Ad Code

ខណ្ឌ​ជ្រោយចង្វា​ហៅ​ម្ចាស់​អាហារដ្ឋាន​ប្រជុំ​ផ្សព្វផ្សាយ​ការ​សង់​សំណង់​រំលោភ​លើ​ដី​ចំណី​ទន្លេ

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​កោះហៅ​ម្ចាស់​ភោជនីយដ្ឋាន​នានា​ដែល​មាន​ទីតាំង​នៅតាម​ដង​ទន្លេមេគង្គ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វា មក​ប្រជុំ​ផ្សព្វផ្សាយ នូវ​សេចក្តី​ជូនដំណឹង ស្តីអំពី​ការ​សង់​សំណង់​រំលោភ​ដី​ចំណី​ទន្លេ​និង​សង់​ខ្ចុ​ស​បណ្តែត​ទឹក​អានាធិបតេយ្យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការបាត់បង់​សណ្តាប់ធ្នាប់​សោ​ភណ្ឌ និង​បរិស្ថាន ពិសេស​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ។


កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ ដែល​អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ ក្រោម​វត្តមាន​លោក​ហ៊ុយ​សារុន​អភិបាលរងខណ្ឌ​ជ្រោយចង្វា លោក​ធិ​ងិ​អភិបាលរងខណ្ឌ​ជ្រោយចង្វារ តំណាង​លោក​ឃ្លាំង​ហួត អភិបាលខណ្ឌ​ជ្រោយចង្វា និង​មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើន​ទៀត រួម​នឹង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ជាង​៤០​នាក់។


កិច្ចប្រជុំ​នា​ឱកាស​នោះ គឺ​ផ្តោត​សំខាន់​ចំពោះ​អាជីវករ​ដែលជា​ម្ចាស់​អាជីវកម្ម​អាហារដ្ឋាន​និង​ភោជនីយដ្ឋាន​ទាំងអស់ ដែល​មាន​ទីតាំង​នៅ​តាម​ដង​ទន្លេមេគង្គ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វា។ ព្រោះ​ដោយសារ​បច្ចុប្បន្ន នេះ​មាន​ម្ចាស់​អាហារដ្ឋាន​មួយចំនួន​បាន​សាង​សង់រោង​ជាច្រើន​នៅ​លើ​ដី​ច្រាំងទន្លេ​និង​នៅ​លើ​ខ្ចុ​ស​បណ្តែត​ទឹក​ដើម្បី​ប្រកប​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​អានាធិបតេយ្យ ដែល​រំលោភ​លើ​ដី​ចំណី​ទន្លេ​និង​នៅក្នុង​ទឹក​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សោ​ភណ្ឌ​ភាព​តាម​ដង​ទន្លេ ពិសេស​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន​ដង​ទន្លេ និង​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់ សាធារណជន​ទូទៅ ដែល​បាន​មក​កំសាន្ត​លំហែ​នៅ​ទីនោះ ដោយសារតែ​សំណង់​មិន​រៀបរយ​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ។


ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង បាន​សង្កត់ធ្ងន់​ថា ដើម្បី​ចូលរួម​កែលំអ និង​ដើម្បី​រក្សា​បាន​នូវ​សោ​ភណ្ឌ​ភាព សណ្តាប់​ធ្នាប់​របៀបរៀបរយ និង​ការពារ​នូវ​បរិស្ថាន​ការពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ  ស្របតាម​ការណែនាំ​របស់​សាលា​រា​ធានី​ភ្នំពេញ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​តម្រូវឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់ រុះរើ​សំណង់​រោង​និង​ខ្ចុ​ស​អានាធិបតេយ្យ​ទាំងអស់ ឲ្យ​អស់​ពី​ច្រាំង​និង​តាម​ដង​ទន្លេ​របស់​ខ្លួន​ចេញ​ឲ្យ​អស់​ដោយ​ទុក​រយៈពេល​១០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​១២​នេះ​តទៅ។


សេចក្តី​ជូនដំណឹង បាន​បញ្ជាក់​បន្ថែម​ថា ករណី​ដែល​អស់លោក លោកស្រី មិន​អនុវត្ត​តាម​ខ្លឹមសារ​ជូនដំណឹង​ខាងលើ​នេះ​ទេ សាលា​ខណ្ឌ​នឹង​ចុះ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល តាម​ផ្លូវ​ច្បាប់ ដោយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត ឬ​បាត់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ។


លោក ហ៊ុយ​សារ៉ុន អភិបាលរងខណ្ឌ មានប្រសាសន៍ថា ម្ចាស់​ហាង​ទាំងអស់​ត្រូវ​រុះរើ​ខ្ចុ​ស​បណ្តែត​ទឹក​ទាំងអស់​មុនគេ​ដោយ​ខ្លួនឯង​ដោយ​ទុក​រយៈពេល​១០​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃនេះ​តទៅ តែបើ​មិន​មាន​ការ​រុះរើ​ទេ អាជ្ញាធរ​ខណ្ឌ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួល​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ។


គួរ​បញ្ជាក់​ថា អាជីវកម្ម​លើ​អាហារដ្ឋាន​ដែល​រំលោភ​ច្រាំងទន្លេ​និង​ខ្ចុ​ស​លើទឹក​ទាំងអស់​មាន​ចំនួន​៥១​ទីតាំង ក្នុង​ខ្ចុ​ស​បណ្តែត​លើ​ផ្ទៃ​ទឹក​មាន​ចំនួន​១០ ទីតាំង​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះ​ចេញ​មុនគេ។


លោក ឃ្លាំង​ហួត អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ជ្រោយចង្វា​បាន​មានប្រសាសន៍​ក្រោយពី​ប្រជុំ​ចប់​ថា សំណង់​ខ្ចុ​ស ទាំងអស់​ដែល​ប៉ះពាល់​ដល់​ដី​ច​ណី​ទន្លេ​នោះ​ត្រូវ​រុះរើ​ចេញ​តាម​ការ​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ចុះ​អនុវត្ត​តាម​ច្បាប់រដ្ឋបាល​ដោយ​មិន​ទទួលខុសត្រូវ​នូវ​ការខូចខាត​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ព្រោះ​ករណីនេះ​វា​ខុស​នឹង​ច្បាប់​ទាំងស្រុង ហើយ​មិនអាច​បណ្តែតបណ្តោយ​ដូច​បច្ចុប្បន្ន​បានទេ ដោយសារតែ​សំណង់​អានាធិបតេយ្យ​មិន​រៀបរយ អាចមាន​បញ្ហា​ប្រឈម​៣ ទី​១​បញ្ហា​បរិស្ថាន ទី​២ ការ​សង់​រំលោភ​លើ​ដី​ចំណី​ទន្លេ និង​ទី​៣ គឺ​បញ្ហា​សុវត្ថិភាព របស់​ភ្ញៀវ។


លោក បាន​បញ្ជាក់​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​មាន​ឧប្បត្តិហេតុ​កើតឡើង​ដូចជា​បាក់​ច្រាំងទន្លេ​ចូលក្នុង​ទឹក​បណ្តាល​ឲ្យ​របួស​មនុស្ស ម្ចាស់​ហាង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​និង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ ដូច្នេះ​ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ក៏ដូចជា​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ ម្ចាស់​ត្រូវតែ​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្តី​ជូនដំណឹង​និង​ស្មារតី​ប្រជុំ​ថ្ងៃនេះ​កុំបី​ខាន៕


T-08-12-15-iii-full


T-08-12-15-i-full



ខណ្ឌ​ជ្រោយចង្វា​ហៅ​ម្ចាស់​អាហារដ្ឋាន​ប្រជុំ​ផ្សព្វផ្សាយ​ការ​សង់​សំណង់​រំលោភ​លើ​ដី​ចំណី​ទន្លេ

Post a Comment

0 Comments

Close Menu