ភ្នំពេញ ៖ មនុស្សចំនួន៥នាក់ ជាភ្ញៀវជួលកង់បីឥណ្ឌាជិះ តែអ្នកបើកបរមិនបានប្រុងប្រយ័ត្នណាមួយបើកលឿនផងនោះ មិនបានចាប់អារម្មណ៍ទៅរថយន្ដសណ្ដោងកុងតឺន័រវែងឈប់តាមចិញ្ចើមផ្លូវក៏បុកពីក្រោយរថយន្ដនោះ នាំឲ្យមនុស្សប្រុសស្រី៥នាក់ ដែលជិះក្នុងនោះរងរបួសធ្ងន់និងស្រាលព្រមៗគ្នា កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីទល់មុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញមុខភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្ដកុងតឺន័រខាងលើ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A -1185 ឈប់ស្របទិសលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី។ ចំណែកម៉ូតូកង់បី ឥណ្ឌា (ផាស្អាប់) ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1U-0387 បើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា ពេលមកដល់ចំណុចកើតហេតុមិនដឹងខាងកង់បីភ្លេចមើល ឬ យ៉ាងណាទើបបណ្តាលឲ្យបុកពេញទំហឹងតែម្តងបង្កឲ្យមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលព្រមៗគ្នាតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងហើយយករថយន្តកុងតឺន័រនិង ម៉ូតូកង់បីយកទៅរក្សាទុករង់ចាំដោះស្រាយថ្ងៃក្រោយ។ ជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕
Source: Kampuchea Thmey Daily
0 Comments