កំពង់ស្ពឺ ៖ បច្ចុប្បន្ននៅក្នុងស្រទាប់យុវវ័យតាមមូលដ្ឋាន ត្រូវបានមើលឃើញពីសកម្មភាពខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាគ្រឿងញៀន បើទោះបីរាជរដ្ឋាភិបាលបានធ្វើសកម្មភាពផ្សព្វផ្សាយគ្រប់បណ្ដាញសារព័ត៌មានក្នុងស្រុកហើយ ក្នុងនោះមានទាំងក្រុមហ៊ុនផលិតកម្មវិធីបទចម្រៀងផ្សេងៗក៏បានផ្សព្វផ្សាយកុំឲ្យយុវវ័យប្រើប្រាស់គ្រឿងញៀនផងដែរ។
គេសង្កេតនៅតាមមូលដ្ឋាន ការប្រើប្រាស់គ្រឿងញៀនមានយុវវ័យជាច្រើនបានប្រើប្រាស់នៅសារធាតុញៀន ដែលសូម្បីតែខ្លួនគេក៏ស្ទើរមិនបានដឹងខ្លួនថាគេកំពុងប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមដែរ ហើយពេលខ្លះគេងប់ងុលដោយសារបក្សពួកបានអូសទាញដោយមិនដឹងខ្លួន។
មានយុវវ័យខ្លះមិនត្រឹមតែធ្លាក់ខ្លួនជាអ្នកញៀនថ្នាំប៉ុណ្ណោះទេ តែពួកគេបានក្លាយខ្លួនទៅជាអ្នកជួញដូរក្នុងមូលដ្ឋានយ៉ាងសកម្ម ដោយពួកគេយកលេសជីវភាពមកនិយាយ តាមពិតពួកគេបានធ្លាក់ខ្លួនដោយការភ្លេចខ្លួនដោយមិត្តភ័ក្ដិគេអូសទាញ រហូតគេដើរលើផ្លូវខុស ត្រូវតែរកវិធីរកលុយពីការជួញដូរនេះវិញដើម្បីគេបានលុយទិញថ្នាំមកសេព។
សព្វថ្ងៃសមត្ថកិច្ចលោកប្រឹងបង្ក្រាប និងចាប់ក្រុមជួញដូរ តែពេលខ្លះពេលដល់ស្ថាប័នច្បាប់ហើយទោសរបស់ពួកគេបានក្លាយមកជាអ្នករងគ្រោះដែលតម្រូវឲ្យដោះលែងវិញ ជាហេតុឲ្យក្មេងទាំងនោះមកធ្វើសកម្មភាពជាថ្មី ហើយមានបទពិសោធន៍ជាងមុនទៅទៀត ពិបាកក្នុងការបង្ក្រាប។តែថ្មីៗនេះ ស្ថាប័នតុលាការត្រូវបានគេដឹងថាក្រុមប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បើមានភស្តុតាងច្បាស់មិនអាចដោះលែងក្រោម២ឆ្នាំនោះទេ។
ក្រុមជួញដូរ ឬប្រើប្រាស់បានពង្រីកខ្លួនគ្រប់ភូមិ និងប្រើប្រាស់គ្រឿងញៀនខុសច្រើនជាមុនដោយឥឡូវពួកគេមានជាលក្ខណៈជាប្រព័ន្ធ ដែលធ្វើឲ្យអាជ្ញាធរពិបាកបង្ក្រាប ម្យ៉ាងក្រុមចែកចាយនិងជួញដូរខ្លះជាខ្សែស្រឡាយរបស់មន្ត្រីមូលដ្ឋានថែមទៀតផង ទើបព័ត៌មានខ្លះត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
បើទោះជាបែបណាក៏នៅមានមន្ត្រី ឬអាជ្ញាធរខ្លះលោកមានឆន្ទៈចង់បង្ក្រាបដែរ តែក្រុមប្រើប្រាស់ និងជួញដូរទាំងនោះល្បិចកល រហូតធ្វើឲ្យការចុះបង្ក្រាបជួបបញ្ហាដល់ខ្លួនក៏ថាបាន ដោយសារតែចាប់ភស្តុតាងគេមិនបាន។
យើងសង្កេតឃើញថា យុវវ័យដែលតែងតែធ្លាក់ខ្លួនចាញ់ឧបាយកលក្រុមជួញដូរទាំងនោះជាក្មេងមិនសូវមានការអប់រំជ្រៅជ្រះ ឬជាក្មេងមិនមានការងារធ្វើ ហើយក៏ជាក្មេងខ្ជិលច្រអូសដែលងាយអូសទាញបំផុត។ ដំបូងឡើយ ក្រុមជួញដូរគេបានអូសទាញដោយឲ្យយុវវ័យរស់នៅក្នុងភូមិធ្វើការសាកល្បងដោយមិនអស់លុយមួយរយៈ មិនកំណត់ រហូតគេដឹងថាក្មេងនោះញៀនស៊ុបហើយ ពួកគេបានបញ្ជាឲ្យយកលុយមកទិញម្តង ដោយសារញៀនរួចហើយ ពួកគេបានប្រើគ្រប់មធ្យោបាយដើម្បីរកលុយមកទិញថ្នាំពីអ្នកលក់ ដោយមានលក្ខខណ្ឌមិនឲ្យបែកការផងដែរ។ ដោយសារតែចូលដំណាក់កាលមិនខ្វះបានពួកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីបានលុយ ក្នុងនោះពួក គេបានក្លាយខ្លួនជាអ្នកប្រើប្រាស់ ហើយបង្កហិង្សាយ៉ាងធ្ងន់ធ្ងរក្នុងគ្រួសារ និងអ្នកដទៃ ក្លាយខ្លួនជាចោរកម្មក្នុងមូលដ្ឋានគួរភ័យខ្លាច រហូតអ្នកខ្លះត្រូវបានសមត្ថកិច្ចចាប់ដាក់គុកច្រវាក់ បណ្ដាលឲ្យគ្រួសារបាត់បង់កិត្តិយស ហើយប្រពន្ធ កូន ម្តាយ ឪពុក រស់នៅខ្វះខាតជីវភាព ដោយត្រូវពួកគេបំផ្លាញទ្រព្យធនស្ទើរគ្មានសល់។ កត្តាទាំងនេះបណ្ដាលមកយើងមិនយល់ដឹងអំពីគ្រឿងញៀន។
ចំពោះគ្រឿងញៀនវាបានបំផ្លាញសុខភាព បំផ្លាញសេចក្ដីថ្លៃថ្នូរ បំផ្លាញទ្រព្យសម្បត្តិ បំផ្លាញសុភមង្គល ចុងក្រោយវាបានបំផ្លាញខ្លួនយើងរហូតអស់មួយជីវិត ដូច្នេះមានតែម្យ៉ាងគត់ដែលយើងអាចជៀសបាននៅចំណុចខាងលើ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ទើបយើងគ្មានពាក្យស្តាយក្រោយ។
មានការលើកឡើងផ្ទុយគ្នារវាងអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានថា បណ្តាលមកពីកត្តាសង្គម ឬសមត្ថកិច្ចខ្វះសមត្ថភាព ពាក្យនេះខុសស្រឡះ តាមពិតកត្តាចាំបាច់បំផុត គឺយើងជាអាណាព្យាបាលកូនៗ ក្នុងសម័យជឿនលឿនត្រូវប្រកាន់ជំហរអប់រំកូនៗតាមរបៀបវិជ្ជាសាស្ត្រឲ្យពួកគេស្វែងយល់ ឬប្រៀបធៀបអ្នកដែលជាប់ពិរុទ្ធភាពខាងគ្រឿងញៀន តើវាលំបាក ដល់គ្រួសារបែបណា កុំចាំដល់ពេលសមត្ថកិច្ចបង្ក្រាបទើបស្រែកទាមទាររកយុត្តិធម៌យ៉ាងនេះយ៉ាងនោះ ខណៈកូនខ្លួនបានក្លាយជាជនសេពគ្រឿងញៀនដោយយើងមិនដឹងបាត់ទៅហើយ៕
គ្រឿងញៀនវាយលុកលើស្រទាប់យុវវ័យគួរឲ្យព្រួយបារម្ភ
0 Comments