Ad Code

ស្លាប់​បាត់បង់​ជីវិត​ពីរ​នាក់​ នៅ​នឹង​កន្លែង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ



តាកែវ​ ៖​ មាន​ជនរងគ្រោះ​រហូត​បាត់បង់​ជីវិត​២​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​នៅ​ស្រុក​ទ្រាំង​ព្រោះតែ​បើកបរ​លើស​ល្បឿន​កំណត់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ស្ថិតនៅ​ភូមិ​ព្រៃដកពរ ឃុំ​សំបូរ ស្រុក​ទាំង ខេត្ត​តាកែវ។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ​មានឈ្មោះ ទី​១​ឈ្មោះ ហេង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រឹម ឃុំ​សំបួរ ស្រុក​ទាំង ខេត្តតាកែវ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ ដែល​ជនរងគ្រោះ​បើកបរ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1CQ 8579 បើកបរ​មកពី​ទិស​ខាង​លិច​ទៅ​កើត។ ចំណែក​ភាគី​ជនរងគ្រោះ​ម្នាក់​ទៀត​មានឈ្មោះ ង៉ែត ចាន់​សុ​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រវាង​ ឃុំ​សំបួរ ស្រុក​ទាំង​ ខេត្ត​តាកែវ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ដែរ ចំណែក​ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក់​លេខ​តាកែវ 1E3625 ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទាំងសងខាង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ពួកគេ​បាន​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​នៅនឹង​កន្លែង​តែ​ម្តង​ទៅ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ចុះ​ធ្វើ​កំណត់ហេតុ​វាស់វែង​និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ទុក​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ៕ វីរៈ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu