Ad Code

ក្បាលម៉ាស៊ីន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បន្តទៅ​សិក្សា​ពី​ចំណុចខ្លាំង​របស់​ក្លិប Buriram United របស់​ថៃ​



ថ្នាក់ដឹកនាំ​របស់​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត Buriram របស់​ប្រទេស​ថៃ ដើម្បី​សិក្សា​មើល​ពី​ចំណុចខ្លាំង​របស់​ក្រុម​មួយ​នេះ ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​ទាំង​កម្រិត​ក្នុងប្រទេស តំបន់​អាស៊ាន និង​ប្រចាំ​ទ្វីបអាស៊ី​។

លោក Yusuke Shinoda អ្នកចាត់ការ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​លើកឡើងថា «​ថ្នាក់ដឹកនាំ​ក្លិប​ចំនួន ៥ រូប​របស់​យើង​បាន​មក​សិក្សា​អំពី​របៀប​រៀបចំ​ការប្រកួត​នៅក្នុង​ផ្ទះ​របស់ Buriram United ដើម្បី​យកចំណេះ​នេះ​ទៅ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​របស់ អង្គ​រថា​យ​ហ្គឺ​រ​ក្នុងការ​ប្រកួត​លី​គ​កំពូល​នាពេលខាងមុខ​។ យើង​នឹង​យកចំណេះ​ដឹង​នេះ​ទៅ​រៀបចំ​ការប្រកួត​ធ្វើជា​ម្ចាស់ផ្ទះ​ដំបូង​របស់​យើង​ពេល​ជួប បឹងកេត ថ្ងៃទី ៧ មេសា ២០១៩ ខាងមុខ​នៅ​ទឹកដី​កីឡដ្ឋាន​សៀមរាប​»​។ អ្នក​ទាំង ៥ មាន​អ្នកចាត់ការ​ទូទៅ Yusuke Shinoda, Takashisa Kiyone ប្រធាន​ទីផ្សារ​, យ៉ាន់ រតនា ផ្នែក​ទីផ្សារ​, សុខ មួយ លេខាធិការ​, និង អ៊ុ ករុណា អ្នកបកប្រែ​ភាសា​ជប៉ុន​។



​សូមបញ្ជាក់​ថា ​កាល​ពី​ដើមឆ្នាំ​២០១៨ កន្លងទៅ​ប្រធាន​ក្លឹប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ Akihiro Kato និង អ្នកចាត់ការ Yusuke Shinoda បាន​នាំ​គ្នា​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Chang Arena ម្តង​មក​ហើយ ​ដើម្បី​សង្កេតមើល​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ឆ្ងាយ​ពី​រាជធានី​បាងកក មួយ​នេះ​។ បុរស​ជនជាតិ​ជប៉ុន​ទាំង​២​ជា​ផ្នែក​មួយ​ដែល​ស្វែងរក​ឱកាស យក​ក្លិប​របស់ខ្លួន​ទៅ​អភិវឌ្ឍន៍​នៅតាម​ខេត្ត​ដែល​មិន​ឈរជើង​នៅ​រាជធានី​ភ្នំពេញ​។

លោក Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ធ្លាប់​បាន​បញ្ជាក់​ជុំវិញ​អនាគត​របស់​ក្លិប​លោក​ថា​៖«៥​ទៅ​១០​ឆ្នាំ​ខាងមុខ ខ្ញុំ​ដាក់​គោលដៅ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ ក្លាយជា​ក្លិប​លេខ​១​ក្នុង​តំបន់​អាស៊ាន ហើយ​ខ្ញុំ​រំពឹងថា កីឡាករ​ទាំងអស់​នឹង​លះបង់​ខ្ពស់ ដើម្បី​សម្រេច​ទស្សនៈវិស័យ​រប​ស់​យើង​។ អង្គ​រថា​យ​ហ្គឺ​រ ចង់​ក្លាយជា​និមិត្តរូប​នៃ​ក្ដី​សុ​បិ​ន្ត ក្ដីសង្ឃឹម​និង​កម្លាំងចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​កម្ពុជា​ទាំងមូល​»​។​

​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu