Ad Code

ទិន្នផល​សណ្ដែកសៀង ធ្លាក់ចុះ កសិករ​បារម្ភ​ថា លក់​មិន​រួច​ថ្លៃដើម



រតនគិរី​ ​៖ ​ប្រជាកសិករ​ ដែល​កំពុង​ប្រមូល​ផល​សណ្តែកសៀង មានការ​ព្រួយបារម្ភ​ខ្លាំង ពេលដែល​ទិន្នផល​ធ្លាក់ចុះ ហើយ​លក់​ចេញ​មិន​រួច​ថ្លៃដើម ដោយ​អ្នកខ្លះ​ជំពាក់​បំណុល​ធនាគារ។ បញ្ហា​ដែល​កើតឡើង​នេះ ​ត្រូវ​កសិករ​បង្ហាញថា ដោយសារតែ​ឆ្នាំនេះ​អាកាសធាតុ​មិន អំណោយផល​សម្រាប់​ដំណាំ​សណ្តែកសៀង។​

កសិករ​ឈ្មោះ​ហ៊ាង រ៉េ​ន រស់នៅ​ភូមិ​១​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី បានលើកឡើង​ក្នុងពេលដែល​គាត់​កំពុង​ប្រមូល​ផល​សណ្តែកសៀង​លើ​ផ្ទៃដី​ប្រមាណ​ជាង​៥​ហិកតា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០១៨​ថា កសិករ​ដែល​ដាំ​សណ្តែកសៀង​ទាំងអស់​នៅ​ខេត្តរតនគិរី​ក្នុង​ឆ្នាំ​២០១៨​នេះ ដាំ​ដុះ​មិនត្រូវ​តាម​ខែ ព្រោះតែ​បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នា​នៅ​ដើម​រដូវ​ដាំ​ដុះ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ដាំ​ដុះ​យឺត​ពេល រហូត​ដល់ពេល​ប្រមូល​ផល​បែរជា​ភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​សណ្តែក​ខ្លះ​ហើម ខ្លះ​រលួយ ខ្លះ​ស្កក ជាហេតុ​បង្ក​ឲ្យ​សណ្តែក​ពួកគាត់​ធ្លាក់​ទិន្នផល។​

​ពួកគាត់​ជួប​បញ្ហា​ប្រឈម​ពេល​លក់​សណ្តែក​មិន​រួច​ថ្លៃដើម​ដាំ​ដុះ និង​ជួល កម្មករ​ទេ ។ ការធ្លាក់ចុះ​ទិន្នផល​នេះ​កើតឡើង​ចំពោះ​កសិករ​ដាំ​ដុះ​សណ្តែកសៀង​រយៈពេល​២​ឆ្នាំ ជាប់ៗ​គ្នា​មកហើយ​សម្រាប់​ខេត្តរតនគិរី ។​

​កសិករ​ដដែល​បាន​អះអាងថា ទិន្នផល​សណ្តែក សៀង​ប្រសិនបើ​ល្អ​នោះ ទទួលបាន​ចន្លោះ​ពី​១,៨​តោន​ទៅ​២​តោន​ក្នុង​១​ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ពួកគាត់​ប្រមូល​ផល​បានត្រឹមតែ​៧០០​គីឡូក្រាម​ទៅ​៨០០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ហិកតា រីឯ​តម្លៃ​ប្រហាក់ប្រហែល​ឆ្នាំមុន។​

​ដោយឡែក​ឈ្មួញកណ្តាល​ ដែល​ចាំ​ប្រមូល​ទិញ​សណ្តែកសៀង​បានលើកឡើង​ថា បច្ចុប្បន្ននេះ​សណ្តែក សៀង​មានតម្លៃ​ចន្លោះ​ពី​១៦៣០​ទៅ​១៦៥០​រៀល​ក្នុង​១​គីឡូក្រាម​ទៅតាម​គុណភាព​សណ្តែក បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ទទួល​បាន​ចន្លោះ​ពី​២០០០​រៀល ទៅ​២២០០​រៀល ហើយ​ការនាំចេញ​គឺ​នាំទៅ​កាន់​ប្រទេស​វៀតណាម រីឯ​តម្លៃ​ស្រេច​តែ​លើ​ឈ្មួញ​វៀតណាម​កំណត់ ព្រោះ​នៅ​កម្ពុជា​ពុំទាន់​មាន​អ្នកបញ្ជា​ទិញ​ច្បាស់លាស់។​

​លោក សែម រឿន​ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តរតនគិរី​បាន​ទទួលស្គាល់ថា ឆ្នាំ​២០១៨​នេះ​ ការដាំដុះ​ដំណាំ​សណ្តែកសៀង​របស់​កសិករ​នៅ​ខេត្តរតនគិរី​ជួប​បញ្ហា​ប្រឈម​ប្រាកដ​មែន ដោយសារតែ​បណ្តាលមកពី​អាកាសធាតុ​មិន​អំណោយផល​សម្រាប់​ពួកគាត់​ដាំ​ដំណាំ​សណ្តែកសៀង ចំណែកឯ​កសិករ​មួយចំនួនធំ​បាន​ប្រើប្រាស់​ថ្នាំ បាញ់​ស្មៅ​ទៅលើ​ដំណាំ​សណ្តែក​លើស​កំណត់ ទើប​ធ្វើ​ឲ្យ​ជួប​បញ្ហា​ធ្លាក់ចុះ​ទិន្នផល​បែបនេះ។​

​ប្រធាន​ការិយាល័យ​រូបនេះ​បន្តថា​ ខេត្ត រតនគិរី​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ចំនួន​៤៣៣៦​ហិកតា បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មានការ​ថយចុះ​១២៨០​ហិកតា។ លោកថា ​មូលហេតុ​នៃ​ការថយចុះ​ផ្ទៃដី​ដាំ​ដុះ​សណ្តែក​សៀក​នេះ​គឺ​បណ្តា​ឆ្នាំកន្លងមក​កសិករ​ដាំ​តាម​ចន្លោះ​រង​កៅស៊ូ​និង​ចន្លោះ​រង​ស្វាយចន្ទី ហើយ​នៅ​ពេល​ដំណាំ​កសិឧស្សាហកម្ម​ទាំងនេះ​ធំ​បែកមែក​សាខា​គឺ​មិន​អាច​ដាំ​បាន​ទៀត​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu