះដឹង សីលធម៌ គុណធម៌ ដែល​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ ចែករំលែក​ទៅដល់​សិស្ស​រាប់រយ រាប់ពាន់នាក់​ឱ្យ​ក្លាយជា​មនុស្ស​មានចំណេះ​ដឹង​សីលធម៌ គុណធម៌ ហើយ​បាន​កសាង​អភិវឌ្ឍ​ប្រទេស ធ្វើឱ្យមាន​ការរីកចម្រើន​ដល់​ប៉ុណ្ណេះ​”​។ ជាមួយគ្នា​នោះ សូម​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ខិតខំ​ចិត្ត​យក​ទុកដាក់​នៅ​ក្នុង​ការ​កសាង​មនុស្ស​នៅក្នុង​ការ​ចែករំលែក​ចំណេះដឹង សីលធម៌​គុណធម៌ កសាង​អនាគត​របស់​មនុស្សម្នា​ក់ៗ​ឲ្យ​បាន​ច្រើន។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់​ទៅលើ​ការងារ​នេះ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ ជាក់ស្តែង​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ខ្ពស់​លើ​វិស័យ​អប់រំ​បើ​ប្រៀបធៀប នឹង​វិស័យ​ផ្សេងៗ និង​ផ្តោត​សំខាន់​លើ​ការយកចិត្តទុកដាក់​លើ​ជីវភាព​របស់លោក​គ្រូ អ្នកគ្រូ​តាមរយៈ​ការ​ដំឡើង​ប្រាក់បៀវត្ស​លោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាល​សមត្ថ​ភាព និង​បង្កើន​លទ្ធភាព​លោកគ្រូ អ្នកគ្រូ ក្នុងការ​ចែករំលែក​ចំណេះដឹង​ដល់​សិស្សានុសិស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​។ នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ជា​មោទនភាព​របស់​វិស័យ​អប់រំ​របស់​យើង​។ លោក​បន្តថា គោលនយោបាយ​និង​ចក្ខុវិស័យ​របស់​មេដឹកនាំ គឺ​សំខាន់​ណាស់ ដើម្បី​ដឹកនាំ​ប្រទេស​យើង​រីកចម្រើន​ទៅមុខ​។ ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ​បន្ត​ជឿទុកចិត្ត​អ្នក​កាន់ចង្កូត​នាវា​កម្ពុជា គឺ​គាំទ្រ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​បន្តទៅទៀត និង​យើង​រួមគ្នា​ដើម្បី​ឲ្យ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​តាម​ទិសដៅ​ដែល​ល្អ និង​ដើម្បី​ធានា​និរន្តរភាព ធានា​ការរីកចម្រើន ធានា​រួមគ្នា​ក្នុងការ​កែលម្អ​ចំណុច​អវិជ្ជមាន​និង​ពង្រឹង​ទូក​យើង​ឲ្យ​កាន់តែ​លឿន​ទៅមុខ​។​

លោក ហ៊ុន ម៉ា​ណែ​ត អះអាងថា ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង លោកគ្រូ​អ្នកគ្រូ​មានឱកាស​ប្រើ​សិទ្ធិ​របស់ខ្លួន​នៅក្នុង​ការជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។ ដូច្នេះ​សូម​លោកគ្រូ​អ្នកគ្រូ​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ដើម្បី​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​បន្តទៀត​ព្រោះថា​សិទ្ធិសេរីភាព​របស់លោក​គ្រូ​អ្នកគ្រូ មិនមែនជា​ចំណាប់ខ្មាំង​របស់​អ្នកនយោបាយ​ណាមួយ​ទេ​។ រាជរដ្ឋាភិបាល​បាន​បើក​សិទ្ធិ​ទូលំទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​សម្រាប់​ការជ្រើសរើស​មេដឹកនាំ ដោយ​មិនមាន​ការបង្ខិតបង្ខំ​ណាមួយ​ឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu