Ad Code

សម្តេច​ក្រឡា​ហោ​សខេង​អំពាវនាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ខិតខំ​រក​មធ្យោបាយ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍



ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បន្ថែមទៀត ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរ ខណៈ​បញ្ហា​នេះ​នៅតែ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​នោះ​។​



ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​នា​ថ្ងៃទី​៩ ខែមេសា​ឆ្នាំ​២០១៩​នេះ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​នៅតែ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​នៅឡើយ​ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍​ដោយសារតែ​វា​នៅតែ​កើនឡើង ដូច្នេះ​ក្នុងនាម​ជា​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​រក​វិធានការណ៍​ទប់ស្កាត់​បន្ថែ​ម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ​ឲ្យ​ស្ថិតនៅ​ទាប​បំផុត​។



សម្តេច​បាន​លើក​ឡើង​ថា ដូច​តាម​របាយការណ៍​លើក​មក គឺ​មួយ​ត្រីមាស​ឆ្នាំ​២០១៩​នេះ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រហូតដល់​ជាង ប្រាំ​រយ​នាក់​។ នេះ​ជា​តួលេខ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ បាន​កើតឡើង​ចំនួន ១,០៧៦​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៥១៣​នាក់ និង​របួស​ចំនួន​១,៥៩២​នាក់​។​



​យោងតាម​របាយការណ៍​បាន​បង្ហាញថា កន្លែង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​គឺ នៅ​រាជធានី​ភ្នំពេញ​ចំនួន​៩១​នាក់ ខេត្តកំពង់ស្ពឺ ចំនួន​៣៩​នាក់ និង​ខេត្ត​ព្រះសីហនុ ចំនួន ៣២​នាក់ ក្នុងនោះ ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ ស្លាប់ ចំនួន​៦​នាក់ និង​របួស​ចំនួន​១៨​នាក់​។ ប្រៀបធៀប​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើន ចំនួន​២៥៧​លើក (១,០៧៦/៨១៩​លើក​) ស្មើ​៣១%​ស្លាប់​កើន​ចំនួន​៣៣​នាក់ (៥១៣/៤៨០​នាក់​) ស្មើ​៧% និង​របួស​កើន​៣៥៨​នាក់ (១,៥៩២/១,២៣៤​នាក់​) ស្មើ​២៩%​។​

​នាឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទុកពេល​៣​ខែ​ឲ្យ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ទាំងអស់​ចូល​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​។



​លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា អ្នករត់ម៉ូតូឌុប​ប្រមាណ​ជា ៩៨​ភាគរយ​មិនទាន់​មាន​ប័ណ្ណ​បើកបរ​នៅឡើយ​នោះ​ទេ​។ លោក​បាន​អះអាង​ថា ការចាត់វិធានការ​បង្ខំ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​ទៅ​រៀន​ច្បាប់​ចរាចរណ៍ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​នេះ ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​មកពី​ការ​មិន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ក្នុង​ពេល​បើកបរ​របស់​ពួកគេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu