Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជួប​សំដែង​ការគួរសម​ជាមួយ ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម



ភ្នំពេញ​ ៖ ​នៅ​រាត្រី​ថ្ងៃទី​២ ខែឧសភា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួបពិភាក្សា ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម មានប្រសាសន៍​ក្នុងនាម​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​លោក​ផ្ទាល់​ សូម​សំដែង​នូវ​ការគោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​ដឹកនាំ​គណ´​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​និង​កងទ័ព​នៃ​ប្រទេស​កម្ពុជា​អញ្ជើញ​គោរព វិញ្ញាណក្ខន្ធ លោក ឡេ ឌឹ​ក​អា​ញ់ ដែលជា​មេដឹកនាំ​ដ៏​ឆ្នើម​របស់​ប្រទេស​និង​ប្រជា​វៀតណាម​។
​ ​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​អរគុណ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ជួយ​សម្រួល​ដល់គ​ណៈ​ប្រតិភូ​កម្ពុជា​បាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់ ដែលជា​មេដឹកនាំ​កំពូល​មួយរូប​របស់​ប្រទេស​វៀតណាម​ដែលមាន​គុណបំណាច់​ជួយ​រំដោះប្រទេស កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង ការទប់ស្កាត់​មិន​ឲ្យ​វិល​ត្រឡប់មកវិញ​នៃ​របប ប៉ុល ពត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ​សម្តេច​នឹង​សរសេរ​សារ​ដ៏​មាន​សារសំខាន់​លើ​សៀវភៅ​ក្រាំងមាស​នៃ​ការចូលរួម​រំលែក​ទុក្ខ​ដើម្បី ជាការ​ជូន​ដំណើរ​ជា​លើកចុងក្រោយ​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការជួប​សន្ទនា​ជាមួយ​លោក ឡេ ឌឹ​ក​អា​ញ់ ទាំង​ក្នុងពេល​នៅ​មន្ទីរពេទ្យ​និង​ការងារ​ផ្សេងៗ​ដោយបាន​ចាត់ទុកថា​លោក ឡេ ឌឹ​ក​អា​ញ់ គឺជា​មេដឹកនាំ​កំពូល​របស់ វៀតណាម​ដែល​បាន​ជួយ​ដល់​កម្ពុជា​ទាំង​ផ្នែក​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ។

​សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​នេះ​គឺជា​លើកចុងក្រោយ​នៃ​ការអញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់ ពិសេស​ការបញ្ជាក់ ពី​ការគោរព​ស្រឡាញ់​ក្នុងនាម​ជា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាមួយ ។ សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា​វត្ត​មាន​របស់​សម្តេច​និង​គ​ណៈ​ប្រតិ ភូ​នៅពេលនេះ​គឺ​បានបញ្ជាក់​ពី​ការគោរព​ស្រឡាញ់​ពីគ្នា​ទៅវិញទៅមក ក្នុងនាម​ជា​ប្រជាជន​ដែល​ធ្លាប់តែ​ជួយ​គ្នា​ក្នុង​គ្រា​មានការ​លំបាក​ដូចគ្នា​កាល ពី​អតីតកាល ។ ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ពី​ជំនួប​ក្នុង​អាហារ​ពេលព្រឹក នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុងឱកាស​ដែល​មេដឹកនាំ​ទាំងពីរ​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។​ ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ធ្វើការ​ពិភាក្សា​ផងដែរ​ទាក់ទិន​ទៅ​នឹង​ទំនាក់ទំនង​ទ្វេភាគី​ពហុភាគី បញ្ហា​តំបន់ និង អន្តរជាតិ​ដែលមាន​ការយក ចិត្ត​ទុកដាក់​ដូចគ្នា ។​

​គួរបញ្ជាក់​ជួប​ដែរ​ថាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង គណៈប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ហាណូយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រកបដោយ​សុ​វត្ថិភាព​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធានាធិបតី​វៀតណាម​ដែល​គ្រោង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៣ ខែ ឧសភា​នេះ ។

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ​០០១ បានធ្វើ​ការចុះ​ថត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ​កាលពី​វេលា ម៉ោង​១៧​និង​១០​នាទី ក្រោម​វត្ត​មាននៃ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទា​ក់បំ​ផុតពី​លោក Nguyen Quoc Cuong អនុ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម ព្រមទាំង​វត្តមាន​អស់លោក លោកស្រី ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀត​ណា​ម​និង​ឥស្សរជន​ការទូត​រប ស់​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ជាច្រើនរូប​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ អតីត​ប្រធាន​រដ្ឋ​វៀតណាម​នៅ​អគារ បញ្ចុះសព​ផ្លូវការ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ព្រឹក​ថ្ងៃទី ៣ ឧសភា នេះ​រួចហើយ ។

​លោក ឡេ ឌឹ​ក​អា​ញ់ បានទទួល​មរណភាព ក្នុង​អាយុ​៩៩​ឆ្នាំ កាលពី​វេលាយប់​ថ្ងៃទី ២២ ខែមេសា​ឆ្នាំ​២០១៩ ដោយសារ​រោគាពាធ ៕
​ ​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu