ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលវេលានៃការផលិត និងប្រើប្រាស់ការថតសម្ដែងអស់រយៈពេលជាច្រើនខែកន្លងមកនោះ នៅទីបំផុតខ្សែភាពយន្តខ្មែរបែបរន្ធត់ កំប្លែង និងស្នេហាកម្សត់រឿង បិសាចគំនូរ របស់ផលិតកម្ម Red Picture ត្រូវបានបើពិធីសម្ពោធដើម្បីធ្វើការចាក់បញ្ចាំងជាផ្លូវការហើយ។ខណៈមានទស្សនិកជនជាច្រើនបាន និងកំពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសាផងនោះ។
ពិធីប្រកាសបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តរឿង បិសាចគំនូរ របស់ផលិតកម្មRed Pictureកាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ បានធ្វើឡើងនៅទីតាំងរោងកុនលេជេនTK Avenuesសាខាទួលគោក ដោយមានវត្តមានរបស់ផលិតកររួមទាំងតារាសិល្បៈប្រុស-ស្រីល្បីៗជាច្រើនរូបចូលរួមអបអរផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់លោក ឌៀប សុវណ្ណរ៉ា ដែលជាចាងហ្វាងផលិតកម្ម Red Picture បានថ្លែងនាពិធីសម្ពោធនោះថា ចំពោះរឿង បិសាចគំនូរ នេះគឺខាងផលិតកម្មបានចំណាយទុនក្នុងការផលិតអស់ជាទឹកប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារព្រោះថាក្នុងខ្សែរឿងនេះគឺប្រជុំដោយតារាសម្តែងប្រុស-ស្រីល្បីៗមានដូចជា ៖ លោក លឹម ជាឡាយ ,លោក ជា សុវណ្ណនរា ,អ្នកនាង សុខ សោម៉ាវត្តី ,កញ្ញា គៀត សុវណ្ណណាឡាង ,លោក ងួន សុបិន្ត ,ប៊ីអាយជី ព្រមទាំងតារាជាច្រើនដួងផ្សងទៀត។
ម្ចាស់ផលិតកម្ម Red Pictureលោក ឌៀប សុវណ្ណរ៉ា បានបន្តទៀតថាតាមរយៈខ្សែរឿង បិសាចគំនូរ ដែលត្រូវបានបើកការសម្ពោធចាក់បញ្ចាំងផ្លូវការនាពេលនេះគឺជាស្នាដៃទី៦ហើយ ដូច្នេះចាប់ពីពេលនេះទៅផលិតកម្ម Red Picture នឹងសម្រុកថតរឿងដុំឲ្យច្រើនដើម្បីតបតាមការចង់បានពីស្រទាប់មហា។ រឿងនេះនឹងមានការចាក់បញ្ចាំងផ្លូវការនាថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៨នៅគ្រប់រោងភាពយន្តលេជេនក្រុងភ្នំពេញ និងរោងភាពយន្តលេជេនសាខាសៀមរាបរហូតដល់ទៅចំនួន៥ Hall។
ជាមួយគ្នានេះដែរលោក ឌៀប សុវណ្ណរ៉ា ក៏បានបង្ហាញពីក្តីរំពឹងរបស់ខ្លួនថា ក្រោយពេលចាក់បញ្ចាំងនិងទស្សនាហើយនោះ នឹងធ្វើឲ្យមានការពេញចិត្តពីទស្សនិកជនព្រោះថាស្នាដៃរឿងមួយនេះក្រុមការងាររបស់ផលិតកម្មបានខិតខំសម្រិតសម្រាំងនិង ផ្ចិតផ្ចង់លើគុណភាពដើម្បីទទួលបានការគាំទ្រពីមហាជន។
សូមបញ្ជាក់ថា ផលិតកម្ម Red Pictureកន្លងមកបានស្ងប់ស្ងាត់មួយរយៈពេលលើការបញ្ចេញស្នាដៃផលិតខ្សែភាពយន្តរឿងដុំដើម្បីដាក់បញ្ចាំងនៅតាមរោងភាពយន្តបន្ទាប់ពីផលិតកម្មនេះ បានងាកទៅចាប់អារម្មណ៍ផលិតខ្សែភាពយន្តភាគដ៏មមាញឹក និងជាប់កុងត្រា។ ម្យ៉ាងទៀតគេក៏នៅចាំបានថាចំពោះខ្សែរឿងដែលផលិតកម្ម Red Pictureធ្លាប់ទទួលបានការគាំទ្រ និងល្បីខ្លាំងនោះមានដូចជារឿង ភូមិអត់មនុស្ស និងរឿង ទង់ព្រលឹង ជាដើម៕
Source: Kampuchea Thmey Daily
0 Comments