ស្វាយរៀង ៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅមន្ត្រីសុខាភិបាលជាច្រើនរូបនៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ទុកសុខភាពប្រជាពលរដ្ឋគឺជាកត្តាចម្បងសម្រាប់អភិវឌ្ឍធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
នៅក្នុងពិធីមានការចូលរួមពីវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តនិងអស់លោកលោកស្រីជាប្រធានមន្ទីរពេទ្យប្រតិបត្តិស្រុក ក្រុង មណ្ឌលសុខភាពនៅទូទាំងខេត្តស្វាយរៀងផងដែរ។
លោកអភិបាលរងខេត្តស្វាយរៀងរូបនេះ បានថ្លែងទៀតថា វឌ្ឍនភាពដែលមន្ទីរសុខាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ បានឆ្លុះបញ្ចាំងពីភាពកាន់តែប្រសើរឡើងនៃសុខភាពប្រជាពលរដ្ឋក្នុងនោះ រួមទាំងការគ្របដណ្តប់សេវាគាំពារសុខភាព មាតានិងទារក សុខភាពកុមារអត្រានៃការចាក់ថ្នាំបង្ការជំងឺផ្សេងៗកើនឡើងនិងអត្រាធ្លាក់ចុះនៃជំងឺ នានាព្រមទាំងការ លុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលឯកជនខុសច្បាប់ផងដែរ។
លោកតូច ប៉ូលីវ៉ាបានបញ្ជាក់ថា សមិទ្ធផល ដែលយើងសម្រេចបាន ក៏យើងនៅមានការប្រឈមជាច្រើនទៀតដែលត្រូវប្រយុទ្ធប្រឆាំង ដើម្បីធ្វើអោយវិស័យសុខាភិបាលកាន់តែមានភាពរីកចម្រើន ផ្តល់នូវជំនឿទុកចិត្តពីប្រជាពលរដ្ឋកាន់តែខ្លាំងមកលើ ប្រព័ន្ធសុខាភិបាលរបស់យើង ធ្វើឲ្យវិស័យនេះរឹតតែមានតួនាទីសកម្មថែមទៀតក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្តបានបន្តទៀតថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលបានទទួលជោគជ័យកាន់តែធំធេងថែមទៀតនោះ ទាមទារអោយមន្ទីរសុខាភិបាល ត្រូវមានកិច្ចសហការអោយឲ្យបានរលូនជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់។
ក្នុងន័យនេះ វិស័យសុខាភិបាលសាធារណៈនិងឯកជនត្រូវដើរតួនាទីជាដៃគូអភិវឌ្ឍន៍ និងប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ហើយត្រូវខិតខំលុបបំបាត់ភាពអនាធិបតេយ្យលើវិស័យនេះ ដែលជាហេតុធ្វើអោយប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនោះមន្ទីរសុខាភិបាលត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្សឲ្យបានខ្លាំងក្លាថែមទៀតនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅកៀកនឹងប្រជាពលរដ្ឋជាងគេ។ ដូច្នេះត្រូវរៀបចំបែងចែកនិងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អដើម្បីធានាថា ធនធាន មនុស្សគ្រប់កម្រិតបច្ចេកទេសសម្រាប់បម្រើវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាពនៅគ្រប់ លំដាប់បណ្តាញ សុខាភិបាលទាំងទីក្រុងនិងជនបទ៕
Source: Kampuchea Thmey Daily
0 Comments