បន្ទាយមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយរក្សាទុកសារធាតុញៀនប្រុស/ស្រីចំនួនបួននាក់ ដែលមានទាំងម្តាយ និងកូនប្រសា ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការបង្ក្រាប និងឃាត់ខ្លួន បានទាំងវត្ថុតាង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា អនុវត្តតាមផែនការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការបង្ការបង្ក្រាបបទល្មើសនានា ជាពិសេសការចរាចរការចែកចាយ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពជូនពលរដ្ឋ កម្លាំងជំនាញ នៃអធិការ បានពួនស្ទាក់ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបាន១នាក់ដំបូង ឈ្មោះ គឹម ឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត ឆែកឆេររកឃើញថ្នាំញៀនចំនួន១៩គ្រាប់ មានអក្សរWY ដែលជនសង្ស័យរុំស្គុត ពណ៌ខ្មៅ ទម្លាក់នៅក្បែរខ្លួន។ ឃាត់នៅចំណុចខាងកើតភូមិអូរកំបុត្រ ចុះពីផ្លូវជាតិលេខ៥៨ (ផ្លូវព្រំដែន) ផ្លូវចូលទៅបឹងអំពិល ចម្ងាយ២០០០ម៉ែត្រ។
ក្រោយសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនជាអ្នកដឹកជញ្ជូនចែកចាយឲ្យម្តាយក្មេកឈ្មោះ ចាន់ ទូច រស់នៅភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ហើយសុំយោបល់ឆែកឆេរនៅផ្ទះម្តាយក្មេកជនសង្ស័យ ដើម្បីស្រាវជ្រាវបន្ត លុះដល់ម៉ោង១១និង០០នាទី កម្លាំងយើងបានបន្តទៅឃាត់ខ្លួន ស្ត្រីជាម្តាយក្មេក ឈ្មោះ ចាន់ ទូច ភេទស្រី អាយុ៥១ឆ្នាំ ឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនដែលមានអក្សរWY ចំនួន៤៣គ្រាប់ ពណ៌លឿងចំនួន០២គ្រាប់ ច្រកដបកប់នៅនឹងគុម្ពចេក ចម្ងាយពីផ្ទះ៥០ម៉ែត្រ រួចបន្តស្រាវជ្រាវរកបក្ខពួករហូតដល់ម៉ោង១៣និង៣០នាទី បានបន្តឃាត់មុខសញ្ញាចែកចាយនិងប្រើប្រាស់បានចំនួន២នាក់ទៀត នៅចំណុចភូមិតាម៉ាំង ឃុំគោករមៀតរួមមាន
១/ឈ្មោះ គឹម ចាន់នូ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWY ចំនួន០៧គ្រាប់ ទុកនឹងដបកំប៉ុងជ័រ គ្រែដេកមុខផ្ទះអ៊ំស្រីឈ្មោះ មឿន(រក្សាទុកឲ្យអ៊ំស្រី ដែលអ៊ំផ្ញើទុក)ភូមិត៉ាំង ឃុំគោករមៀត។
២/ឈ្មោះ រឹត សីលា ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWY ចំនួន០៣គ្រាប់និងម្សៅក្រាមសថ្លាមួយកញ្ចប់តូច ដែលជនសង្ស័យរក្សាទុកនៅនឹងហោប៉ៅខោខាងស្តាំ។
បន្ទាប់ពីឃាត់ខ្លួនបានបន្តបន្ទាប់ បានកសាងនីតិវិធី បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការបន្តទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments