Ad Code

រក​ឃើញ​ក្រុម​ជ័យលាភី ​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ លើ​ក​ទី​២



ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ លើ​ក​ទី​២​ ឆ្នាំ​២០១៩ ក្នុង​ក្របខ័ណ្ឌ​ប្រកួត 2-Star World Tour សម្រាប់​កីឡា​ការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ បាន​បញ្ចប់​ដោយ​ជោគជ័យ ​និង​ប្រកបដោយ​ក្តីរំភើប​រីករាយ​ក្រៃលែង​បំផុត កាលពី​ថ្ងៃទី​អាទិត្យ​ ទី​២៤ ខែ​កុម្ភៈ នៅ​ទីលាន​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់នាក់​។

កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជ័យលាភី​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដោយ​ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត​សភា​ចា​រ្យ សំ សោភាន់ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ លោក MOON YOO នាយក​ផ្នែក​ទីផ្សារ​ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័​រ​។​

បន្ទាប់ពី​ការប្រកួត​យ៉ាង​ខ្លាំង​ក្លា​ដែល​បាន​កើតឡើង ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ រវាង​ក្រុម​ក្រុម​កីឡាករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម​ដូចជា​មកពី​ប្រទេស​ជប៉ុន ឆេ​ក ថៃ សហរដ្ឋអាមេរិក ទី​ក្រង​តៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ី​ប អ៊ីស្រាអែល សិង្ហ​បុរី អាល្លឺម៉ង់ ក្រិក ស៊ុយអែត និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។​

ក្រុម​ជ័យលាភី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​កីឡាការិនី​ប្រចាំ​មណ្ឌល​ភ្នំពេញ គឺ​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស​ក្រិ​ក បន្ទាប់ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ក្រុមកីឡា​ការិនី​សហរដ្ឋ​អាម៉េរិក​២​សិត​ទល់​០ ក្នុង​លទ្ធផល​ពិន្ទុ​២១​ទល់​១៤ និង​២១​ទល់​១៧។​

ក្រុម​ជើងឯក​ក្រិ​ក​ទទួលបាន​មេដាយមាស ជាមួយនឹង​ទឹកប្រាក់​រង្វាន់​អម​ចំនួន​៤,០០០​ដុល្លារ។ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុមកីឡា​ការិនី​សហរដ្ឋ​អាម៉េរិក ជាមួយ​ទឹកប្រាក់​រង្វាន់​ចំនួន​៣,០០០​ដុលា្លរ។
​ចំពោះ​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ បាន​ទៅលើ​ក្រុមកីឡា​ការិនី​ប្រទេស​ជប៉ុន បន្ទាប់ពី​ក្រុម​នេះ​លេង​ឈ្នះ​ក្រុម​កីឡាការិនី​ប្រទេស​ថៃ ២​សិត​ទល់​១​សិត ក្នុង​លទ្ធផល​ពិន្ទុ​២៣​ទល់​២១ ,១៥​ទល់​១២ និង​១២ ទល់​២១។​ ចំណាត់ថ្នាក់​លេខ​៣​នេះ ទទួល​បាន​រង្វាន់​ទឹកប្រាក់​អម​ចំនួន​២,០០០​ដុល្លារ ។​

ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ក្របខ័ណ្ឌ FIVB World Tour ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​២០២០ ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

សូម​ជម្រាប​ថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ លើ​ក​ទី​២ ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ក្រោម​កិច្ច​សហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

កម្មវិធី​នេះ នឹង​បន្ត​ធ្វើឡើង​នៅ​ខេត្ត​បី​ទៀត និង​កម្មវិធី​ប្រគំ​តន្ត្រី​ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ប្រាំ​មួយ​ទៀត ដោយមាន​កាល​វិភាគ​ប្រកួត​ដូចខាងក្រោម ​១.​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​។ ២.ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី២ ដល់​ថ្ងៃទី​៣ ខែមីនា​។ ៣.ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​៧ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា​។ ៤.ខេត្ត​សៀមរាប នៅ​ថ្ងៃទី ២១ ដល់​ថ្ងៃទី​២៤ ខែ​មីនា។ ៥.ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី៣០ ដល់​ថ្ងៃទី​៣១ ខែមីនា​។ ៦.ខេត្តបាត់ដំបង នៅ​ថ្ងៃទី ៤ ដល់​ថ្ងៃទី​៧ ខែមេសា។ ៧.ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែមេសា​។​

កម្មវិធី 2-Star World Tour នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កីឡាការិនី និង​នៅ​ខេត្ត​សៀមរាប​សម្រាប់​កីឡាករ​ផ្នែក​បុរស​។ ​ទន្ទឹមនឹងនេះ​ផងដែរ កម្មវិធី 1-Star World Tour នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តកំពង់ស្ពឺ​សម្រាប់​កីឡាករ​ផ្នែក​បុរស និង​ខេត្តបាត់ដំបង​សម្រាប់​កីឡាការិនី​។

រង្វាន់​ទឹកប្រាក់​សរុប ​គឺ​៦០,០០០ ដុល្លារ​អាម៉េរិក ដោយ​ក្រុម​ជ័យលាភី​នីមួយៗ​ នៃ​ក្របខ័ណ្ឌ​កម្មវិធី 1-Star World Tour នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់ 5,000 ដុល្លារ​អាមេរិក​ ចំណែក​ឯ​ក្រុម​ជ័យ​លាភី​នីមួយៗ​ នៃ​ក្របខ័ណ្ឌ​កម្មវិធី 2-Star World Tour ទទួល​បាន​រង្វាន់​ទឹកប្រាក់​២៥,០០០​ដុល្លារ​អាមេរិក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu