ក្រោយសិស្សច្បង អាំ សុវណ្ណរ៉ាត់ និងអោម ឧត្តម ដែលជាអ្នកចាំទីសំខាន់ៗប្រចាំក្រុមព្រះខ័នរាជស្វាយរៀង សមាជិកពានរង្វាន់លីគកំពូលកម្ពុជា ជាប់ពិន័យកាលពីពេលថ្មីៗ ធ្វើឱ្យអ្នកចាំទីវ័យក្មេង អ៊ឹម រិទ្ធា មានឱកាសបង្ហាញខ្លួនជាលើកដំបូងកាលពីចុងសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលក្រុមរងបរាជ័យទាំងប្រផុតប្រផើយ។
វត្តមានកីឡាករវ័យក្មេងរូបនេះពេលក្រុមព្រះខ័នរាជស្វាយរៀង ចាញ់វិសាខា ៣ទល់២ កាលពីល្ងាចថ្ងៃសៅរ៍ ទី០៩ មិថុនា កន្លងទៅលើទីលានកីឡដ្ឋានវេស្ទើនភ្នំពេញ។ លោក អ៊ិន សុខា គ្រូបង្វឹកអ្នកចាំទីប្រចាំក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈឺក្បាលបញ្ហាវិបត្តិអ្នកចាំទី ដោយរង់ចាំលទ្ធផលបណ្តឹងទៅគណៈកម្មការឧទ្ធរណ៍រឿងពិន័យកីឡាករមិនពាក់ព័ន្ធមួយចំនួនកាលពីពេលថ្មីៗ។
ការបង្ហាញខ្លួនផ្លូវការលើកដំបូងនេះយុវជន អ៊ឹម រិទ្ធា ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ស្រង់សម្តីថា ៖«សម្រាប់ការបង្ហាញខ្លួនលើកទី១នេះនៅមានអារម្មណ៍ភ័យ ព្រោះជាការប្រកួតដ៏ធំមួយ ហើយជាការប្រកួតផ្លូវការដំបូងសម្រាប់ខ្ញុំតាំងពីខ្ញុំលេងបាល់មក។ នៅតង់ទីមួយ អារម្មណ៍ខ្ញុំដូចភ័យខ្លាំង តែចូលដល់តង់ទី២ វាហាក់ធម្មតាវិញ ដូចលេងប្រកួតធម្មតាអ៊ីចឹង។ការរបូត៣គ្រាប់នេះចាត់ទុកជាបទពិសោធន៍សម្រាប់ខ្ញុំទៅថ្ងៃក្រោយទៀត ដើម្បីខ្ញុំកែប្រែ។ ពេលខ្លះដូចជាគ្រាប់ទី១អីចឹង ខ្ញុំត្រូវចាប់បាល់ បែរជាដោលចឹង ឲ្យគូប្រកួតទាត់ចោលចឹង»។
កីឡាករមានកំណើតនៅរាជធានីភ្នំពេញ ស្ដាយខ្លាំងចំពោះអ្នកចាំទីរៀមច្បងពីររូប គឺ អោម ឧត្តម និង អាំ សុវណ្ណរ៉ាត់ ដែលត្រូវអវត្តមានរយៈពេលវែង ដោយសាររងពិន័យ ប៉ុន្តែរូបគេបានតាំងចិត្តប្រឹងប្រែងហ្វឹកហាត់បន្ថែមជំនួសសិស្សច្បងរបស់ខ្លួនឲ្យបានល្អ។ សូមរំលឹកថាកីឡាករ ៨នាក់របស់ព្រះខ័នរាជស្វាយរៀង គឺកីឡាករសឿយ វិសាល, នុប តុលា, សុក សំណាង, ហួយ ផល្លីន, អោម ឧត្តម, អាំ សុវណ្ណរ៉ាត់, សារ៉េត គ្រីយ៉ា ដែលរងពិន័យជំហ៊ានដំបូងពីគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយមានកីឡាករខ្លាំងត្រូវពិន័យអោយនៅក្រៅទីលានប្រកួតរហូតដល់៣ខែនិងពិន័យជាទឹកប្រាក់ថែមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments